ភ្នំពេញ: រាជ​រដ្ឋា​ភិបាល​បា​នស​ម្រចចេញ​អនុ​ក្រឹត្យ​មួយ​ ស្ដីពី «កា​រចុះ​បញ្ជី​ផ្ដល់​បណ្ណ​សម្គាល់​យាន​ជំនិះ​ និង​បំពាក់​ស្លាកលេខ​សម្គាល់​យាន​ជំនិះ»​ ដែល​មាន​ចំនួន​ ៨ ​ជំពូក​និង​ ៣៦​ មាត្រា​ទៅតា​ម​ការ​ស្នើរ​បស់​ក្រសួង​សា​ធា​រណការ​ និង​ដឹកជញ្ជូន​ខណៈ​ក្នុង​មាត្រា​ ២២​ បាន​ផ្ដល់សិទ្ធិ​ដល់​អ្នក​ដែល​ចង់​ប្ដូរ​យានយន្ដ​ថ្មី​អាច​សុំ​រក្សា​ស្លាក​លេខ​​ចាស់​របស់​ខ្លួន​បាន។

តាម​អនុ​ក្រឹត្យ​ដែល​ចុះ​ហ​ត្ថ​លេ​ខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ៣ ខែមិថុនា​​ ត្រង់​មាត្រា ២២ នៃ​ជំពូក​ទី៣ បាន​ចែងថា «​ម្ចា​ស់​កម្ម​សិទ្ធិ​យាន​ជំនិះ ​មាន​សិទ្ធិ​ស្នើសុំ​រក្សា​លេខ​ចុះ​បញ្ជី​យាន​ជំនិះ ​ដែល​កំពុង​ប្រើ​ប្រាស់​សម្រាប់​ចុះ​បញ្ជី​លើ​យា​ន​ជំនិះ​ថ្មី​របស់​ខ្លួន​បាន​ស្រប​តាម​បែបបទ​ និង​នីតិវិធី​នៃ​ការ​ចុះប​ញ្ជី​យាន​ជំនិះ ​ការផ្តល់​ស្លាក​លេខ​សម្គាល់ យាន​ជំនិះ ​និង​ការ​លុប​ចេញ​ពី​បញ្ជី​យាន​ជំនិះ ​និង​ត្រូវ​បង់​កម្រៃ​សេវា​សាធា​រណៈ ដែល​​កំណត់​ដោយ​ប្រ​កាស​អន្ត​រក្រសួង រវាង​រដ្ឋ​មន្ត្រី​ក្រសួ​ង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន»។

នៅ​ក្នុង​អនុក្រឹ​ត្យ​ថ្មី​នេះ ក៏បាន​បញ្ជាក់​ពី​កា​រអនុញ្ញាត​ឲ្យ​ម្ចាស់​យាន​ជំនិះ​អាចធ្វើ​ស្លាកលេ​ខ​ពិសេស​ទៅ​តាម​ការ​ចង់​បាន​ រប​ស់​ខ្លួន។ ស្លាក​លេខ​ពិសេស​នេះគឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរឬ​លេខ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន ហើយក៏​អាច​យក​​ស្លាកលេខ​នេះ ទុក​ប្រើប្រាស់​ពេញ​មួយ​ជីវិត​បាន​ដែរ។

អនុក្រឹត្យ​បាន​បញ្ជាក់​ថា៖ «ស្លាក​លេខ​យាន​យន្ត​ពិសេស​នេះត្រូវ​សរ​សេរ​អក្សរ​ខ្មែរ​បញ្ជាក់​ថា «កម្ពុជា» ពី​ខាង​លើ ហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះ​បញ្ជី​មាន​លេខ​ឬ/និង​អក្សរ​ឡាតាំ​ង​មិន​លើស​ពី​ ៨ ​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡា​តាំ​ង​ «CAM​BODIA» នៅ​ពី​ក្រោម​បន្ទាត់​ផ្តេក»។

លោក ហ៊ាង​ សុទ្ធាយុត្តិ​ អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សារធារណៈ នៃ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា អនុក្រឹត្យ​នេះ វា​មាន​វិសាលភាព​គ្រប់គ្រង​អត្ដសញ្ញាណ​យានយន្ត​រួម​មាន ផ្លាកលេខ និង​បណ្ណ​សម្គាល់ ហើយ​ផ្លាកលេខ និង​បណ្ណ​សម្គាល់ វា​ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​លេខ​តួរ​យានយន្ត​ដែរ ដើម្បី​ងាយ​ស្រួល​ដល់​ស្វែករក​ប្រភព​យានយន្ត។ អនុក្រឹត្យ​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​ម្ចាស់​យានយន្ត​អាច​ជ្រើសរើស​លេខ ឬ​អក្សរ ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ផ្ទាល់។

លោក​បន្តថា៖ «លេខ​ពិសេស​ផ្ទាល់​ខ្លួន​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ម្ចាស់​យានយន្ត​ដែល​គាត់​ទិញ​ផ្លាកលេខ​ហ្នឹង​ទៅ​ហើយ អាច​រក្សា​លេខ​នោះ​ទុក ដើម្បី​នៅ​ថ្ងៃ​ក្រោយ បើ​គាត់​ចង់​បំពាក់​ទៅ​លើ​យានយន្ត​ថ្មី​ទៀត ប៉ុន្ដែ​លោក​សួរ​ខ្ញុំ​ថា អាហ្នឹង​គ្រប់គ្រង​មិច​បាន? ចំណុច​នេះ យើង​កំពុង​រៀបចំ​ប្រកាស​នីតិវិធី​ដែល​ធានា​ឲ្យ​បាន​នូវ​ការ​គ្រប់គ្រង់​បាន ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​ការផ្ទៀត​ផ្ទាត់​ទិន្ន័យ​គល់​បញ្ជី​យានយន្ត​ជា​សាធារណៈ មាន​បំពាក់ QR Code លើ​ផ្លាកលេខ និង​កាតគ្រី។ តែ​ការ​បង្ហាញ​ព័ត៌មាន​នេះ គឺ​បាន​រក្សា​ជា​សម្ងាត់​នូវ​ព័ត៌មាន​ឯកជន​ភាព​របស់​ម្ចាស់​រថយន្ត​ហើយ។ នីតិវិធីថ្មី​នេះ​ក៏​នឹង​ពង្រឹង​ការ​ប្រមូល​ចំណូល​ជូន​រដ្ឋ​អោយ​បាន​ទ្វេដង និង​ផ្តល់​ជម្រើស រហូត​ដល់ ៦,៧ ទ្រីលាន (លាន លាន) ឯណោះ ក្នុង​ការ​ជ្រើសរើស​ផ្លាកលេខ​រថយន្ត ដែល​ខ្លួន​ស្រឡាញ់។

លោក​បន្ថែម​ថា ក្រោម​ការ​ដឹកនាំ របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្លាកលេខ​ពិសេស​ដែល​កម្មង់​ទិញ​ពី​រដ្ឋ​នេះ បើ​ម្ចាស់​ចង់​លក់​ទាំង​ផ្លាកលេខ ទៅ​ជាមួយ​រថយន្ត គឺ​ដូច​តាម​ធម្មតា​អ៊ីចឹង។ ម្ចាស់​ផ្លាកលេខ​ក៏​អាច​ស្នើ​រក្សា​លេខ​រថយន្ត​នេះ​ទុក​បាន​ដែរ ពេល​លក់​រថយន្ត​ទៅ​អោយ​បុគ្គល​ផ្សេង​មួយ​ទៀត។ លេខ​ដែល​រក្សា​ទុក​នោះ​ គឺ​ទុក​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន អីចឹង​ពេល​ម្ចាស់​លេខ​នោះ ទិញ​រថយន្ត​ថ្មី​មួយ​ទៀត អាច​ស្នើ​បំពាក់​លើ​រថយន្ត​ដែល​ទើប​ទិញ​នោះ​បាន​តាម​នីតិវិធី​ដែល​កំណត់​ដោយ​ប្រកាស​ក្រសួង។ ប៉ុន្ដែ​លេខ​រថយន្ត​ហ្នឹង​មិន​អាច​លក់​ទៅ​ឲ្យ ជន​ណា​ផ្សេង​បាន​ទេ មាន​ន័យ​ថា​កាល់​លេខ ទៅ​ឲ្យ​ជន​ដទៃ គឺ​វា​អាច​ក្លាយ​ជា​អាជីវកម្ម​ខុស​ច្បាប់»។

លោក​បន្ត​ថា អ្វី​ដែល​លោក “ក” អាច​លក់​រថយន្ត​ដែល​មាន​ភ្ជាប់​ផ្លាកលេខ​នេះ​ទៅ​តែ​ម្តង ឬ​លក់​តែ​រថយន្ត​ទៅ​ឲ្យ លោក “ខ”។ ហេតុ​នេះ បើ​លោក “ក” លក់​តែ​រថយន្ត ដោយ​រក្សា​ទុក​លេខ​សម្រាប់ រថយន្ត លោក “ក” បន្ទាប់ នោះ​លោក “ខ” ដែល​ទិញ​រថយន្ត​ដែល​មិន​មាន​ផ្លាក​លេខ ត្រូវ​ទិញ​ផ្លាក​លេខ​ថ្មី​បំពាក់​លើ​រថយន្ត​នោះ​ជា​កំហិត ដើម្បី​ចុះ​បញ្ជី ឲ្យ​ស្រប​ច្បាប់ ដើម្បី​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​បាន។ មាន​ន័យ​ថា​រថយន្ត​ដែល​ធ្លាប់​មាន​ផ្លាកលេខ​ហើយ គឺ​មិន​អាច​គ្មាន​ផ្លាកលេខ​វិញ​បាន​នោះ​ទេ។ សរុប​មក ទាំង​លោក “ក” និង លោក “ខ” គ្មាន​សិទ្ធិ​លក់​លេខ​រថយន្ត​ទេ ប៉ុន្ដែ​គាត់​មាន​សិទ្ធិ​ទិញ​លេខ​រថយន្ត​ពី​រដ្ឋ «ឧទាហរណ៍​ថា ខ្ញុំ​មាន​រថយន្ត​មួយ​ដែល​មាន​អក្ស ៤ តួរ​ថា “YUTH” ស្រាប់​តែ​ខ្ញុំ​លក់​ឡាន​ទៅ​ឲ្យ​បុគ្គល​មួយ​ទៀត គឺ​ខ្ញុំ​មាន​សិទ្ធិ​លក់​ទាំង​ផ្លាក​លេខ​ភ្ជាប់​ជាមួយ​ឡាន ឬ​លក់​តែ​ឡាន រក្សា​ទុក​ផ្លាក​លេខ​ក៏​បាន​ដែរ។ បើ​ខ្ញុំ​ទិញ​ថ្មី​មួយ​ទៀត ខ្ញុំ​នឹង​ទៅ​ធ្វើ​នីតិវិធី​ជាមួយ​រដ្ឋ បំពាក់​ផ្លាក​លេខ​ចាស់​ហ្នឹង​ទៅ​លើ​ឡាន​ថ្មី​នេះ​តែ​ម្ដង ដោយ​ទទួល​ស្គាល់​ដោយ​ច្បាប់ និង​សមត្ថកិច្ច។ ករណី​ពិសេស​មួយ​ទៀត គឺ​ម្ចាស់​ឡាន​អាច​ប្ដូរ​ឈ្មោះ​ពី​មួយ​ទៅ​មួយ​ទៀត​បាន បើ​សិន​ចង់​ប្ដូរ ដែល​ត្រូវ​ធ្វើ​តាម​អនុលោមភាព​នៃ​ច្បាប់ អនុក្រឹត្យ និង​ប្រកាស​ដែល​បាន និង​កំពុង​រៀបចំ​ជា​បន្តបន្ទាប់»។

លោក​បញ្ជាក់​ថា ការ​លក់​ទៅ​ឲ្យ​បុគ្គល​ណា​មួយ គឺ​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ ហើយ​ការ​ផ្ទេរ​នេះ នឹង​ត្រូវ​ធ្វើការ​ជាមួយ​សារធារណការ និង​ដឹកជញ្ជូន ព្រម​ជាមួយ​ការ​បង់​ពន្ធ​ជូន​រដ្ឋ ជាមួយ​នីតិវិធី​ដែល និង​ត្រូវ​ធ្វើ​នៅ​មួយ​កន្លែង និង​មិន​ពិបាក​ស្មុគស្មាញ​ទៀត​ឡើយ។

លោក គង់ រតនៈ នាយក​ស្ដីទី​វិទ្យា​ស្ថាន​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោកបាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា វា​ជាការ​បោះជំហាន​ទៅមុខ​ល្អមួយ ដែលលោក​គាំទ្រ​ចំណុច​នេះ ដើម្បី​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​ដែល​ចង់បាន​ស្លាក​លេខ​យាន​យន្ត​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន ឬ​រក្សា​ទុកជា​អត្តសញ្ញាណ​របស់​បុគ្គល​ខ្លួន​គាត់​ផ្ទាល់។

លោក​បញ្ជាក់​ថា៖ «អ្វីដែល​យើង​ព្រួយបារម្ភ​នោះ គឺ​ស្លាកលេខ​នៅ​ស្រុក​ខ្មែរ​យើង​វា​មាន​ច្រើន​ប្រភេទ​ពេក​ដូច​ជា ស្លាក​តាម​ក្រសួង មន្ទីរ រដ្ឋាភិ​បាល​ផ្សេងៗ គឺ​ច្រើន​ពេក អ៊ីចឹង​យើង​ឃើញថា ការគ្រប់គ្រង​នេះ វា​មិន​ទាន់​បាន​ល្អ​ពេញ​លេញ​នៅ​ឡើ​យ​​ដែរ។ ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ឯក​សណ្ឋាន​ដូចជា​អ្នកខាង​មន្ត្រីរាជ​ការ​ធ្វើ​មួយ​ប្រភេទ ​ពលរដ្ឋ​ស៊ីវិល​មួយ​ប្រភេទ គឺ​វា​ងាយ​ស្រួល​គ្រប់​គ្រង ដើម្បី​ចៀស​វាង​ជន​ខិល​ខូច​ក្លែង​បន្លំ​ផងដែរ»៕