ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកាជាតិ​ចំនួន ១១ ​លាន​ដុល្លារ​ សម្រាប់​ទិញ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ (២០២១ ដល់ ២០២៣) ដើម្បី​ប្រើប្រាស់​ក្នុង​ការព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍​ និង​បង្ការការ​បង្ក​រោគ​ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ការចម្លង​មេរោគ​នេះ ខណៈ​អ្នក​ទទួល​បាន​នូវ​ការព្យាបាល​ដោយ​ឱសថ​នេះ​មាន​ចំនួន ៦១ ១៩៣ ​នាក់​។

នេះ​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការអនុវត្ត​សេចក្តី​ជូន​ដំណឹង​លេខ ២១៣ សជណ.សស ក្នុង​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​សាលា​ខេត្ដ​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ៣១ ខែសីហា​។

លោក​ថ្លែងថា សេចក្តី​ជូនដំណឹង​លេខ ២១៣ សជណ.សស គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដើម្បី​រុញ​ឱ្យ​ក្រសួង ស្ថាប័ន និង​ថ្នាក់ក្រោម​ជាតិ ធ្វើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។ លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​កញ្ចប់​ថវិកា​ឆ្លើយតប​នឹង​ជំងឺអេដស៍​កាន់តែ​រួម​តូច​ទៅៗ​។ ប៉ុន្តែ​បាន​ប្រើប្រាស់​ថវិកាជាតិ​ចំនួន​ ១១ ​លាន​ដុល្លារ​សម្រាប់​​ការចំណាយ​ទៅលើ​ការទិញ​ឱសថ​ដើម្បី​ប្រឆាំង​នឹង​មេរោគ​អេដស៍ (ARV=Antiretroviral) ​ព្យាបាល​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ និង​សម្រាប់​បង្ការ​ការចម្លង​ចំពោះ​អ្នក​ដែល​ប្រឈម​ខ្ពស់​ចំពោះ​ជំងឺ​នេះ​ក្នុង​រយៈពេល ៣ ​ឆ្នាំ គឺ​ពី​ឆ្នាំ​ ២០២១ ដល់ ២០២៣»​។

លោក​ទេសរដ្ឋមន្ដ្រី​បន្តថា ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ គឺ​ស្ថិត​នៅ​ក្នុងដំណាក់កាល​ផ្ទេរ​ការងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​។ អំណាច​គ្រប់គ្រង​គឺ​ស្ថិត​នៅ​រដ្ឋបាលខេត្ត​តែម្ដង​។ លោក​បន្តថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក៏​បាន​ដាក់បញ្ចូល​អ្នក​ជំងឺ​អេដស៍​ឱ្យ​ទទួល​បាន​បណ្ណ​ក្រីក្រ​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។

លោក ហោ ប៊ុនឡេង អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សម្រាប់​ថវិកា​ចំណាយ​ទៅលើ​ការឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​គឺ​មាន​ការធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​រហូតមក​។ កត្ដា​ធ្លាក់ចុះ​នេះ ដោយ​យោង​ទៅ​លើ​ជ័យជម្នះ​ដែល​កម្ពុជា​ទទួល​បាន​កន្លង​មក និង​ការបង្វែរ​នូវ​ថវិកា​ជំនួយ​ទៅ​ប្រើប្រាស់​លើ​វិស័យ​ផ្សេងៗ​របស់​ប្រទេស​ម្ចាស់ជំនួយ​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ឆ្នាំ​ ២០១៧ កម្ពុជា​មាន​ថវិកា​សរុប​សម្រាប់​ចំណាយ​លើ​ការឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​សរុប​ទាំង​ជាតិ និង​ជំនួយ​អន្តរជាតិ​មាន​ប្រមាណ ៥០ ​លានដុល្លារ​ ក្នុង​ ១ ​ឆ្នាំៗ​។ ប៉ុន្ដែ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​គឺ​មាន​ថវិកា​ប្រមាណ ២០ ​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​»​។

លោក​បញ្ជាក់ថា ស្ថានភាព​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅក្នុង​ឆ្នាំ​ ២០១៩ កន្លងទៅ​នៅ​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ជា ៧៣ ០០០ ​នាក់​ អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ប្រមាណ​ជា ៧៨០ ​នាក់ និង​មាន​អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍​ប្រមាណ​ជា ១ ៣០០ ​នាក់​។ ដោយឡែក​មាន​អ្នក​ទទួល​បាន​នូវ​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ចំនួន​ ៦១ ១៩៣ ​នាក់​។

លោក ប៊ុនឡេង បន្ដថា ជាទូទៅ​កម្ពុជា​អាច​និយាយ​បាន​ថា មាន​លទ្ធភាព​ក្នុង​ការបង្ការ និង​គ្រប់គ្រង​ស្ថានភាព​នៃ​ការរីករាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​បាន​ដោយ​ជោគជ័យ​។ លោក​ថា អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុង​ចំណោម​មនុស្សពេញវ័យ​ដែល​មាន​អាយុ​ពី ១៥-៤៩ ​ឆ្នាំ​បាន​ធ្លាក់ចុះ​ពី​ ១,៦% នៅក្នុង​ឆ្នាំ​ ១៩៩៨ មក​នៅត្រឹម​តែ ០,៥ % នៅ​ឆ្នាំ ២០២០៕