ភ្នំពេញៈ រាជរដ្ឋាភិបាលបាន សម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ តាម​សំណើ​របស់​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុស​ច្បាប់​ទូទាំង​ប្រទេស​ដោយ​ការ​ផ្តាច់​ទឹក​ ផ្តាច់​ភ្លើង រួមទាំង​ផ្អាក​ការ​ផ្គត់ផ្គង់​លើ​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ ខណៈ​ក្រុម​ការងារ​ចំនួន ២៣ ​ដែលទើប​បង្កើត​ឡើង​កំពុង​​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​លេខាធិការ​ប្រចាំការ​ ចេញ​​​​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៥ ចំណុច ក្រោ​យ​ទទួ​ល​បាន​ចំណារ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​បានដាក់​ជូនទៅ​រដ្ឋមន្ត្រី​ចំនួន ៥ រូប ដើ​ម្បី​ទទួល​ភារកិច្ច​នេះ។

លិខិត​ដដែ​ល បាន​ចាត់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ផ្អាក​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ទៅកាន់​ការដ្ឋាន​សំណង់​ណា​ដែល​ខុស​ច្បាប់ចំណែក​ក្រសួង​ឧស្សាហ​​​​​​កម្ម ​និង ​សិប្បកម្ម គឺ​មិនត្រូវ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ការដ្ឋាន​សំណង់ ខណៈ​ក្រសួង​សាធារណការ មិន​ត្រូវ​ត​ភ្ជាប់​ប្រព័ន្ធ​លូ​ជា​ដាច់​ខា​តចំពោះ​ការដ្ឋាន​ខុសច្បាប់​ទាំង​នោះលើក​លែង​តែ​សំណង់​លំនៅឋាន​ផ្ទាល់​ខ្លួន​របស់​ប្រជាពលរដ្ឋ។

ចំណែក​វិធានការ​ ២​ ទៀត រាជរដ្ឋាភិបាល បាន​ណែនាំ​ថា៖ «ក្រសួង​ស្ថាប័ន​រដ្ឋនិង​អង្គភា​ព​​​មាន​សមត្ថកិច្ចមិនត្រូវ​ផ្តល់​លិខិ​​​ត​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវក​ម្ម។

ក្រសួង​ព័ត៌មាន និង​អង្គភាព​មាន​សមត្ថកិច្ចមិនត្រូវ​អនុញ្ញា​ត​ឱ្យ​ផ្សព្វផ្សាយ​ពាណិ​ជ្ជកម្មចំពោះ​ការដ្ឋាន​សំណង់​សណ្ឋា​​គារ អគារ​ស្នាក់​នៅអគារ​ពា​ណិ​ជ្ជ​កម្ម អគារ​រោងចក្រ អគារ​សិប្ប​​កម្មនិង​សំណង់​ផ្សេងៗ​ទៀតដែ​ល​គ្មាន​លិខិត​អនុញ្ញាតនិង/ឬ​សា​ង​សង់​ខុស​លក្ខណៈ​បច្ចេកទេស»។

ការដាក់ចេញ​នូវ​វិធានការ​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​សំណើពី​រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្មនិង​សំណ​ង់ លោក​ជា សុផារ៉ាកាលពី​ចុង​​ខែ​មិថុនា​កន្លងទៅស្រប​ពេល​​ក្រសួ​ង​​មួយ​នេះត្រូវបាន​ចាត់​តាំ​​​ង​​ឲ្យ​ចុះ​ត្រួតពិនិត្យ​ ការដ្ឋាន​​សំណង់​ទូទាំងប្រទេស ជាពិសេស​បង្កើ​ត​​គណៈកម្មកា​រ​ ដើម្បី​ចុះ​ត្រួត​​ពិនិត្យ​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ក្រោយ​កើតមាន​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ព​ស់​ ៧ ជាន់ បានបណ្តាល​ឲ្យ​កម្មករ​សំណង់ ២៨ នាក់​​ស្លាប់​ និង​រង​របួស​ចំនួន ២៦ នាក់។

លោកសេង ឡូតអ្នកនាំ​ពាក្យ​​ក្រសួង​រៀបចំ​ដែនដី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ថ្មីៗ​នេះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម បានសម្រេច​បង្កើត​ក្រុម​ការ​ងារ​ ៦ ក្រុម​បន្ថែម​ទៀ​ត ពីលើ​ក្រុមការងារ ដែល​បាន​បង្កើ​ត​កន្លងទៅ​ចំនួន ១៧ ក្រុម ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​សំណង់​ការដ្ឋាន​ទូទាំង​ខេត្ត​ព្រះសីហនុ​។

ជាមួយ​គ្នានេះ លោក បញ្ជាក់​ថា ការ​សម្រេច​វិធាន​ការ​ថ្មី​ ក្នុង​កា​រផ្តាច់​ទឹក​ផ្តាច់​ភ្លើងនិង​វិធា​ន​ការ​មួយចំនួន ក្នុង​ពេលនេះ គឺ​នឹងធ្វើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា សហការគ្នា​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការ​គ្រប់​គ្រង​សំណង់​ការដ្ឋាន​ទូទាំង​ប្រទេស ជាពិសេស​ខេត្ត​ព្រះសីហនុ ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

លោក​បញ្ជាក់ថា៖ «យើង​ចាត់​ក្រុមការងារ​ត្រួតពិនិត្យ​គ្រប់​​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ជាង​ ១ សប្តាហ៍​ហើយ ដើម្បី​ណែនាំ​ឲ្យ​ពួកគាត់ រៀបចំអ្វីៗឲ្យ​ស្របទៅតាម​ច្បា​ប់ ហើយនឹង​បទដ្ឋាន​គតិយុ​ត្ត។

ក្រុមការងារ​កំពុង​បូកសរុប​កិច្ចការងារ​ហ្នឹង ហើយ​មកដល់​ពេល​ហ្នឹង​យើង​ចុះ​ត្រួតពិនិត្យ​ជាង ១០០ ការដ្ឋាន​ហើយ។ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បានឃើញ​នូវ​របាយការណ៍​លម្អិត​នៅ​ឡើយ ដូច្នេះ​មិនអាច​បកស្រាយ​អ្វី​បាន​ច្រើន​ទេ ដោយសារ​ក្រុម​ការងារ​កំពុង​បូក​សរុប»។

ចំពោះ​មូលហេតុ​នៃ​ការ​បាក់រ​លំ​អ​គារក​ម្ព​ស់ ៧ ជាន់ កាលពី​ពាក់​​កណ្តាល​ខែមិថុនា​កន្ល​ង​ទៅ លោក សេង ឡូតបាន​បដិសេធ​បកស្រាយ​ថ្លែង​ថា ក្រុមការងារ​ជំនាញ មិន​ទាន់​បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នោះ​ទេ។

លោក ឃាង ភារ​ម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បញ្ជាក់ថាចាប់តាំងពី​ក្រុមការ​ងារ​ចុះ​ពិនិត្យ​សំណង់​អគារ​ការ​​ដ្ឋាន ក្រោយ​បាក់​រលំ​អគារ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​​ជាច្រើ​ន​​កន្លែងដែល​មិនមាន​ច្បាប់​អនុ​ញ្ញាត ក្នុងនោះ ក៏​បាន​ឃាត់​ជន​​ជាតិ​ចិន​ចំនួន ២ នាក់​ដើម្បី​ធ្វើការ​អប់រំ​ផងដែរ។

លោក​ថា៖ «ផ្អាកសំណង់​អគារ​ខុសច្បាប់ មាន​ ៣ ការដ្ឋាន ក្នុងចំណោម​សំណ​ង់​អគារ​ខុសច្បាប់​ជាច្រើ​ន​​ទៀតដែល​យើ​ងមិនអាច​និយា​យ​ថា ក្នុងចំណោម ៥ ដែល​ខុស​ច្បាប់​ទេ ព្រោះ​ជាក់ស្តែង​ថ្នាក់​ដឹកនាំ​បាន​ចុះ​ត្រួតពិនិត្យ​ក្នុងភូមិ​សា​ស្ត្រ​ខេត្ត​ហ្នឹង។ តែ​យ៉ាង​ណា មួយ​រយៈ​កន្លង​មកយើង​ឃើ​ញ​ថា មិនមាន​ការ​ពុះ​ក​ញ្ជ្រោល​ខ្លាំង​នោះ​ទេ ព្រោះតែ​សំណង់​មួយ​ចំនួន ត្រូវធ្វើ​ការណែនាំ​និង​ផ្អាក ដែល​ឈាន​ទៅរក​ ការ​គ្រប់​គ្រង​បាន​ផងដែរ»។

យ៉ាង​ណា​ក៏ដោយលោក ស​ន ជ័យប្រធាន​អង្គការ​សម្ព័​ន្ធ​​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា យល់​ថា វិធានការ​ទាំងឡាយ​ជុំវិញ​ការ​​គ្រប់​គ្រង​សំណង់​ខុស​ច្បាប់ វាហាក់​នៅ​ខ្វះ​តម្លាភាព ហើយ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទន់ភ្លន់​នៅ​ឡើយ។

លោក​មើល​ឃើញ​ថា នេះ​គ្រាន់តែ​ចំណុច​ចាប់​ផ្តើ​ម​​មួយ​ប៉ុណ្ណោះ ដែលវា​មិន​ទាន់​បាន​បង្ហាញ​ឲ្យ​បាន​ទូលំ​ទូលាយ​​នោះទេ ស្រប​ពេល​ជន​ជាប់​ពាក់​ព័ន្ធ​ទាំងឡាយ ក្នុង​អំពើ​ខុស​ច្បាប់​ទាំង​នេះ មិនទាន់​ត្រូវ​បាន​វែក​មុខ ឬ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅ​ឡើយ។

លោក​បញ្ជាក់ថា៖ «ភាគ​ច្រើ​ន​សំណង់​អគារ​ជា​របស់​ចិន ដូច្នេះ​ការចេញ​របាយការណ៍​ស៊ីជ​ម្រៅ គឺ​យើង​មិនទាន់​បាន​ដឹង​នោះ​ទេ ស្រប​ពេលដែល​វិធានការ​ផ្សេង​ៗ ដែល​បាន​កើតឡើង​គ្រាន់តែ​ជា​​​ចំណុច​ចាប់ផ្តើម។ ក៏ប៉ុន្តែ​យើង​ចង់​ឲ្យមាន​​ការ​បង្ហាញ​របាយការណ៍​ទាក់ទង​ទៅនឹង​ភាព​មិន​ប្រក្រតីឬ​ទង្វើ​ខុសច្បាប់​ហ្នឹង គួរ​តែ​ត្រូវបាន​បង្ហាញថា បទល្មើ​​ស​នៃ​ពួកគេ​ប្រព្រឹត្ត​សង់​សំណ​ង់ខ្ពស់ៗខុសច្បាប់​ហើ​យ ត្រូវបាន​ពិន័យ​បែប​ណា? និង​មាន​ការ​ស៊ើប​អង្កេត​បន្ថែ​ម ថា​​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​បញ្ហា​នេះ ឬ​វា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ?»៕