ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​​មុខងារ​គ្រប់គ្រង និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​សេវា​សុខាភិបាល ប្រកប​ដោយ​គុណភាព​សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​។

អនុក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៤ ខែ ធ្នូ ឆ្នាំ​ ២០១៩ និង​មាន​ហត្ថលេខា​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​សេវា​សុខាភិបាល​រួមមាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា ការផ្ដល់សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ការ​បង្ខិត​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​ការទទួល​ខុសត្រូវ​ក្នុង​ការគ្រប់គ្រង​សេវា​សុខាភិបាល ឲ្យ​ទៅ​កៀក​ជិត​ប្រជាពលរដ្ឋ​។ ការធ្វើ​ប្រតិភូ​កម្មវិស័យ​សុខាភិបាល​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ រួមមាន​ការផ្ទេរ​ការគ្រប់គ្រង ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ ការផ្ទេរ​ធនធាន​មនុស្ស​ដោយ​រក្សា​នូវ​តំណែង​ដដែល​ជាដើម​។

មាត្រា ២៤ នៃ​អនុក្រឹត្យ​នេះ​ចែង​ថា​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គជអប​) «​ត្រូវ​ដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​រៀបចំ​លិខិតបទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​រចនាសម្ព័ន្ធ បុគ្គលិក ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ ព្រមទាំង​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ​ឲ្យ​ចប់​សព្វគ្រប់​មុន​ដំណាច់​ឆ្នាំ​ ២០១៩»​។

មាត្រា ២៥ ​ចែងថា​រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​ចាប់ផ្ដើម​គ្រប់គ្រង​ចាត់ចែង​ និង​អនុវត្ត​មុខងារ​ដែល​បាន​ប្រគល់​ឲ្យ​ដូច​មាន​កំណត់​ក្នុង​មាត្រា​ ៤ ​នៃ​អនុក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២០ តទៅ​។ រដ្ឋបាល​ថ្នាក់​រាជធានី-ខេត្ត​ក៏ត្រូវ​ធ្វើ​ប្រតិភូកម្ម ការគ្រប់គ្រង​ និង​ការផ្ដល់សេវា​សុខាភិបាល​ទៅ​ថ្នាក់​ក្រុង-ស្រុក និង​រដ្ឋបាល​ឃុំ-សង្កាត់ ចាប់ពី​ឆ្នាំ​ ២០២០ ​តទៅ​ដូចគ្នា​ដែរ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​តុលា​សម្រាប់​ឆ្នាំ​ ២០២០ ​រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា​ចំនួន​ ១ ៦៣៦ ៤៩៨ លាន​រៀល​ ឬ​ប្រមាណ​ជាង ៤០០ ​លាន​ដុល្លារ​ សម្រាប់​ចំណាយ​ចរន្ត​ក្នុង​វិស័យ​សុខាភិបាល​។ ចំនួន​ថវិកា​នេះ​មាន​កំណើន​ជាង​ ៥ ភាគរយ​ដោយ​កើន​ពី​ចំនួន​ ១ ៥៤៥ ៥២៥ លាន​រៀល​នៃ​ចំណាយ​ចរន្ត​ឆ្នាំ ២០១៩​។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់ថា ថវិកា​ជាង​ ៤០០ ​លាន​ដុល្លារ​នេះ ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ «​លើកកម្ពស់​គុណភាព​ និង​ពង្រឹង​សេវា​សុខាភិបាល​បន្ត​គាំទ្រ​កម្មវិធី​មូលនិធិ​សមធម៌​ក្នុង​ការផ្ដល់​សេវា​សុខាភិបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​កម្មករនិយោជិត​ដែល​មិន​ស្ថិតក្រោម ប.ស.ស ឧបត្ថម្ភ​កម្មការិនី​ក្រោយពេល​សម្រាលកូន​ឧបត្ថម្ភ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ជា​ ៣ ​ដំណាក់កាល​»​។

ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ពន្យល់ថា កម្មការិនី​សម្រាលកូន​មួយ​ទទួល​បាន​ ៤០ ​ម៉ឺន​រៀល កូនភ្លោះ​ ២ បាន​ ៨០ ​ម៉ឺន​រៀល និង​កូនភ្លោះ ៣ បាន​ ១២០ ​ម៉ឺន​រៀល​។ ដោយឡែក​ការឧបត្ថម្ភ​សម្រាប់​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ត្រូវ​ផ្ដល់ជូន​ ១៦ ​ម៉ឺន​រៀល​ សម្រាប់​ការទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ដំណាក់កាល​ទី​​ ២ ​ឧបត្ថម្ភ​ ២០ ​ម៉ឺន​រៀល​នៅពេល​សម្រាល​ និង​ដំណាក់កាល​ទី​ ៣ ​ចំនួន​ ៤០ ​ម៉ឺន​រៀល ធ្វើឡើង​ចំនួន​ ១០ ​លើក​។ ការឧបត្ថម្ភ​ក្រោយពេល​សម្រាល​បន្ត​ធ្វើ​រហូត​ដល់​កូន​អាយុ​ ២ ​ឆ្នាំ​។

លោក ឡាំ សុជាតិ ប្រធាន​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ហៅ​កាត់​ថា API យល់​ឃើញ​ថា ការធ្វើ​ប្រតិភូកម្ម​សេវា​នា​សាធារណៈ​ជាច្រើន​ត្រូវ​បាន​ធ្វើ​រួចហើយ ខណៈ​ដែល​ប្រតិភូកម្ម​លើ​វិស័យ​សុខាភិបាល​នេះ ហាក់​ដូចជា​ការវិវត្ត​ចុងក្រោយ​គេ​។ លោក​ស្វាគមន៍​ការធ្វើ​ប្រតិភូកម្ម​នេះ ដោយសារ​តែ​វា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការទទួល​បាន​សេវាសាធារណៈ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការប្រែប្រួល​ដ៏ល្អ​ដែល​យើង​រង់ចាំ​យូរ​ឆ្នាំ​ហើយ​ដែល​សង្គម​ស៊ីវិល តស៊ូ​មតិ​ចង់​ឲ្យ​មាន​ការផ្ទេរ​មុខងារ អំណាច ធនធាន​ដើម្បី​ឲ្យ​អ្នក​ដែល​ផ្ដល់​សេវា​កៀក​ទៅ​នឹង​ប្រជាពលរដ្ឋ​ធ្វើឲ្យ​សេវាកម្ម​ល្អប្រសើរ​ដោយ​មាន​ការសម្របសម្រួល ចាត់ចែង​បុគ្គលិក​ក្នុង​ការផ្ដល់​សេវា​ដល់​ប្រជាជន​។ ប្រជាជន​ជា​អ្នកបោះឆ្នោត ដើម្បី​ទទួល​បាន​សេវាសាធារណៈ​ល្អប្រសើរ​ក្រុមប្រឹក្សា​ខេត្ត ស្រុក គួរ​ជា​អ្នកសម្របសម្រួល ព្រោះ​គាត់​ជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ផង និង​តំណាង​ឲ្យ​រដ្ឋាភិបាល​ផង​»​។

លោក​បន្តថា ការធ្វើ​ប្រតិភូកម្ម​អំណាច​នេះ ធ្វើឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទាំង​ក្នុង​វិស័យ​សុខាភិបាល និង​ក្នុង​វិស័យ​ផ្សេងទៀត​។ លោក​បញ្ជាក់​ថា គោលដៅ​នៃ​ការធ្វើ​វិមជ្ឈការ​នេះ​គឺជា​រឿង​ល្អ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​អាច​នឹង​ប្រឈម​បញ្ហា​មួយចំនួន​នៅក្នុង​មុខងារ​នឹង​តួនាទី​របស់​ពួកគេ​។

លោក​ថា ដើម្បី​ឲ្យ​ការធ្វើ​ប្រតិភូកម្ម​នេះ​មាន​ប្រសិទ្ធភាព​ត្រូវ​មាន​ការបន្ត​ផ្ដល់​ការងារ​បច្ចេកទេស​ និង​កិច្ចសហការ​ដល់​ថ្នាក់ក្រោម​ជាតិ​ទៅ​តាម​មុខងារ​នីមួយៗ​ពី​សំណាក់​ថ្នាក់ជាតិ​៕