​ព្រះសីហនុ​: ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ឲ្យ​ក្រសួង​ចំនួន​ ៤ ​រៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​ដោះស្រាយ​សំរាម ប្រព័ន្ធ​លូទឹកស្អុយ និង​ទីលាន​សម្ងួត​ភក់​ក្នុង​ក្រុង​ព្រះសីហនុ បន្ទាប់ពី​ស្ថាប័ន​ទាំងនោះ​បាន​ចុះ​ពិនិត្យ​ និង​សិក្សា​រួចរាល់​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក ឈិត សុខុន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ៨ វិច្ឆិកា បាន​បង្ហាញ​ថា ចំពោះ​ករណី​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការចុះពិនិត្យ និង​សិក្សា ដើម្បី​រៀបចំ​កែលម្អ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដំឡើង​ស្ថានីយ​បូមទឹក​កខ្វក់ ដោះស្រាយ​សំរាម​តាម​ឆ្នេរ និង​តាម​ការដ្ឋាន​សំណង់​កែលម្អ​ប្រព័ន្ធ​លូ បណ្ដាញ​ផ្លូវ និង​គ្រប់គ្រង​ការដ្ឋាន​សំណង់​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ រាជរដ្ឋាភិបាល​យល់​ព្រម​ជា​គោលការណ៍​។

ក្នុង​នោះ​មាន​ដូចជា រៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​ទីលាន​សម្ងួត​ភក់​ក្រុង​ព្រះសីហនុ​នៅ​លើ​ផ្ទៃដី​ទំហំ ១៦ ​ហិកតា ដើម្បី​បង្កើន​សមត្ថភាព​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ពី ៥ ៧០០ ម៉ែត្រគុប​ក្នុង​មួយ​ថ្ងៃ​ឲ្យ​កើន​ដល់ ២៥ ០០០ ម៉ែត្រគុប​ក្នុង​មួយ​ថ្ងៃ​ដោយ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​មេកានិក​ស្វ័យប្រវត្តិ​បន្ថែម​។ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ទទួល​ធ្វើ​ផែនការ និង​អនុវត្ត​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ខែ​។

បន្ថែម​លើ​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (​ត.អ.ឆ.ក​) ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​ខេត្ត រៀបចំ​ស្ថានីយ​បូម​បង្វែរ​ទឹក​កខ្វក់​កុំ​ឲ្យ​ហូរ​ចូល​ក្នុង​សមុទ្រ​ចំនួន ៤ ​ទីតាំង ដែល​មាន​ឆ្នេរ​ឯករាជ្យ អូរ​សម្អាត ឆ្នេរ​សុខា និង​ឆ្នេរ​អូរ​ឈើទាល ដើម្បី​បូម​បង្វែរ​ទឹក​កខ្វក់​ទាំង​អស់​ពី​ទីតាំង​ទាំងនេះ​បញ្ជូន​ទៅ​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ ដោយ​មិន​ឲ្យ​ហូរ​ចូល​សមុទ្រ​វិញ​ឡើយ​។

សេចក្ដី​ជូន​ដំណឹង​បន្ត​ថា គ្រប់​សណ្ឋាគារ ភោជនីយដ្ឋាន និង​សំណង់​ទាំងអស់ ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​លូ​សាធារណៈ​។ រាល់​ការដ្ឋាន​សំណង់​អគារ​គ្រប់​ប្រភេទ​ត្រូវ​ធ្វើ​របង​ហ៊ុំព័ទ្ធ​ការដ្ឋាន​យ៉ាងតិច ២ ​ម៉ែត្រ ដោយ​រៀបចំ​ជើង​របង​អំពី​បេតុង​កម្ពស់​យ៉ាង​តិច ៨០ ​សង់ទីម៉ែត្រ ដើម្បី​កុំឲ្យ​ដី​សំណល់​រឹង និង​រាវ ហៀរ​ចេញ​ពី​ការដ្ឋាន​ទៅ​លើ​ផ្លូវ ចិញ្ចើមផ្លូវ ដី​ចំណី​ឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង និង​ទីសាធារណៈ ក្នង​គោលដៅ​ធានា​សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និង​បរិស្ថាន​។

លោក ឱ សារឿន អ្នក​នាំពាក្យ​សាលា​ខេត្ដ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា លោក​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​នេះ ព្រោះ​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ជួប​បញ្ហា​ប្រព័ន្ធ​លូ​តូចចង្អៀត និង​កន្លែង​ខ្លះ​មាន​ការ​ខូចខាត​។ នៅពេល​ភ្លៀង​ធ្លាក់​ម្ដងៗ ទឹកភ្លៀង​ហូរ​ពី​លើ​ភ្នំ បូករួម​ទាំង​ពលរដ្ឋ​មួយ​ចំនួន​បោះចោល​សំរាម​នៅ​ទីសាធារណៈ បណ្ដាល​ឲ្យ​កក់ស្ទះ និង​បង្ក​ភាព​កខ្វក់​នៅក្នុង​ទីក្រុង​។

លោក​បញ្ជាក់​ថា​៖ «​កន្លងមក​យើង​មាន​ស្ថានីយ​ចម្រោះ​ទឹកស្អាត​មួយ​ហើយ ប៉ុន្ដែ​វា​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ទីក្រុង​ទាំង​មូល​បានទេ បើ​ពី​មុន​យើង​គិត​វា​អាច​ទប់ទល់​បាន ហើយ​ឥឡូវ​ដោយសារ​កំណើន​ពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ច្រើន តែ​ពេល​នេះ​មិនអាច​ទប់ទល់​បាន​ទេ​។ ដូច្នេះ​ត្រូវ​តែ​ពង្រីក​បន្ថែម​ទៀត​»​។

លោក វ៉ាស៊ីម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមការងារ​ពាក់ព័ន្ធ ព្រោះ​ការសម្រេច​នេះ​អាច​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែម ប៉ុន្ដែ​ការងារ​ដែល​ត្រូវធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ភាគី​ស្ថាប័ន​បែងចែក​តាម​តួនាទី​រៀងៗ​ខ្លួន​រួចរាល់​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​ការពិត​យើង​មាន​យន្តការ​ស្រាប់​អស់ហើយ ប៉ុន្ដែ​គ្រាន់​ថា សេចក្ដី​ជូន​ដំណឹង​ហ្នឹង​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ព្រោះ​យើង​ត្រូវ​ធ្វើ​ការ​ជា​អន្តរក្រសួង​។ ជាក់ស្ដែង​គឺ​ខាង​ក្រសួង​បរិស្ថាន​គេ​មាន​យន្តការ និង​យុទ្ធសាស្ត្រ​របស់​គេ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​មាន​ស្រាប់ និង​ខាង​ខេត្ត​ក៏​គេ​មាន​យន្តការ​គេ​ដែរ អ៊ីចឹង​នេះ​គ្រាន់តែ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទេ​»៕