ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ថវិកា ៧០០ ​លាន​រៀល និង​សម្ភារ​ប្រើប្រាស់​​មួយចំនួន​បន្ថែមទៀត​ដល់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន ​៤ ​សម្រាប់​ផ្គត់ផ្គង់​ពលករ​ខ្មែរ​នៅក្នុង​អំឡុង​ពេលធ្វើ​ចត្តាឡីស័ក​បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​ថៃ ស្រប​ពេល​ដែលមាន​ពលករ​ ១២ ០៨៨ ​នាក់ ​បាន​ចូលមក​កម្ពុជា​វិញ​គិត​ចាប់ពី​ថ្ងៃទី​ ២០ ​ខែ​ធ្នូ​ ឆ្នាំមុន ដល់​ថ្ងៃទី​ ៧ ខែ​មករា ​​ឆ្នាំ​ ២០២១​។

លោកស្រី យក់សម្បត្តិ រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បន្ថែម​ថវិកា​ចំនួន​ ៧០០ ​លាន​រៀល​ ទៅ​ដល់​ខេត្ត​ចំនួន​ ៤ ក្នុងនោះ​មាន​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ខេត្ត​ចំនួន​ ៣ ​ទទួលបាន​ថវិកា​ចំនួន​ ២០០ ​លាន​រៀល លើកលែង​តែ​ខេត្ត​ឧត្តរមានជ័យ​ដែល​ទទួលបាន​ ១០០ ​លាន​រៀន​។

លើសពីនេះ​រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់នូវ​កញ្ចប់​សម្ភារ​ចំនួន​ ៨ ០០០ ​បន្ថែមទៀត​ផងដែរ​ទៅ​ដល់​ខេត្ត​ទាំង​ ៤ ​នេះ​ដោយ​ក្នុង​ ១ ​ខេត្តៗ​ទទួលបាន​ចំនួន​ ២ ០០០ ​កញ្ចប់​ សម្រាប់​ចែកជូន​ដល់​ពលករ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​»​។

ថវិកា​ និង​កញ្ចប់​សម្ភារ​ដែល​ផ្តល់ជូន​កាលពី​ថ្ងៃ​សុក្រ​គឺជា​ការផ្តល់​បន្ថែម​លើក​ទី​ ២ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​​ចំនួន​ ៦៥០ ​លាន​រៀល​ ទៅដល់​ខេត្ត​ទាំង​ ៤ ​នេះ​កាលពី​ថ្ងៃទី​ ២ ​ខែ​មករា ឆ្នាំ​ ២០២១ ​កន្លងមក​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១០ ខែ​មករា​ថា ការត្រួតពិនិត្យ​តាម​ច្រកព្រំដែន​នៃ​ប្រទេស​កម្ពុជា-ថៃ​ គឺ​បាន​អនុវត្ត​តាំងពី​ដើមឆ្នាំ​ ២០២០ ​មក​ប៉ុន្តែ​ដោយសារ​មាន​ការផ្ទុះ​ការរីករាលដាល​ខ្លាំង​នៅ​ថៃ ទើប​កម្ពុជា​ពង្រឹង​បន្ថែមទៀត​នូវ​ការត្រួតពិនិត្យ​តាម​ច្រកចូល​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​បាន​ថ្លែងថា​៖ «​ការដែល​យើង​គ្រប់គ្រង​អ្នកដំណើរ​​នេះ គឺ​យើង​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​មកទល់​ពេល​នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា​មាន​ភាពល្អប្រសើរ​ដោយ​យើង​អាច​គ្រប់គ្រង​អ្នកដំណើរ​បាន ទោះបី​ជា​មាន​អ្នកខ្លះ​បាន​លោត​ចុះ​ពី​ឡាន គេចវេះ​ខ្លះ​តែ​យើង​បាន​រកឃើញ​វិញ​ហើយ​បានដាក់​ពួកគាត់​ធ្វើ​ចត្តាឡីស័ក​បាន​ត្រឹមត្រូវ​វិញ​»​។

ជាមួយ​នេះ​ដែរ​លោកស្រី ឱ វណ្ណឌីន បាន​អំពាវនាវ​សាជាថ្មី​ដល់​ពលករ​ទាំងអស់​កុំឱ្យ​ព្យាយាម​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក​ព្រោះ​ការធ្វើ​ចត្តាឡីស័ក​នេះ​ជា​ការជួយ​ខ្លួនឯង​ផ្ទាល់ ក្រុម​គ្រួសារ និង​សហគមន៍​ដើម្បី​កុំឱ្យ​មាន​ការឆ្លង​រាលដាល​វីរុស​កូវីដ​១៩​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ណាស់​ដើម្បីឱ្យ​ពលករ​យើង​មាន​ភាពកក់ក្តៅ​ និង​មាន​ការចូលរួម​ចំណែក​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​។ ​ជោគជ័យ​ ឬ​មិន​ជោគជ័យ​អាស្រ័យ​ទៅលើ​ការចូលរួម​របស់​បងប្អូន​ពលករ​របស់​យើង​ដែល​ចូល​មកពី​ប្រទេស​ថៃ​»​។

ជាមួយ​គ្នា​នេះ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន​បានចេញ​សេចក្តី​ជូនដំណឹង​ជាបន្ទាន់​មួយ​ពី​ថ្ងៃ​ទី​ ៩ ខែ​ មករា ឆ្នាំ​ ២០២១ ឱ្យ​ពលរដ្ឋ​កម្ពុជា​បានដឹង​ពី​លក្ខខណ្ឌ​មួយចំនួន​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​។ ​

ក្នុង​នោះ​តម្រូវឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ចូល​ជប៉ុន​​តាមរយៈ​ច្រកចូល​សម្រាប់​ការស្នាក់នៅ​ (Residence Track) ​ធានា​ដោយ​ក្រុមហ៊ុន ឬ​​អង្គភាព​នានា​ត្រូវមាន​លិខិត​​បញ្ជាក់​អវិជ្ជមាន​កូវីដ​១៩ ក្នុង​រង្វង់​ ៧២ ​ម៉ោង​មុន​ចេញដំណើរ​ហើយ​ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​​ពេល​មក​ដល់​ជប៉ុន​។ លិខិត​​ដដែល​បន្តថា ក្រុមហ៊ុន​ ឬ​អង្គភាព​​ធានា​ត្រូវបំពេញ​ «​កិច្ចសន្យា​» ​ថា​​ត្រូវអនុវត្ត​វិធានការ​ទាំងនេះ ដែល​ការចំណាយ​ធ្វើតេស្ត​រក​​កូវីដ​១៩ ពេល​មក​ដល់​ជប៉ុន​ជា​​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន​។

ស្ថានទូត​ខ្មែរ​បាន​បន្តថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​ស្នាក់នៅ​​ត្រូវ​មាន​លិខិតបញ្ជាក់​អវិជ្ជមាន​​កូវីដ​១៩ ក្នុង​រង្វង់​ ៧២ ​ម៉ោង​មុនចេញ​ដំណើរ ហើយ​ត្រូវ​ធ្វើតេស្ត​​ម្ដងទៀត​ពេល​មក​ដល់​ជប៉ុន​។

ក្នុងករណី​មិនមាន​លិខិត​បញ្ជាក់​​អវិជ្ជមាន​កូវីដ​១៩​នេះ​ទេ អ្នកដំណើរ​ត្រូវ​ស្នាក់នៅ​ទីតាំង​កំណត់​​ដោយ​ប្រធាន​ស្ថានីយ​ចត្តាឡីស័ក​ជប៉ុន ហើយ​ត្រូវ​ធ្វើតេស្ត​​ម្ដង​ទៀត​នៅ​ថ្ងៃទី​ ៣​។ ​បើ​អវិជ្ជមាន​ត្រូវ​ទៅធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ​បន្ថែម​ឱ្យ​គ្រប់​ ១៤ ​ថ្ងៃ​ហើយ​ត្រូវ​ទាញយក​កម្មវិធី​ទូរស័ព្ទ​ «Covid-19Contact-Confirming Application-COCOA» ដើម្បី​តាមដាន​ការបំផ្លាស់ទី​របស់​អ្នក​ដំណើរ​។

ទាក់ទង​នឹង​បញ្ហា​កូវីដ​ ១៩​ នេះ ​កាលពី​ថ្ងៃទី​ ៩ ខែមករា ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ករណី​វិជ្ជមាន​កូវីដ​ ១៩​ មាន​ចំនួន​ ៤ ​នាក់ ​ដែល​ពួកគាត់​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​តាម​ខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​ ៥ មករា​។

ទន្ទឹមនឹង​នេះដែរ​មាន​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ចំនួន​ ៦ ​នាក់​នៅ​ខេត្ត​ប៉ៃលិន​បានជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ​ ១៩ ចំនួន​ ២ ​លើក និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​​ប៉ៃលិន​ផងដែរ​។

គិត​ត្រឹម​ថ្ងៃទី​ ១០ ​ខែ មករា ឆ្នាំ​ ២០២១ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូវីដ​ ១៩​ ចំនួន​ ៣៩១ ​នាក់ ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន​ ៣៧១ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ ២០ ​នាក់​៕