ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​នៅ​ចុង​ខែ​តុលា​ និង​ដើមខែ​វិច្ឆិកា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជម្រាប​ជូន​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

តាម​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ១១ ខែ​ សីហា ឆ្នាំ​ ២០២០ បញ្ជាក់ថា រាជរដ្ឋាភិបាល​យល់ព្រម​ឲ្យ​ផ្អាក​ការប្រារព្ធ​ព្រះរាជពិធី​បុណ្យ​អុំទូក ប៉ុន្តែ​ក្នុង​លិខិត​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការសម្រេច​ផ្អាក​ការប្រារព្ធ​ព្រះរាជពិធី​បុណ្យជាតិ​មួយ​នេះ​ទេ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ដឹង​ពី​រឿងនេះ​នៅ​ឡើយ​ទេ ព្រោះ​មិនទាន់​បាន​ឃើញ​លិខិត ប៉ុន្តែ​លោក​ថា ប្រហែល​អាច​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ ជា​មូលហេតុ​ចម្បង​ក្នុង​ការផ្អាក​ពិធីបុណ្យ​នេះ​។

ចំណែក​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ថា​លោក​ក៏​មិនទាន់​បាន​ទទួល​លិខិត​នោះដែរ ហេតុ​នេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។

នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​អ្នកជំងឺ​កូវីដ ​១៩ ​ដែល​នាំចូល​ពីក្រៅ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​។ ​ក្រសួង​សុខាភិបាល​បាន​សម្តែង​ការព្រួយបារម្ភ ព្រមទាំង​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​កូវីដ​១៩​។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​តែង​លើកឡើង​ជារឿយៗ​ថា​៖ «​យើង​អាច​ភ្លេច​កូវីដ​ ១៩​ ប៉ុន្តែ​កូវីដ​ ១៩​ មិន​ភ្លេច​យើង​ឡើយ ហេតុនេះ​សូម​បងប្អូន​ពលរដ្ឋ​ទាំងអស់​កុំ​សន្តិភាព​ជាមួយ​កូវីដ ​១៩» ។

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​រាល់​ឆ្នាំ​នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ ១៤ ​កើត ១៥ ​កើត និង​ថ្ងៃ​ ១ ​រោច ខែ​កត្តិក ដែល​ឆ្នាំ​ ២០២០ ​នេះ​ត្រូវ​នឹង​ថ្ងៃទី ៣០, ៣១ ​ខែ​តុលា​ ដល់​ថ្ងៃទី​ ១ ខែវិច្ឆិកា​។ តែ​ព្រះរាជ​ពិធីបុណ្យ​នេះ​ក៏​ធ្លាប់បាន​ផ្អាក​ផងដែរ​នាពេល​សម្តេចព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ សោយទិវង្គត និង​ពេល​កម្ពុជា​ជួប​វិបត្តិ​ទឹកជំនន់ ឬ​វិបត្តិ​​ធ្ងន់ធ្ងរ​ផ្សេងៗ​៕