ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​គិតថ្លៃ​សេវា​ពី​ជនបរទេស​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា ការធ្វើ​ចត្តាឡីស័ក​ និង​ការព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​ទូទាំង​ប្រទេស​ដែល​សេវា​នីមួយៗ​មាន​តម្លៃ​ចន្លោះ​ពី​ ៥​ ដុល្លារ​ ដល់ ១០០ ដុល្លារ ឬ​ច្រើន​ជាង​នេះ​។

លិខិត​ចេញ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ញើ​ទៅ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​ ៨ ​ខែ​មិថុនា ឲ្យ​ដឹងថា​ក្រសួង​បាន​ពិនិត្យ និង​ឯកភាព​ជាគោលការណ៍​ឲ្យ​កំណត់​ថ្លៃ​សេវា​ពី​អ្នកដំណើរ​ជា​ជនជាតិ​បរទេស​ចូល​មក​ប្រទេស​កម្ពុជា ​ក្នុង​អំឡុងពេល​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

តាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា សម្រាប់​អ្នក​ដំណើរ​ជនបរទេស​ចូលមក​កម្ពុជា​ក្នុង​អំឡុងពេល​រង់ចាំ​យក​សំណាក​វិភាគ​រហូតដល់​ការចេញ​ជា​លទ្ធផល​គឺ​ត្រូវ​ចំណាយ​ចន្លោះ​ពី​ ១៦០ ​ដុល្លារ ឬ​ច្រើនជាង​នេះ សម្រាប់​មនុស្ស​ម្នាក់​ទៅ​លើ​សេវា​ដឹក​ជញ្ចូន​សំណាក សេវា​ធ្វើតេស្ត និង​កន្លែង​ស្នាក់នៅ​អាហារ​ហូបចុក​។ ចំណែក​ករណី​ដែល​អ្នក​ដំណើរ​ជា​ជនបរទេស ដែល​រួម​ដំណើរ​ជាមួយ​អ្នក-​ដំណើរ​ដែលមាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ នៅ​សណ្ឋាគារ ឬ​តាម​មណ្ឌល​ណាមួយ​នោះ​គឺ​ត្រូវ​ចំណាយ​ចន្លោះ​ពី​ ១៨០ ​ដុល្លារ ឬ​ច្រើនជាង​នេះ​សម្រាប់​មនុស្ស​ម្នាក់ ក្នុង​ការទទួល​បាន​សេវា​ម្តង​។

សម្រាប់​ការបង់ថ្លៃ​សេវា​ក្នុង​ការពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ជា​ជនបរទេស ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់ថា តម្លៃ​សេវា​មាន​ចន្លោះ​ពី ៥ ដុល្លារ ទៅ​ដល់ ១០០ ដុល្លារ​ ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​សេវា​ដែល​អ្នកជំងឺ​បាន​ទទួល ដូចជា​ការធ្វើ​តេស្ត ការ​សម្រាក​ព្យាបាល សេវា​សង្គ្រោះបន្ទាន់ ករណី​ព្យាបាល​ជំងឺ​ប្រចាំកាយ ហើយ​បើ​ស្លាប់​គឺ​តម្លៃ​ ១ ៥០០ ​ដុល្លារ​ ខណៈ​ការចេញ​លិខិត​បញ្ជាក់​សុខភាព​មាន​តម្លៃ ៣០ ​ដុល្លារ​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​នៅក្នុង​លិខិត​នោះ​ថា​ការចំណាយ​របស់​អ្នកដំណើរ​ជា​ជនបរទេស​ចូល​មក​ប្រទេស​កម្ពុជា​ត្រូវ​ទូទាត់​ជូន​ទៅ​អ្នកផ្តល់​សេវា​តាម​គោលដៅ​តាម​ទំហំ​ចំណាយ​ជាក់ស្តែង និង​ស្រប​តាម​គោលការណ៍​តម្លៃ​ដូច​មាន​កំណត់​ខាងលើ​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួងសុខាភិបាល​គួរ​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុញ្ញាត​ឱ្យ​ធនាគារ​មាន​បញ្ជរ​នៅ​ស្ថានីយ​មកដល់​ និង​ស្ថានីយ​ចេញ​ដំណើរ​ដើម្បីឱ្យ​អ្នកដំណើរ​អាច​តម្កល់​ប្រាក់​ដោយ​ប្តូរ​យក Debit Card សម្រាប់​ប្រើប្រាស់​ទូទាត់​ចំណាយ​ និង​ដក​ប្រាក់​នៅសល់​យក​វិញ ស្រប​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​បច្ចេកទេស​កាលពី​ថ្ងៃទី​ ២៧ និង​ទី​ ២៨ ខែ ឧសភា ឆ្នាំ​ ២០២០»​។

លោក​បន្តថា​ ចំពោះ​ការព្យាបាល​អ្នកជំងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​រដ្ឋ ក្រសួង​សុខាភិបាល​គួរ​តម្រូវ​ឱ្យ​អ្នកដំណើរ​ទិញ​សេវា​ធានា​រ៉ាប់រង​ក្នុង​ស្រុក ដើម្បី​សម្រួល​ដល់​ការទូទាត់​។ ទន្ទឹម​នឹង​នេះ​គួរ​ពិនិត្យ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​លក់​បណ្ណ​សន្យា​រ៉ាប់រង​ជាមួយ​បញ្ជរ​របស់​ធនាគារ​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ក្នុង​ស្ថានីយ​មកដល់​របស់​អ្នកដំណើរ ពេល​អ្នកដំណើរ​មកដល់​។

លោក​បន្ថែមថា​ចំពោះ​ការដាក់​ឱ្យ​មាន​ប្រព័ន្ធ​អនឡាញ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក៏​គួរតែ​ត្រូវ​បាន​រៀបចំ​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន សម្រាប់​ឱ្យ​អ្នកដំណើរ​អាច​បង់ប្រាក់​តម្កល់ និង​ដកប្រាក់​នៅសល់​វិញ​ព្រម​ទាំង​ទិញ​ផលិតផល​ធានារ៉ាប់រង​ជំងឺ​កូវីដ ១៩​ ក្នុង​គោលដៅ​សម្រួល​ដល់​អ្នកធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា​ហើយ​ការផ្តល់​សេវា​ពី​អង្គភាព​រដ្ឋ​ត្រូវ​ធានា​ពី​គុណ​តម្លៃ​ និង​គុណប្រយោជន៍​របស់ខ្លួន​។

លោក ម៉ម ប៊ុនហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​​ពុធ​ម្សិលមិញ​ថា​ចំពោះ​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច​ទាំងអស់​គឺ​ក្រសួង​សុខាភិបាល​បាន​យកមក​ពិចារណា ហើយ​ក៏​មាន​សំណើ​ខ្លះ​ត្រូវ​បាន​សម្រេច​យល់ព្រម​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​កំពុងតែ​រៀបចំ ហើយ​ដាក់​បញ្ជរ​ធនាគារ​នៅ​តាម​ស្ថានីយ​មកដល់​ និង​ស្ថានីយ​ចេញដំណើរ​ក្នុង​ព្រលាន​យន្តហោះ​ដើម្បី​បង្ក​ភាពងាយស្រួល ហើយ​យើង​កំពុង​ឲ្យ​ប្រព័ន្ធ​ធនាគារ​នេះ​ចាត់ចែង​កិច្ចការ​នេះ ហើយ​ក្នុងនោះ​មាន​ធនាគារ​អេស៊ីលីដា និង​ធនាគារ​កាណាឌីយ៉ាណា​នឹង​ដំណើរការ​ក្នុង​អំឡុងពេល​ឆាប់ៗ​នេះ​»​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១០ ខែ​មិថុនា ក្រសួង​បាន​ព្យាបាល​ជាសះស្បើយ​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់ទៀត​ធ្វើឲ្យ​អ្នកជំងឺ​ដែល​មិន​ទាន់​ជាសះស្បើយ​នៅ​សល់​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ និង​មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ថ្មី​ទៀត​ឡើយ ខណៈ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ១២៦ ​នាក់​៕

វីដេអូ៖