ភ្នំពេញ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ចំណាយ​ថ្លៃ​ទឹក​ និង​អគ្គិសនី​ទៅ​ដល់​គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​រយៈពេល ៥ ខែ ខណៈ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​នេះ​នឹង​ទទួល​បាន​រយៈពេល ​៣ ខែ គិត​ចាប់​ពី​ថ្ងៃ​ស្លាប់ និង​ថ្ងៃ​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ និង​សម្រេច​ដូច​នេះ ក្នុង​ការ​ថ្លែង​សារ​ពិសេស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១០ ខែ​មេសា ដោយ​លោក​បាន​បញ្ជាក់​ថា គោលការណ៍​នេះ គឺ​អនុវត្តន៍​នៅ​ទូទាំង​ប្រទេស និង​អនុវត្តន៍​តែ​អ្នក​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ តែ​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​អន្តរាគមន៍​ជួយ​ទៅ​ដល់​គ្រួសារ​ណា​ដែល​មាន​សមាជិក​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ គឺ​រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​ការ​ប្រើប្រាស់​ទឹក និង​អគ្គិសនី​សម្រាប់ ៥ ខែ ចាប់​ពី​ខែ​អ្នក​កូវីដ​ស្លាប់ ហើយ​ចំពោះ​គ្រួសារ​ដែល​ឆ្លង​កូវីដ ១៩ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​ថ្លៃការ​ប្រើប្រាស់​ទឹក​ស្អាត និង​អគ្គិសនី សម្រាប់​រយៈពេល ៣ ខែ ចាប់​ពី​សមាជិក​នោះ​ឆ្លង​ជំងឺ ដោយ​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច»។

មួយ​វិញ​ទៀត លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​ការ​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រួសារ​ដែល​ទទួល​រង​ដោយ​ការ​ធ្វើ​ចត្តាឡីស័ក និង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ថវិកា​ចំនួន ៣០ ម៉ឺន​រៀល​ក្នុង ១ គ្រួសារ និង​បង់​ថ្ងៃ​ទឹក និង​ភ្លើង​កម្រិត​អប្បរមា​រយៈពេល ២ ខែ ដោយ​បន្ថែម​នូវ​អង្ករ ២៥ គីឡូក្រាម មី​មួយ​កេស​តូច និង​ត្រី​ខ​ចំនួន ២០ កំប៉ុង​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ក៏​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្រៅ​តំបន់​បិទ​ខ្ទប់ ផង​ដែរ ដោយ​ផ្តល់​ប្រាក់ ៣០ ម៉ឺន​រៀល ១ គ្រួសារ និង​បង់​ទឹក​ភ្លើង​ជំនួស ២ ខែ​ដូច​គ្នា ប៉ុន្តែ​លោក ហ៊ុន សែន បាន​ស្នើសុំ​ឱ្យ​ក្រុម​គ្រួសារ​ណា​ដែល​មាន​ជីវភាព​ធូរធារ​អាច​បដិសេធ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដើម្បី​យក​ថវិកា និង​ជំនួយ​ឧបត្ថម្ភ​ទាំង​នេះ​ផ្តល់​ជូន​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត៕