ភ្នំពេញៈ បន្ទាប់ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរសភា​ IPU បាន​ចេញ​សេចក្ដី​សម្រេច​ឲ្យ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​រក្សា​សិទ្ធិ​ពេញលេញ​ក្នុង​ការ «​ដក​បេក្ខភាព​» របស់​ខ្លួន​ពី​ស្ថាប័ន​នេះ បើ​នៅ​មាន​ការ «​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​» ​លើ​ផលប្រយោជន៍​កម្ពុជា ជា​អ្វី​ដែល​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ ១ ​រូប​ព្រមាន​ថា កម្ពុជា​នឹង​ប្រឈម​នឹង​ «​ភាព​ឯកោ​» ​នៅ​លើ​ឆាក​អន្តរជាតិ​។

អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន បាន​អះអាង​កាលពី​ម្សិលមិញ​បន្ថែម​​ពី​លើ​ជំហរ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ ២៦ ​តុលា​ថា កម្ពុជា​នឹង​ «​គ្មាន​ការផ្លាស់ប្ដូរ​ជំហរ​» ​ណា​មួយ​ឡើយ​ដោយ​ចាត់​ទុក​ប្រទេស​ខ្លួន​ថា​ជា​ «​រដ្ឋ​អធិបតេយ្យ​» ​ដែល​មិន​អាច​ឲ្យ​បរទេស​ណា​មក​លុកលុយ​លើ​ច្បាប់​កម្ពុជា​បាន​ឡើយ​។

កាលពី​ថ្ងៃទី​ ១៨ ខែ​តុលា IPU ដែល​មាន​សមាជិក​មក​ពី ១៧៣ ប្រទេស​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​កម្រាស់​ ៤ ​ទំព័រ​ និង​​មាន​ ១២ ​ចំណុច​បាន​ជំរុញ​ជាថ្មី​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ក្នុង​នោះ​ក៏​មាន​ការស្នើ​ឱ្យ​ដោះលែង​ប្រធាន​អតីត​គណបក្សប្រឆាំង​លោក កឹម សុខា ជាបន្ទាន់ និង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ដំណើរការ​ឡើង​វិញ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ដោយ​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ​។

នៅក្នុង​មហាសន្និបាត​សហភាព​អន្តរសភា​ IPU លើក​ទី​ ១៣៩ ដែល​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៤-១៨ ខែ​តុលា​នាទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ក្រោម​ប្រធានបទ «​ភាព​ជា​ថ្នាក់ដឹកនាំ​សភា​ក្នុង​ការជំរុញ​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​តាម​បែប​បច្ចេកវិទ្យា​» ​ស្រប​គ្នា​នឹង​គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុដារី អនុប្រធាន​​ទី​ ២ ​នៃ​រដ្ឋសភា​ដែល​កិច្ចប្រជុំ​​នោះ​លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ផង​ដែរ​។

យោង​តាម​សេចក្ដី​បំភ្លឺ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមាន​ថា កម្ពុជា​នឹង​ដក​បេក្ខភាព​ខ្លួន​ចេញ​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ បើ​នៅ​តែ​មាន​ការ «​ឈ្លានពាន​» ឬ​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ណា​មួយ​នេះ​បន្ថែម​ទៀត​។

រាជរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ខ្លួន​មាន​បំណង និង​ទិសដៅ​ដូច​សហភាព​អន្តរសភា​ (IPU) ​ក្នុង​ «​ការលើកស្ទួយ និង​ពង្រីក​វប្បធម៌​សន្ទនា​» ដែល​នាំមុខ និង​បាន​បង្កើត​រួច​ហើយ «​ប៉ុន្តែ​កិច្ចសន្ទនា​នយោបាយ​នេះ គ្មាន​វិសាលភាព​ស្ថិត​នៅ​លើ​ច្បាប់​រដ្ឋ​នោះ​ឡើយ​»​។

សេចក្ដី​បំភ្លឺ​នេះ​បញ្ជាក់​ថា​៖ «​កម្ពុជា​រក្សា​សិទ្ធិ​ពេញលេញ​​ និង​គ្រប់​ពេលវេលា​ក្នុង​កិច្ច​ដក​បេក្ខភាព​របស់​ខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​ណា​មួយ​នោះ​ប្រសិន​បើ​មាន​ការ​ឈ្លានពាន​ ​ឬ​ការជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ណា​មួយ​ទៅ​លើ​ដែន​អធិបតេយ្យ​​ និង​ផលប្រយោជន៍​កម្ពុជា​ក៏​ដូច​ប្រជាជាតិ​អធិបតេយ្យ​មួយ​ចំនួន​ដែល​បាន​ប្រតិកម្ម​ដក​ខ្លួន​ចេញ​ពី​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែល​គេ​យល់​ថា ប្រឆាំង​​ឈ្លានពាន​លើ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​របស់​គេ​»​។

បន្ថែម​ពី​លើ​នេះ​លោក ផៃ ស៊ីផាន បាន​ថ្លែង​តាមរយៈ​ការ​ Live ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ​ថា​កម្ពុជា​នឹង​ «​គ្មាន​ការផ្លាស់ប្ដូរ​ជំហរ​»​ ណា​មួយ​របស់​ខ្លួន​ឡើយ​។

លោក​ថា​កម្ពុជា​គឺជា​ «​រដ្ឋអធិបតេយ្យ​» ​ដោយ​មិន​ឱ្យ​បរទេស​ណា​មក​លុកលុយ​លើ​ច្បាប់​របស់​កម្ពុជា​បាន​ឡើយ​។

លោក​ថ្លែង​ថា​៖ «​អាស្រ័យ​ដោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​មាន​វិបត្តិ​នយោបាយ​ទេ គឺ​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់ សម្រេច​ដោយ​តុលាការ​។ រាល់​ការលើក​ឡើង​ ឬ​គំនាប​ណា​មួយ​ដែល​ឲ្យ​កម្ពុជា លុប ឬ​រំលោភ​ ឬ​រំលាយ​នូវ​សាលដីកា​របស់​តុលាការ​កំពូល យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ ពីព្រោះ​យើង​យល់ឃើញ​ថា​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​សភាព​ពង្រឹង​នីតិរដ្ឋ​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​ចង់​ជម្រាប​ជូន​ថា គឺ​គ្មាន​ការផ្លាស់ប្ដូរ​ជំហរ​របស់​រាជរដ្ឋាភិបាល ឬ​កម្ពុជា​ដើរ​ចេញ​ពី​ការអនុវត្ត ការប្រតិបត្តិ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​​ ឬ​ការលក់ដូរ​ ឬ​ការ​ផ្តល់​នូវ​អធិបតេយ្យ និង​ឯករាជ្យ​ឲ្យ​បរទេស​មក​គ្រប់គ្រង​កម្ពុជា​ទេ​»​។

យ៉ាង​ណា​ក្ដី​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ការព្រមាន​របស់​រដ្ឋាភិបាល​កម្ពុជា​​គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច ហើយ​លោក​ថា ប្រសិន​បើ​កម្ពុជា​​ហ៊ាន​ដក​បេក្ខភាព​ចេញ​ពី​ IPU មែន​នោះ​នឹង​ធ្វើឲ្យ​ខ្លួនឯង​រងភាព​ឯកោ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​​ឃើញ​លិខិត​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ចេញ​បំភ្លឺ​ទៅ IPU ដែល​ជា​ការសម្រេចចិត្ត​ចុងក្រោយ​ដើម្បី​ព្រមាន​ទៅ​ IPU​។ វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​អស់សំណើច ព្រោះ​ IPU ជា​អង្គការ​អន្តរជាតិ​មួយ​ធំ​ណាស់​​ដែល​មាន​សមាជិក​ជាង​ ១៧០ ប្រទេស បែរ​ជា​យើង​ម្នាក់​ឯង​ខុស​គេ ហើយ​ចេះ​តែ​ចោទ​​គេ​ថា ជ្រៀតជ្រែក​កិច្ចកា​ផ្ទៃក្នុង យក​រឿង​អធិបតេយ្យភាព យក​រឿង​ឯករាជភាព​ដើម្បី​ជា​លេស​មិន​ឲ្យ​គេ​ជំរុញ​យើង​ឲ្យ​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះ​ជាមួយ​​គេ​នោះ​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ថា វា​មិនមែន​ជា​រឿង​ល្អ​ទេ​កាលណា​យើង​ដកខ្លួន​យើង គឺ​មាន​ន័យថា​យើង​ធ្វើឲ្យ​ខ្លួនឯង​ឱ្យ​ឯកោ​ពី​ពិភពលោក ហើយ​នឹង​បាត់បង់​ប្រយោជន៍​ច្រើន​ណាស់​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​»​។

លោក Thomas Fitzsimons ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​សហភាព​អន្តរសភា​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការឆ្លើយតប​បាន​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​៕