កោះកុងៈ រាជរដ្ឋាភិបាលបានសម្រេចកាត់ដីទំហំ ១៦៨,៨០ ហិកតា ក្នុងតំបន់ឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុង ដើម្បីជួលទៅឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី របស់លោកឧកញ៉ា គិត ម៉េង សម្រាប់ធ្វើការអភិវឌ្ឍសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់។
យោងតាមអនុក្រឹត្យស្តីពី «ការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ១៦៨,៨០ ហិកតា ក្នុងឧទ្យានជាតិបទុមសាគរស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ និងការធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ» ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០ ក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋក្នុងតំបន់ខាងលើនេះត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំចាត់ចែងនីតិវិធីបន្តឲ្យបានសម្រេចដើម្បីជួលឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខូអិលធីឌី វិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។ បើតាមអនុក្រឹត្យ «បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍»។
លោក គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមិនអាចទាក់ទងសុំការអធិប្បាយអំពីទំហំទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់នោះបានទេ។ ប៉ុន្តែបើយោងតាម ការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី ៦ សីហា ឆ្នាំ ២០២០ គម្រោងខាងលើនេះមានទុនវិនិយោគសរុប ១ ៣៤៤,២០ លានដុល្លារ ក្នុងនោះមានទុនផ្ទាល់ ៣០% និង ៧០% ជាទុនដែលបានមកពីកម្ចីធនាគារដោយមានរយៈពេលនៃការជួលចំនួន ៣៨ ឆ្នាំ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងថា រដ្ឋាភិបាលគួរតែបង្ហាញពីរបាយការណ៍សិក្សាលើផលប៉ះពាល់ទាំងផ្នែកសង្គម និងបរិស្ថានជាមុនសិនមុនសម្រេចជួលដីក្នុងតំបន់ឧទ្យានជាតិទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគធ្វើអ្វីមួយ។ «ជាទូទៅយើងបារម្ភអំពីផលប៉ះពាល់នៃគម្រោងនេះលើផ្នែកសង្គម និងបរិស្ថាន»។
ប៉ុន្តែលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា រដ្ឋាភិបាលបានធ្វើការសិក្សា និងវាយតម្លៃរួចហើយមុននឹងសម្រេចលើគម្រោងមួយនេះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៥៨ គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងនេះបានទទួលការដោះស្រាយពីខាងភាគីក្រុមហ៊ុនរួចហើយ៕