ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្លាស់ប្តូរ​ទីតាំង​សាលាដំបូង និង​សាលាឧទ្ធរណ៍​ភ្នំពេញ​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មី​ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍ OCIC ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ដោយ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ លី ឈួង សំណង់ និង​អាហរ័ណ នីហរ័ណ ទទួល​ការសាងសង់​អគារ​សាលា​យុត្តិធម៌​ថ្មី​ដែល​មាន​កម្ពស់​ ៧ ​ជាន់​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក សុក ផេង រដ្ឋលេខាធិការ ជំនួស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ៣១ សីហា និង​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ​ឲ្យ​ដឹងថា ចំពោះ​សំណើសុំ​គោលការណ៍​អនុញ្ញាត​សាងសង់​អគារ​សាលា​យុត្តិធម៌​ថ្មី​មាន​ទំហំ​ ១៩ ៩៥៩ ម៉ែត្រក្រឡា​ សម្រាប់​ប្រើប្រាស់​ធ្វើ​អគារ​សាលាដំបូង​រាជធានី និង​សាលាឧទ្ធរណ៍​ភ្នំពេញ​ត្រូវ​បាន​អនុញ្ញាត​។

លិខិត​បន្តថា​ ការដោះដូរ​ទីតាំង​របស់​សាលាដំបូង​រាជធានី ដែល​មាន​ផ្ទៃដី​ទំហំ ១ ៧៥៦ ម៉ែត្រក្រឡា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​ ៧ មករា ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​ថ្មី​ដោយ​អនុវត្ត​ស្របតាម​គោលការណ៍​ឯកជន​ភាវូបនីយកម្ម​។ ដើម្បី​ធានា​ដំណើរការ​នៃ​ការសាងសង់​អគារ​ថ្មី​នេះ រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ផ្ទេរកម្មសិទ្ធិ​ទីតាំង​ដី​សាលាដំបូង​រាជធានី​ភ្នំពេញ​ជូន​ក្រុមហ៊ុន លី ឈួង សំណង់ និង​អាហរ័ណ នីហរ័ណ មុន​ការសាងសង់​ដោយ​ពន្ធ​ប្រថាប់ត្រា​ជា​បន្ទុក​របស់​រដ្ឋ​។

បន្ថែម​ពីនេះ​ទៀត រដ្ឋាភិបាល​បញ្ជាក់​ទៀត​ថា​៖ «​នៅពេល​សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​ផ្ទេរ​ទៅ​ទីតាំង​ថ្មី​រួចរាល់ អនុញ្ញាត​ឲ្យ​ក្រសួងយុត្តិធម៌​យក​ទីតាំង​សាលាឧទ្ធរណ៍​បច្ចុប្បន្ន​វិញ ដើម្បី​ប្រើប្រាស់​។ តម្លៃ​នៃ​ការដោះដូរ​ត្រូវ​មាន​ការយល់ព្រម​ពី​គណៈកម្មាធិការ​ឯកជន​ភាវូបនីយកម្ម​ដោយ​ភ្ជាប់​ជាមួយ​ថវិការដ្ឋ​ចំនួន ៣ ​លាន​ដុល្លារ​សម្រាប់​ជូន​ក្រុមហ៊ុន (​បំពាក់​សម្ភារ​បរិក្ខារ​ និង​គ្រឿងសង្ហារិម​) ផងដែរ​»​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុតិ្តធម៌​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា លោក​មិន​បានដឹង​ព័ត៌មាន​លម្អិត​នៃ​ការដោះដូរ​ទីតាំង​សាលាដំបូង និង​សាលាឧទ្ធរណ៍​ទៅ​ទីតាំង​ថ្មី​នេះ​នោះទេ​។ ប៉ុន្តែ​លោក លើកឡើង​ថា​បើសិន​ក្នុង​ពេល​ខាងមុខ​សាលាឧទ្ធរណ៍​ត្រូវ​បាន​ផ្លាស់ប្តូរ ហើយ​ប្រគល់​ទីតាំង​ចាស់​ឲ្យ​ក្រសួង​យុត្តិធម៌ នោះ​នឹង​ផ្តល់​សារៈសំខាន់​ខ្លាំង​ស្របពេល​ទីតាំង​ក្រសួងយុត្តិធម៌​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ភាព​តូចចង្អៀត​ដែល​ពិបាក​ក្នុង​ការបំពេញការងារ​។ «​បើសិន​ជា​ឧទ្ធរណ៍​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី អគារ​សព្វថ្ងៃ​នឹង​ក្លាយ​ទៅ​ជា​អគារ​រដ្ឋបាល​របស់​ក្រសួងយុត្តិធម៌ ដែល​អាច​ប្រើការ​ផ្នែក​រដ្ឋបាល​របស់​មន្ត្រីរ​បស់​ក្រសួង​។ ជាធម្មតា​យើង​បាន​អគារ​បន្ថែម ព្រោះ​មនុស្ស​វា​ច្រើន​កន្លែង​វា​តូច​​ចង្អៀត អ៊ីចឹង​យើង​បាន​កន្លែង​ឲ្យ​មន្ត្រី​ធ្វើការ​បន្ថែម​»​។

លោក អ៊ី រិន្ទ និង​លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​។

លោកប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ថា ការដោះដូរ​ទីស្នាក់ការ​របស់​រដ្ឋ​កន្លង​ទៅ​គឺមាន​ចំណុច​ ៣ ​ដែល​ត្រូវ​ពិនិត្យ គឺ​ការមិន​បានបង្ហាញ​តម្លាភាព​នៃ​ការដោះដូរ​ឲ្យ​បានច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត លោក​ថា ចំពោះ​បញ្ហា​ដោះដូរ​នេះ​ទៀត​សោត​ក៏​បាន​ធ្វើឲ្យ​បាត់បង់​ស្លាកស្នាម​ប្រវត្ថិសាស្ត្រ​នៃ​ទីតាំង​ទាំងនោះ ខណៈ​ការដោះដូរ​ភាគច្រើន បាន​ធ្វើឲ្យ​មាន​ការបែកខ្ញែក​គ្នា​កាន់តែ​ឆ្ងាយ​រវាង​ការិយាល័យ​រដ្ឋបាល​នីមួយៗ ដែល​បង្ក​ការលំបាល​ដល់​ពលរដ្ឋ​ក្នុង​ការស្វែងរក​សេវា​សាធារណៈ​។

លោក​បញ្ជាក់​ថា​៖ «​តាមពិត​នៅ​ស្រុក​គេ​អភិវឌ្ឍន៍ គេ​ព្យាយាម​ដាក់​ការិយាល័យ​រដ្ឋបាល​ទាំងអស់​ឲ្យ​នៅ​ជុំគ្នា ព្រោះ​គេ​មាន​ប្លង់​មេ​របស់​គេ ហើយ​នៅ​ភ្នំពេញ​យើង​ក៏​ឮថា​មាន​ដែរ​។ កន្លងមក​គឺមាន​តែ​ផែនការ ប៉ុន្តែ​ការអនុវត្ត​គឺ​មិនទាន់​ចេញ​ដូច​ការជាក់ស្តែង​ទេ​។ បើ​គេ​អភិវឌ្ឍ smart city នៅ​ស្រុក​គេ​ហ្នឹង គឺ​គេ​បែងចែក​តំបន់​គេ​តែម្តង មាន​តំបន់​រដ្ឋបាល តំបន់​ទូត តំបន់​ពលរដ្ឋ​រស់នៅ​ដែល​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​មាន​របៀបរៀបរយ​។ តែ​ខុសពី​ស្រុក​យើង​រាល់ថ្ងៃ​គឺ​បែកខ្ញែក​អស់​ហើយ​ការិយាយល័យ​រដ្ឋបាល​ដោះដូរ​អស់ រត់​ទៅ​នៅ​ជាយក្រុង ខ្លះ​នៅ​ក្រៅ​ក្រុង​ទៀត​»​។

លោក​ ច័ន្ទរឿន រំពឹង​ថា​រដ្ឋាភិបាល​នឹង​រៀបចំ​តំបន់​រដ្ឋបាល​របស់​រដ្ឋ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ និង​នៅ​ជិតៗ​គ្នា​ឡើងវិញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​សេវាសាធារណៈ​ និង​កាន់តែ​រហ័ស ព្រោះ​ថា​ការដែល​ទីតាំង​សេវា​រដ្ឋបាល​របស់​រដ្ឋ​នៅ​បែកខ្ញែក​គ្នា​យ៉ាង​ដូច្នេះ​នឹង​បង្ក​ភាពយឺត​យ៉ាង​ហើយ​ប្រសិទ្ធភាព​នៃ​ការងារ​នឹង​ធ្លាក់​ចុះ​៕