ភ្នំពេញៈ រាជរដ្ឋាភិបាល​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ដល់​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​នៅ​ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​អាហា​រូបត្ថម្ភ និង​ជំរុញ​ដល់​ការ​លូត​លាស់​កាយ​សម្បទា និង​បញ្ញា​ស្មារតី​ដល់​គ្រួសារ​ក្រីក្រ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​ ​កាល​ពី​ថ្ងៃទី​ ២៣​ ​ខែ ​មេសា។​ការ​សម្រេច​នេះ​ធ្វើ​ឡើង​​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​គាំ​ពារ​សង្គម​លើក​ទី២​ ​​ដោយ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​ ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម។​ ​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ដែល​នឹង​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​គឺ​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៃ​គ្រួសារ​ក្រីក្រ​ដែល​មាន​ប័ណ្ណស​ម​ធម៌ និង​​មាន​ប័ណ្ណ​ ​Pos​t​-​ID​ ​របស់​ក្រសួង​សុខា​ភិ​បាល​ ទោះ​បី​ជា​ស្ត្រី​នោះ​ជា​កម្មករ​និយោជិត​ក៏ដោយ។​ ​​

សេច​ក្ដី​ប្រ​កាស​នេះ​បា​ន​​ឲ្យ​ដឹង​ថា​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្រី​ក្រ​នឹង​ទ​ទួល​បា​ន​ប្រាក់ ៤០ ០០០​ រៀល​ ក្នុង​ ១ ដង​ នៅ​ពេល​មក​ពិនិត្យ​ផ្ទៃ​ពោះ ៤ ​ដង​ មុន​ពេល​​សម្រាល​កូន​។​ ​ដំណាក់​កាល​ទី២​ ​គឺ​ទទួល​បាន​ ២០០ ០០០​ រៀល​ ​ក្នុង​​ ១​ ដង​គត់​នៅ​ពេល​សម្រាល​កូន​ ​និង​ដំណាក់​កាល​ទី៣ ​ទទួល​បាន​ ៤០ ០០០ រៀល ​ក្នុង​ ១ ដង​ នៅ​ពេល​មក​ពិនិត្យ​សុខ​ភាព​ក្រោយ​ពេល​សម្រាល​កូន​ ៤ ​ដង​ និង​ ៦ ​ដង​ ចុង​ក្រោយ​នៅ​ពេល​នាំ​កូន​មក​ចាក់​ថ្នាំ​បង្ការ​​ក្នុង​ ១ ​លើក​ៗ​រហូត​ដល់​កូន​អាយុ ២ ឆ្នាំ។​

​លោក​ ​មាស​ ​សុខ​ដេរ​សាន​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ ប្រាប់​ភ្នំ​ពេញប៉ុស្ដិ៍​ថា​ ​កម្ម​វិធី​នេះ​រាជ​រដ្ឋា​ភិ​បាល​គិតគូ​រនៅ​ក្នុង​គោល​នយោ​បាយ​ដែល​បាន​សន្យា​ជា​មួយ​ប្រ​ជាពលរដ្ឋ​ ​និង​ជា​របៀប​វារៈ​​នយោបាយ​ដែល​សន្យា​ធ្វើ​សម្រាប់​អាណត្តិ​ក្រោយ​នេះ។​ ​

​លោក​ថ្លែង​ថា​៖ ​«​កម្ម​វិធី​នេះ​មិន​ធ្លាប់​មាន​​តាំង​ពី​មុន​មក​ទេ។​ និយាយ​រួម​គឺ​ជា​ការ​បំ​ពេញ​នូវ​កិច្ច​សន្យា​មួយ។​ ​ធ្វើ​ម៉េច​ដើម្បី​ឱ្យកូន​ដែល​​កើត​មក​ហ្នឹង​​គាត់​មាន​អាហា​រូប​ត្ថម្ភ​គ្រប់គ្រាន់»។​

យោង​តាម​សេចក្ដី​ប្រ​កាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុបាន​ផ្ដល់​ប្រាក់​ឧប​ត្ថម្ភ​សម្រាប់​កម្មការិនី​សម្រាល​កូន​ក្នុង​ឆ្នាំ​ ២០១៨ ចំនួន​ ៦៥ ៨៨៤ នាក់ ដែល​មាន​កូន​ចំនួន ៦៤ ៩៦៥ នាក់។

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៩ កម្ម​ការិនី​ចំនួន ១៩ ១០២ នាក់ ក៏បាន​សម្រាល​កូន​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​ដែរ​។ របប​សន្តិសុខ​សង្គម​ផ្នែ​ក​ថែ​ទាំ​សុខ​ភាព​បាន​គ្រប​ដណ្ដប់​ប្រជាជន​ចំនួន ​២ ០២៤ ៣៤០ នាក់​ រួមទាំង​កម្មករ និយោជិត​ អតីត​មន្ត្រី​រាជការ​និង​អតីត​យុទ្ធជន​ពិការ។

​លោក​ស្រី​ ​រស់​ ​សុភាព​ ​នាយិ​កា​អង្គ​ការ​យេន​ឌ័រ​ និង​អភិ​វឌ្ឍន៍​ដើម្បី​កម្ពុជា (GADC)​ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ ​ប្រាក់​ឧបត្ថម្ភ​នេះ​បើ​មើល​ជា​ទូទៅ​ឃើញ​ថា​ល្អ ​ដោយ​សារ​ការ​យក​​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិ​បាល​ទៅ​ដល់​ស្ត្រី​ដែល​សម​ស្រប​ទៅ​នឹង​គោល​នយោ​បាយ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​លើ​ការ​ថែទាំ​​សុខភាព​ស្ត្រី ​និង​កុមារ។

លោក​ស្រី​ ​សុភាព​ បាន​អះអាង​ថា នៅ​តែ​បារម្ភ​ថា​ ​បើក​ម្ម​វិធី​នេះ​ដំណើរ​ការ​នោះ​តើ​ស្រ្តី​ទាំង​នោះ​នឹង​ប្រើ​ប្រាស់​ថវិកាបាន​ត្រឹម​ត្រូវ​ក្នុង​របប​ចំ​ណី​អាហារ​នោះ​ទេ​ បើ​សិន​ជា​គ្រួសារ​នោះ​ មាន​អំ​ពើ​ហិង្សា ​ផឹក​ស្រា​និង​ជាប់​បំណុល។

លោក​​ស្រី​ថ្លែ​ង​ថា​៖​ «​គ្រាន់​តែ​យោ​បល់​ខ្ញុំ​ទេ ​ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិ​បាល​យក​ប្រាក់​ឧបត្ថ​ម្ភ​នេះ​ទៅ​ពង្រឹង​សេវា​សុខ​ភាព​នៅ​តាម​មណ្ឌល​សុខ​ភាព​វិញ​នឹង​អាច​ទទួល​បាន​ផល​ល្អ ​ដោយសារ​មណ្ឌល​សុខ​ភាព​នៅ​ទូ​ទាំង​ប្រទេស ​កម្ពុជា ​មិន​ទាន់​បាន​ផ្តល់​ឱ្យ​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​ទេ ​ដូច​ជា​នៅ​ខ្វះ​បុគ្គលិក​ និង​ថ្នាំ»៕