ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ថ្មី ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន​សម្រាប់​ឆ្នាំ​ ២០២១ ​ដែល​មាន​ចំនួន​ ៦ ១០៦ ​នាក់​ ​ក្នុង​នោះ​ត្រូវ​យកចិត្ត​ទុកដាក់​ដល់​បេក្ខភាព​ជា​ជនពិការ​ដែល​មាន​សមត្ថភាព​សមស្រប​ឲ្យ​បាន​ចំនួន​ ២ ​ភាគរយ និង​ត្រូវ​ជ្រើសរើស​យក​បេក្ខនារី​ពី​ ២០ ​ទៅ​ ៥០ ​ភាគរយ​ផងដែរ​។

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក ព្រុំ សុខា បាន​ជូនដំណឹង​ទៅដល់​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់​ស្តីពី​ការផ្តល់​ផែនការ​ក្របខ័ណ្ឌ​ជូន​គ្រប់​ក្រសួង​ស្ថាប័ន​សម្រាប់​ឆ្នាំ​ ២០២១​។ លោក​លើក​ឡើង​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ចំនួន​ផែនការ​ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ​ ២០២១ ហើយ​ចំពោះ​ក្រសួង ស្ថាប័ន​ដែល​បាន​ជ្រើសរើស​រួចហើយ​មិន​អាច​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​បន្ថែម​ក្នុង​ឆ្នាំ​ ២០២១ ​បាន​ទៀតឡើយ​។

លោក​បន្ថែមថា​៖ «​ចំពោះ​ការជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ​ ២០២១ គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​អនុវត្ត​ផ្អែក​ត្រឹម​ចំនួន​ផែនការ​ក្នុង​ឆ្នាំ ២០២០ ​ដែល​បាន​ផ្អាក​កន្លងមក​តែប៉ុណ្ណោះ​លើកលែង​តែ​ក្រសួង​ស្ថាប័ន​ចំនួន ៣ គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងការបរទេស និង​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​»​។

ដោយឡែក​ក្រសួង ស្ថាប័ន ដែល​បានធ្វើការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​មួយចំនួន​រួចហើយ​ក្នុង​ឆ្នាំ​ ២០២០ ​អាច​ធ្វើការ​ជ្រើសរើស​ចំនួន​ក្របខ័ណ្ឌ​ដែល​នៅសល់​តែ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​ ២០២១​។ លោក​ សុខា ​បញ្ជាក់​ថា ការប្រឡង​ជ្រើសរើស និង​អនុវត្ត​កម្មសិក្សា​អាច​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​ ២០២១ ​តទៅ ដោយ​ត្រូវអនុវត្ត​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​វេជ្ជសាស្ត្រ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​​ ១៩​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា៖ «​នៅពេល​បើក​ឱ្យមាន​ការប្រឡងប្រជែង​សូមមេត្តា​រៀបចំ​ជ្រើសរើស​បេក្ខជន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ឱ្យចូល​បម្រើ​ការងារ​ដើម្បី​បំពេញ​មុខតំណែង​ដែល​ទំនេរ និង​សេចក្តី​ត្រូវការ​ដែលមាន​ពិតប្រាកដ​នៅតាម​អង្គភាព​ថ្នាក់ជាតិ មន្ទីរ និង​អង្គភាព​ជំនាញ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​យកចិត្ត​ទុកដាក់​ដល់​បេក្ខភាព​ជា​ជនពិការ​ដែល​មាន​សមត្ថភាព​សមស្រប​ ២ ​ភាគរយ​នៃ​ចំនួន​ក្របខ័ណ្ឌ​សរុប​របស់​សាមីក្រសួង ស្ថាប័ន​»​។

ទន្ទឹម​នឹង​នេះ​លោក​ ព្រំ សុខា បាន​ឱ្យ​គ្រប់​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន​ត្រូវ​រៀបចំ​ស្នើសុំ​មន្ត្រី​តំណាង​ក្រសួង​មុខងារ​សាធារណៈ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​ឱ្យបាន​មុនពេល​រៀបចំ​បង្កើត​គណៈកម្មការ​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​ប្រចាំ​ឆ្នាំ ដើម្បី​ក្រសួង​មុខងារ​សាធារណៈ​មាន​លទ្ធភាព​ចូលរួម​សហការ​ចាប់ពី​ដំណាក់កាល​ដំបូង​។

ក្រសួង​ស្ថាប័ន​ចំនួន ​៣២ ​នឹង​ធ្វើការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​សរុប​ចំនួន ៦ ១០៦ ​នាក់ ​ដែល​ក្នុងនោះ​ក្រសួង ស្ថាប័ន​ដែល​ជ្រើសរើស​ច្រើនជាងគេ​មាន​ក្រសួង​អប់រំ​ ៣ ៦០០ ​នាក់​ ក្រសួង​សុខាភិបាល​ ១ ៣០០ ​នាក់ ក្រសួង​យុត្តិធម៌ (​អគ្គនាយកដ្ឋាន​កិច្ចការ​តុលាការ​) ១៧៨ ​នាក់ ក្រសួង​មហាផ្ទៃ (​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​) ១៧០ ​នាក់ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ១៣៣ ​នាក់ និង​ក្រសួង​កសិកម្ម​ចំនួន ១៣៣ ​នាក់​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែ​មេសា ឆ្នាំ​ ២០២០ ក្រសួង​មុខងារ​សាធារណៈ បានប្រកាស​ពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​សម្រាប់​ឆ្នាំ​ ២០២០ ​ឱ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​អាស្រ័យ​ដោយ​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩៕