ភ្នំពេញៈ រាជរដ្ឋាភិបាល​ប្រកាស​រៀបចំ​ទិវា​វប្បធម៌​ជាតិ ៣ ​មីនា លើក​ទី​២៣ ឆ្នាំ​ ២០២១ ដោយ​រក្សា​ប្រធានបទ​ដដែល​ដូច​ឆ្នាំ​ ២០២០ ​គឺ​ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ​ខណៈ​ព្រឹត្តិការណ៍​ធំៗ​មួយចំនួន​ទាក់ទង​នឹង​ទិវា​នេះ​ត្រូវ​បាន​លុបចោល​ដើម្បី​ការពារ​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

សារាចរ​ស្តីពី​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ ៣ ​មីនា លើក​ទី​២៣ ឆ្នាំ​ ២០២១ របស់​រដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានឱ្យដឹងថា ទិវា​វប្បធម៌​ជាតិ គឺជា​ទិវា​មួយ​ដែល​កម្ពុជា​បាន​បង្កើត និង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​បំណង​រំឭក​ដល់​គុណូបការៈ​ចំពោះ​បុព្វបុរស ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏សម្បូរបែប​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

សារាចរ​ដដែល​បាន​បន្តថា ការប្រារព្ធ​ទិវា​នេះ​ក៏​ដើម្បី​បំផុស​នូវ​ស្មារតី​ស្រឡាញ់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​បន្តវេន​ដែល​មាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍​ជនជាតិ​ដើម​ក្នុងប្រទេស​ឱ្យបាន​គង់វង្ស​។

សារាចរបាន​បញ្ជាក់ថា «​វប្បធម៌​គឺជា​ព្រលឹង​ជា​អត្តសញ្ញាណ​ជាតិ និង​ជា​ស៊ីម៉ងត៍​រស់​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ពី​សហគមន៍​ ១ ​ទៅ​សហគមន៍​ ១ ពី​ប្រទេស​ ១ ​ទៅ​ប្រទេស​ ១ ដែលជា​មធ្យោបាយ​នាំមក​នូវ​សាមគ្គី សន្តិភាព និង​សុខដុម​សម្រាប់​ប្រជាជាតិ​ទាំងមូល ស្របតាម​ទិសស្លោក «​កម្ពុជា៖ ​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​» ​ទើប​រដ្ឋាភិបាល​សម្រេច​ឱ្យ​រៀបចំ​ទិវា​វប្បធម៌​ជាតិ ៣ ​មីនា លើក​ទី​ ២៣ ឆ្នាំ​ ២០២១ ដោយ​រក្សា​នូវ​ប្រធានបទ​ដូច​ឆ្នាំ​ ២០២០»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​លិខិត​ថា ដើម្បី​ឱ្យ​ការប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ ​មីនា​នេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី បណ្តា​អង្គការ​ជាតិ អន្តរជាតិ សមាគម និង​វិស័យ​ឯកជន​ដែល​ប្រព្រឹត្ត​លើ​វិស័យ​វប្បធម៌ ដើម្បី​រួមគ្នា​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រប់​លំនៅឋាន គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី សាលារៀន សហគ្រាស​រដ្ឋ និង​ឯកជន​ត្រូវ​លើក​ទង់ជាតិ ទង់ជ្វាលា បដា​ពាក្យ​ស្លោក និង​បិទ​ផ្សាយ​អាវីស តាម​ដង​ផ្លូវ​សាធារណៈ​តាម​អង្គភាព និង​លំនៅឋាន​របស់ខ្លួន​ឱ្យបាន​ព្រមៗ​គ្នា​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៩ មីនា ឆ្នាំ​ ២០២១​។ ការចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទិវា​វប្បធម៌​ជាតិ ត្រូវ​ស្លៀកពាក់​តាមបែប​ប្រពៃណី​»​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៨ កុម្ភៈ​ថា ការរៀបចំ​ទិវា​វប្បធម៌​គឺ​នៅតែ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូចៗ​ និង​តាមរយៈ​ការផ្សព្វផ្សាយ​រំលេច​នូវ​វប្បធម៌​ជាតិខ្មែរ​។ ប៉ុន្តែ​លោក​ថា ចំពោះ​ព្រឹត្តិការណ៍​ធំៗ​មួយចំនួន​ដែល​ធ្លាប់បាន​រៀបចំ​កាលពី​ពេល​កន្លងមក គឺ​ត្រូវបាន​ផ្អាក​ការរៀបចំ ព្រោះ​តែ​បញ្ហា​វិបត្តិ​កូវីដ​ ១៩​។

លោក​ថា​៖ «​ជា​រៀងរាល់ឆ្នាំ​មហោស្រព​យុវជន ដែល​យើង​ឱ្យ​តាម​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ប្រកួត​ប្រជែង​បង្ហាញ​ស្នាដៃ ទទួល​រង្វាន់​នៃ​ទិវា​វប្បធម៌ ក៏ដូចជា​មាន​ការ​ប្រឡង​សំណួរ​ចម្លើយ​អី​ជាដើម ដើម្បី​អបអរសាទរ គឺ​កិច្ចការងារ​នេះ​យើង​ផ្អាក​សិន​»​។

ក្រៅពីនេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​ថ្លែងថា តាម​ការសង្កេត​គឺ​យុវជន​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ពី​តម្លៃ​វប្បធម៌​ច្រើនជាង​ពី​ ១០ ​ឆ្នាំ​មុន ដោយ​ពួកគេ​បាន​ចូលរួម​ជួយ​លើកតម្កើង និង​ផ្សព្វផ្សាយ​ផងដែរ​។ ដូច្នេះ លោក​រំពឹង​ថា តាមរយៈ​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ​រៀងរាល់ឆ្នាំ​នឹងធ្វើ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​កាន់តែ​យល់ដឹង​ច្រើន​អំពី ទំនៀមទម្លាប់ ប្រពៃណីជាតិ អក្សរសាស្ត្រ​៕