ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​មិន​តម្រូវ​ឱ្យ​អ្នកដំណើរ​ជនបរទេស​ដែលជា​មន្ត្រីការទូត​មាន​ប្រាក់​តម្កល់ និង​ប្រាក់​សម្រាប់​ធានារ៉ាប់រង​សុខភាព​យ៉ាងតិច​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ​ឡើយ ហើយ​មន្ត្រីការទូត​ទាំងនោះ​ក៏​នឹង​ទទួល​បាន​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​ក្នុងករណី​ឆ្លង​ជំងឺ​កូវីដ ​១៩​។ ការសម្រេច​នេះ ធ្វើ​ឡើង​ក្នុងជំនួប​មួយ​រវាង​មន្ត្រី​កម្ពុជា និង​មន្ត្រី​ទូត​តំណាង​ប្រទេស​មួយចំនួន​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​ការចូលរួម​ពី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា អគ្គរាជទូត និង​អគ្គរដ្ឋទូត​ចំនួន​ ១០ ​ប្រទេស​ដូចជា​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក អូស្ដ្រាលី និង​បារាំង​ព្រមទាំង​មន្ត្រី​តំណាង​ស្ថាន​បេសកកម្ម​ការទូត​ចំនួន​ ២១ ​ប្រទេស​ផ្សេងទៀត​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នេះ​គឺ​បានសម្រេច​លើកលែង​ការតម្រូវ​ឱ្យ​មន្ត្រីការទូត​ត្រូវ​មាន​ប្រាក់​តម្កល់ ឯកសារ​ធានា​រ៉ាប់​សុខភាព​យ៉ាងតិច​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ និង​ថ្លៃ​សេវា​ព្យាបាល​ក្នុង​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩​ ដោយ​ឥតគិតថ្លៃ​។

សារព័ត៌មាន ហ្វ្រេសញូវ​បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​លោកស្រី យក់ សម្បត្តិ ថា​លើស​ពី​នេះ​មិន​យក​មន្ត្រី​ការទូត​ទៅ​សម្រាក​នៅ​សណ្ឋាគារ​នោះទេ គឺ​អាច​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ស្ថានទូត​របស់​ខ្លួន និង​ផ្ទះ​របស់គាត់​ក៏បាន តែ​ដាច់ខាត​ត្រូវគោរព​ទៅតាម​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល​ដោយ​មិនត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ណា​នោះ​ទេ​ក្នុង​អំឡុង​ធ្វើ​ចត្តាឡីស័ក​រហូត​ដល់​ថ្ងៃ​ធ្វើតេស្ដ​ម្ដងទៀត​។

ការលើកលែង​នេះ​ស្រប​ពេល​ក្រសួង​សុខាភិបាល បាន​ចាប់ផ្ដើម​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការតម្កល់​ប្រាក់​ចំនួន​ ៣ ​ពាន់​ដុល្លារ នៅពេល​អ្នកដំណើរ​ជនបរទេស​ចូល​មក​កម្ពុជា ដែល​ប្រាក់​ទាំងនោះ​សម្រាប់​ចំណាយ​លើ​ការធ្វើ​តេស្ដ ការធ្វើ​ចត្តាឡីស័ក និង​ការធ្វើដំណើរ​ជាដើម​។

លិខិត​មួយ​ចុះ​ថ្ងៃទី​ ៨ ​មិថុនា​ របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា ជនបរទេស​គឺ​ត្រូវ​បង់ថ្លៃ​សេវា​ចាប់ពី​ចន្លោះ​ ៥ ​ដុល្លារ ទៅ​ដល់​ ១០០ ​ដុល្លារ ឬ​ច្រើនជាង​នេះ​ទៅ​តាម​សេវា ដូចជា​ការធ្វើ​តេស្ដ ការ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ និង​ការព្យាបាល​សង្គ្រោះបន្ទាន់​ក្នុងករណី​មាន​ជំងឺ​ប្រចាំកាយ ហើយ​ប្រសិន​បើ​ស្លាប់​ត្រូវ​បង់ថ្លៃ​ចំនួន​ ១ ៥០០ ​ដុល្លារ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបំភ្លឺ​ពី​លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល និង​លោក មាស សុខសែនសាន មន្ត្រី​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ទេ​កាលពី​ថ្ងៃ​ចន្ទ​។

កម្ពុជា​បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ថ្ងៃទី​ ២០ ​ឧសភា ដើម្បី​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស​រួមទាំង​ពលរដ្ឋ​ខ្មែរ គឺ​នៅពេល​មក​ដល់​ព្រលាន​យន្តហោះ​ភ្លាម ត្រូវ​បញ្ជូន​ទៅកាន់​មណ្ឌល​រង់ចាំ​ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ​ ១៩ និង​ត្រូវ​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការកើតឡើង​រលក​ទី​ ២ ​នៃ​ជំងឺ​កូវីដ​ ១៩​។ ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ចំនួន​ ១១៥ ​នាក់ ​រួមទាំង​អ្នកដំណើរ​ចំនួន​ ៨៩ ​នាក់​ទៀត​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ម្សិលមិញ​៕