ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលបានសម្រេចសម្រួលខ្លឹមសារខ្លះនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខណៈដែលរដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំធ្វើការពិភាក្សា និងអនុម័តនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ បើទោះបីជាអង្គការសង្គមស៊ីវិលរាប់រយនៅតែបន្តធ្វើយុទ្ធនាការតវ៉ាប្រឆាំងជំទាស់យ៉ាងណាក៏ដោយ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានឲ្យដឹងថាការសម្រេចនេះធ្វើឡើងកាលពីម្សិលមិញក្រោយពីកិច្ចប្រជុំរបស់ក្រុមការងាររដ្ឋាភិបាលដែលមកពីក្រសួងពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងការបរទេស និងទីស្តីការគណៈរដ្ឋមន្ត្រី ហើយការសម្រួលខ្លឹមសារត្រូវបានធ្វើឡើងក្នុងមាត្រាមួយចំនួន។
លោកថា ក្នុងនោះមាត្រា ៥ ទាក់ទិននឹងចំនួនស្ថាបនិកបង្កើតសមាគម ឬអង្គការត្រូវបានក្រុមការងារសម្រេចកាត់បន្ថយពី ៥ រូប មកនៅយ៉ាងហោចណាស់ ៣ រូបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ចំណែកការចែងរារាំងអ្នកដែលធ្លាប់ជាថ្នាក់ដឹកនាំក្នុងការបង្កើតសមាគមអង្គការថ្មី គឺត្រូវកាត់ចេញ។
លោកថា៖ «ក្នុងស្ថានភាពជាក់ស្តែងសម្រាប់អ្នកធ្លាប់ជាប់ទោសគឺស៊ីសងទៅលើតុលាការដូចជាបទល្មើសព្រហ្មទណ្ឌគឺរឿងផ្សេងទៀត»។
លោកបន្តថាសម្រាប់ករណីនីតិវិធី និងបែបបទនៃការបង្កើតសមាគម និងអង្គការអនីតិជន គឺនឹងត្រូវកំណត់ដាច់ដោយឡែកតាមប្រកាសក្រសួងមហាផ្ទៃរីឯពាក្យពេចន៍ដែលសង្គមស៊ីវិលបានហៅថាមិនច្បាស់លាស់ដូចជាពាក្យ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់គឺនឹងត្រូវថែមពាក្យល្អនៅបន្ទាប់ដើម្បីកំណត់និយមន័យឲ្យកាន់តែច្បាស់។
លោកថា៖ «យើងកែសម្រួលដាក់ពាក្យល្អនេះមានពីរទៅបីមាត្រាឯណោះគឺយើងធ្វើតាមរដ្ឋធម្មនុញ្ញ។ ខ្ញុំសុំបញ្ជាក់ក្នុងករណីដែលយើងលុបឈ្មោះយើងធ្វើលិខិតជូនទៅគាត់ (អង្គការសមាគម) ក្នុងពេលជាក់លាក់ដើម្បីឲ្យពួកគាត់ប្តឹងទៅតុលាការសម្រេច។ នេះជាតុល្យភាពសម្រាប់ថ្លឹងថ្លែងគ្នា។ អង្គការ សមាគម មិនមែនជាបក្សនយោបាយទេដើម្បីចែកគ្នាឲ្យដាច់ ស្គាល់ពីព្រំដែន កុំឲ្យមានភាពច្របូកច្របល់អ៊ីចឹងហើយត្រង់ថាអង្គការ ឬសមាគមត្រូវអព្យាក្រឹតនោះមិនមានការកែប្រែទេ»។
នាយកប្រតិបត្តិអង្គការ CCC លោក សឿង សារឿន បានស្វាគមន៍ចំពោះសញ្ញាណវិជ្ជមាននៃការសម្រួលមាត្រាខ្លះនេះតែលោកគិតថានេះជាការប្រែប្រួលដ៏តិចបំផុតហើយបញ្ហានៅចោទមានច្រើនទៀតទាក់ទិននឹងមាត្រាផ្សេងទៀតដែលហាក់ចែងមិនបានច្បាស់លាស់ និងមានចរិតគ្រប់គ្រងសមាគម និងអង្គការក្នុងការបញ្ចេញមតិ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថាលោកមិនទាន់ទទួលបានព័ត៌មានពីការកែសម្រួលនេះនៅឡើយទេតែលោកគិតថានៅមានចំណុចជាច្រើនទៀតដែលត្រូវពិនិត្យ និងពិចារណាឡើងវិញ។
លោកថា៖ «គណបក្សយើងមិនយល់ថាហេតុអីក៏ត្រូវប្រញាប់អនុម័តនូវច្បាប់នេះម្ល៉េះ? គួរតែមានការពិភាក្សាឲ្យបានច្រើនព្រោះយើងឃើញមានចំណុចជាច្រើនមិនទាន់ច្បាស់ហើយត្រូវការជជែកគ្នាច្រើនទៀត។ ជាគោលការណ៍គឺគណបក្សសង្គ្រោះជាតិមិនគាំទ្រសេចក្តីព្រាងច្បាប់នេះឡើយយើងឲ្យមានការពន្យារពេល ឬបញ្ឈប់នូវច្បាប់នេះ។ យើងនឹងតស៊ូមតិឲ្យមានការពិគ្រោះយោបល់ច្រើនជាងនេះ និងដើម្បីធ្វើឲ្យច្បាប់នេះធានាការពារសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍន៍»។
អ្នកនាំពាក្យនិងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា លោក ឈាង វុន បានឲ្យដឹងថា៖ «កិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់នេះអាចនឹងធ្វើឡើងនៅថ្ងៃទី ១៣, ១៤ ឬ ១៥ ខែកក្កដាខាងមុខនេះ»។
កាលពីម្សិលមិញតំណាងអង្គការ សមាគម សកម្មជនដីធ្លី ព្រះសង្ឃ និងពលរដ្ឋប្រមាណ ៣០០ នាក់ បានប្រមូលផ្តុំគ្នារៀបចំវេទិកាពិភាក្សាជាសាធារណៈនៅទីលានប្រជាធិបតេយ្យដើម្បីទាមទារឲ្យរដ្ឋសភាពន្យារពេលអនុម័ត ឬទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះដោយថ្កោលទោសច្បាប់នេះថាជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល និងបំបិទខាងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងវេទិកានោះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរិះគន់ពីភាពតូចចង្អៀតនៃដំណើរការតាក់តែង និងផ្សព្វផ្សាយច្បាប់របស់រដ្ឋាភិបាលរួមនឹងសិក្ខាសាលាថ្នាក់ជាតិដែលរៀបចំដោយរដ្ឋសភាដែលមានរយៈពេលត្រឹមកន្លះថ្ងៃ។
លោក វន់ ពៅ បាននិយាយថា៖ «ខ្លឹមសារនៃច្បាប់នេះគឺជាដំណើរមួយឆ្ពោះទៅរកការរំលោភសិទ្ធិមនុស្សដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងបទដ្ឋានច្បាប់អន្តរជាតិ។ រដ្ឋាភិបាលត្រូវតែទម្លាក់ចោលច្បាប់នេះដើម្បីឲ្យសង្គមស៊ីវិលងាយស្រួលធ្វើសកម្មភាពក្នុងការជួយដល់ពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន»៕