
មន្ត្រីសាលារាជធានីភ្នំពេញចែកម៉ាស់ដល់ពលរដ្ឋដែលធ្វើដំណើរតាមដង-ផ្លូវកាលពីខែមុន។ រូបថត សាលារាជធានី
ភ្នំពេញៈ រាជរដ្ឋាភិបាលបានផ្តល់ម៉ាស់ចំនួន ២ លានដល់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីចែកជូនប្រជាពលរដ្ឋស្របពេលដែលមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាបង្ហាញពីភាពស្មោះត្រង់ក្នុងការផ្តល់ព័ត៌មានដើម្បីឱ្យក្រសួងធ្វើការស្រាវជ្រាវពីប្រភពនៃការឆ្លងវីរុសកូរ៉ូណាឱ្យបានលឿន ខណៈក្រសួងបានធ្វើតេស្តអ្នកពាក់ព័ន្ធចំនួន ៨២១២ នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ម៉ាស់ក្រណាត់ចំនួន ២ លានម៉ាស់បន្ថែមទៀតដែល ១ លានម៉ាស់សម្រាប់រាជធានីភ្នំពេញ និង ១ លានម៉ាស់សម្រាប់ខេត្តសៀមរាបដោយសារអ្នកដែលមានការប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមានច្រើនជាងគេក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា រាជរដ្ឋាភិបាលក៏បានបញ្ចេញម៉ាស់ចំនួន ២ លានសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋក្រីក្រនៅភ្នំពេញផងដែរ។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ទាំងអស់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងការជម្រាបជូននូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ខ្លួន។
លោកស្រីបានថ្លែងតាមសារជាសំឡេងកាលពីយប់ថ្ងៃទី ១ ខែធ្នូថា៖ «ការធ្វើនេះដើម្បីជួយសម្រួលទៅដល់ការរុករកស្រាវជ្រាវពីប្រភពនៃការឆ្លងវីរុសកូវីដ១៩ឱ្យបានលឿន បើកាលណាយើងទុកការរុករកនេះកាន់តែយូរ យើងរកក្រឃើញ នោះលទ្ធភាពនៃការចម្លងបន្តទៀតក៏វាមានលក្ខណៈទ្រង់ទ្រាយធំ ដែលយើងពិបាកក្នុងការប៉ាន់ប្រមាណថាតើទំហំនៃការរាតត្បាតនៃការចម្លងវានឹងមានកម្រិតប៉ុនណា»។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញបានឱ្យដឹងថា មិនមានករណីឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាទៀតទេ ប៉ុន្តែមានករណីវិជ្ជមាន ៣ ករណីដែលឆ្លងពីក្រៅប្រទេស។ ចំពោះលទ្ធផលតេស្តអ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ មានវត្ថុសំណាកចំនួន ៧១៣១ នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា ខណៈអ្នកវិជ្ជមានចំនួន ១៧ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងបញ្ជាក់ថា រយៈពេល ៣ ថ្ងៃមកនេះក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨ ២១២ នាក់។
កាលពីម្សិលមិញនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សាយនៅលើបណ្តាញសង្គមរបស់លោកថា ម៉ាស់របស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀតត្រូវបានដឹកតាមយន្តហោះពិសេសចាកចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ នេះដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តីអមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាទើបបានផ្តល់ម៉ាស់ជាង ២ លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាស់ជាង ២ លាន និងសម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ។
កាលពីម្សិលមិញនេះដែរលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា៖ «ព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ ១៩ រួចរាល់ហើយ។ ខ្ញុំ ក៏ដូចជាសហការី និងអ្នកនៅជុំវិញខ្លួនទាំងអស់នឹងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងអនុវត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ជាមួយគ្នានេះមានការចែកចាយនូវរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមផ្ញើជូនលោក ហ៊ុន សែន ដោយមានសាធារណជនខ្លះមានការភាន់ច្រឡំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងថា មានអ្នកឆ្លងកូវីដ១៩ក្នុងខេត្តកំពង់ចាមពីអ្នកបើកបររបស់លោក ឆែម សាវុធ នោះ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីបំភ្លឺលើព័ត៌មាននេះ។
រដ្ឋបាលខេត្តកំពង់ចាមបានលើកឡើងថា អ្នកមានតេស្តវិជ្ជមានកូវីដ១៩ចំនួន ៦ នាក់បានមកសួរសុខទុក្ខបងប្អូននៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងមកគឺមុនពេលដែលក្រសួងសុខាភិបាលបានរកឃើញករណីនេះកើតឡើង។ ពួកគាត់ទាំង ៦ នាក់នេះមិនមែនមកកាន់ខេត្តកំពង់ចាមនាពេលថ្មីៗនេះទេ ហើយអភិបាលខេត្តបានចាត់វិធានការភ្លាមៗបន្ទាប់ពីមានការប្រកាសរបស់ក្រសួងសុខាភិបាល ដោយបានស្រាវជ្រាវ និងស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងមនុស្ស ៦ នាក់នេះរហូតរកឃើញមនុស្ស ៨នាក់។ មន្រ្តីសុខាភិបាលខេត្តបាននាំអ្នកទាំង ៨ នេះមកពិនិត្យសុខភាព យកសំណាក និងបញ្ជូនអ្នកទាំងនេះដែលមានការប្រឈមកម្រិតខ្ពស់មកធ្វើចត្តាឡីស័កកម្រិត ២ របស់រដ្ឋបាលខេត្តកំពង់ចាមនៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។
ចំណែកផ្សារទំនើបអ៊ីអន១ដែលត្រូវបានប្រកាសបិទបណ្តោះអាសន្នកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ត្រូវបានក្រសួងសុខាភិបាលប្រកាសឱ្យបើកដំណើរការឡើងវិញកាលពីម្សិលមិញ បន្ទាប់ពីក្រសួងបានពិនិត្យសំណាកមនុស្សជាង ៣០០០ នាក់ទទួលបានលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ១៩។ ក្រសួងផ្តល់ឱកាសឱ្យអាជីវករទាំងអស់អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានការសុខាភិបាលជាកំហិត ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណា។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញបានឱ្យដឹងថា ករណីវិជ្ជមានកូវីដ១៩ចំនួន ៣ នាក់ត្រូវបានរកឃើញ ប៉ុន្តែមិនមែនជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកាទេ តែជាអ្នកដំណើរចូលមកកម្ពុជា។ ករណីទាំងនោះមានបុរសជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ មានអាសយដ្ឋាននៅស្រុកដងទង់ ខេត្តកំពតដែលធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ដែលលទ្ធផលលើកទី ២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ គឺវិជ្ជមាន។
ករណីទី ២ គឺ បុរសជនជាតិខ្មែរអាយុ ៤៦ ឆ្នាំស្នាក់នៅខេត្តកណ្តាល មកពីប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ដែលលទ្ធផលលើកទី ២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះគឺវិជ្ជមាន។ បុរសទាំង ២ នាក់នេះបានធ្វើដំណើរតាមយន្តហោះជាមួយគ្នារួមនឹងអ្នកដំណើរ ៤៨ នាក់ផ្សេងទៀត ដែលអ្នកទាំងនោះតេស្តអវិជ្ជមានកូវីដ១៩ ប៉ុន្តែត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ។
ករណីទី ៣ គឺស្រ្តីជនជាតិខ្មែរ អាយុ ៣៥ ឆ្នាំមានអាសយដ្ឋាននៅស្រុកទឹកឈូ ខេត្តកំពតដែលធ្វើដំណើរពីប្រទេសចិនមកដល់កម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ហើយលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី ២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័កវិជ្ជមាន។ អ្នកដំណើរដែលបានរួមយន្តហោះជាមួយនឹងស្រ្តីរូបនេះចំនួន ១៦១ នាក់ដែលមានតេស្តអវិជ្ជមានត្រូវបានធ្វើចត្តាឡីស័កផងដែរ។ គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣២៩ នាក់ (ស្រ្តី ៧៤ នាក់) ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៤នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ២៥ នាក់៕