ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​សម្រេច​ផ្ទេរ​ធនធាន​ពី​ថវិកា​ជាតិ​ចំនួន​ប្រមាណ​ ១២៩ ​លាន​ដុល្លារ​នៃ​ថវិកា​ចំណូល​ចរន្ត​ឆ្នាំ​ ២០១៨ ជូន​មូលនិធិ​ឃុំ-សង្កាត់ ប្រាក់​ឧបត្ថម្ភ​សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ និង​មន្ត្រី​ភូមិ ដើម្បី​ចំណាយ​សម្រាប់​ប្រតិបត្តិការ​រដ្ឋបាល និង​ចំណាយ​សម្រាប់​ប្រាក់​អភិវឌ្ឍន៍​មូលដ្ឋាន​សម្រាប់​ឆ្នាំ​ ២០១៩​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ថវិកាជាតិ​ដែល​ក្នុង​នោះ​មាន​ចំណូល​ចរន្ត​ប្រមាណ​ ៤,៣ ​ពាន់​លាន​ដុល្លារ ហើយ​ការអនុម័ត​នេះ​គឺ​កើតឡើង​តែ​ ១ ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។

អតីត​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​នូវ​សារ​នយោបាយ​ថ្មី​របស់​ខ្លួន​កាលពី​ដើម​ឆ្នាំ​ ២០១៧ មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដោយ​អះអាង​ថា​នឹង​ផ្តល់​កញ្ចប់​ថវិកា​ ៥០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ទៅ​ឃុំ សង្កាត់​នីមួយៗ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ថ្នាក់មូលដ្ឋាន​នៅពេល​ខ្លួន​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។

សារ​នយោបាយ​ថ្មី​មួយ​នេះ​ទំនង​ទាក់ទាញ​ការគាំទ្រ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ឆ្នាំ​ ២០១៧ ដែល​ធ្វើឲ្យ​គណបក្ស​មួយ​នេះ​ទទួល​បាន​អាសនៈ​សរុប​ចំនួន​ ៥០០៧ ខណៈ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​សរុប​ ៦៥០៣​។ គណបក្ស​ប្រជាជន​ឈ្នះ​បាន​ ១១៥៦ ឃុំ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​ ៤៨៩ ឃុំ​ដែល​គណបក្ស​ទាំង​ ២ ​បាន​ប្រកាស​ពី​ភាព​ជោគជ័យ​រៀងៗ​ខ្លួន​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា នេះ​គឺជា ហិរញ្ញប្បទាន​ខាង​ប្រព័ន្ធ​វិមជ្ឈការ​ទៅ​ចែក​គ្រប់​ឃុំ សង្កាត់ ដើម្បី​ប្រើប្រាស់​ក្នុង​ការកសាង​អភិវឌ្ឍ​ឃុំ​។ លោក​ថា ថវិកា​មាន​យូរ​ហើយ​មិន​ចាំបាច់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​គេ​មាន​ផែនការ​តាំងពី​យូរ​ហើយ​។ ពេល​មាន​លទ្ធភាព​ថវិកា​គេ​បែងចែក​អាហ្នឹង​មិនមែន​ធ្វើ​តាម​បក្សប្រឆាំង​ថា ឯណា​។ គេ​ឲ្យ​បណ្តើរៗ​បន្តបន្ទាប់ យើង​បែងចែក​ទៅ​តាម​ថវិកាជាតិ​ជាក់ស្តែង​។ យើង​មិន​បាន​គិត​ទាក់ទង​នឹង​ការទាក់ទាញ​យក​ប្រជាប្រិយភាព​នោះ​ទេ​។ ចង់ អ្នកណា ថា​អី ថា​ទៅ​យើង​មិន​ឈឺក្បាល​វិលមុខ​ទេ​»​។

យោង​ទៅ​តាម​សៀវភៅ​រាជកិច្ច​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១១ មេសា ឆ្នាំ​ ២០១៨ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​ក្នុង​មាត្រា​ ៤ ​នៃ​អនុក្រឹត្យ​ចែង​ថា​ត្រូវ​ផ្ទេរ​ថវិការដ្ឋ​ទៅ​គណនី​មូលនិធិ​ឃុំ សង្កាត់​សម្រាប់​ថិរវេលា​ ៥ ​ឆ្នាំ​ដោយ​កំណត់​ជា​ភាគរយ​នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ​។

មាត្រា​ដដែល​ចែង​ថា ឆ្នាំ​ថវិកា​ ២០១៩ ​ចំនួន​ ៣ ​ភាគរយ​នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ​ដែល​បាន​អនុម័ត​ឆ្នាំ​ ២០១៨​។ ឆ្នាំ​ថវិកា​ ២០២០ ​ចំនួន ​៣,១ ​ភាគរយ​នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ​ដែល​នឹង​ត្រូវ​អនុម័ត​ឆ្នាំ ២០១៩​។ បើ​យោង​តាម​ច្បាប់​ថវិកាជាតិ​ដែល​បាន​អនុម័ត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ​ឲ្យ​ដឹងថា ចំណូល​ចរន្ត​មាន​ប្រមាណ ៤,៣ ​ពាន់​លាន​ហើយ​ ៣% ​នៃ​ចំណូល​ចរន្ត​មាន​ប្រមាណ​ ១២៩,៦ ​លាន​ដុល្លារ​។

លោក​ សម គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​បាន​បញ្ជូន​មូលនិធិ​ថវិកា​ជាតិ​ដល់​ឃុំ​សង្កាត់​ដើម្បី​ទាក់ទាញ​ការគាំទ្រ និង​ប្រជាប្រិយភាព​ និង​ជួយ​អភិវឌ្ឍ​ឃុំ​ និង​ភូមិ​។ «​ប្រសិន​រាជរដ្ឋាភិបាល​អនុវត្ត​តាម​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ វា​ជា​ការល្អ​ហើយ​ដោយ​សារ​វា​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​។ គណបក្ស​កាន់អំណាច គាត់​ប្រើ​យុទ្ធសាស្ត្រ គោលនយោបាយ​អតីត​សង្គ្រោះ​ជាតិ​នេះ​ដើម្បី​ទាក់ទាញ​ការគាំទ្រ និង​ដើម្បី​ជួយ​អភិវឌ្ឍ​ឃុំ និង​ភូមិ​»​។

លោក ​ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) ​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​៕