ខេត្តរតនគិរីៈ តំបន់​បឹង​យ៉ាកអោមយ៉ាកការ៉ា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ឃុំ​សេដា ស្រុក​លំផាត់​មាន​ផ្ទៃដី​ទំហំ ១៣២,០៥ ​ហិកតា​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បង្កើតជា​តំបន់​ការពារទេសភាព​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។ នេះ​បើ​យោង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។

អនុក្រឹត្យ​ថ្មី​ស្ដីពី​ការបង្កើត​តំបន់​ការពារទេសភាព​បឹង​យ៉ាកអោម យ៉ាកការ៉ា នេះ ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ធានា​ការថែរក្សា និង​ការពារ​សោភណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​ការអភិវឌ្ឍ​វប្បធម៌ ប្រពៃណី ដ៏​មាន​សារៈសំខាន់​របស់​សហគមន៍​មូលដ្ឋាន​។

ជាពិសេស ដើម្បី​ការពារ​លំនឹង​បរិស្ថាន​តាមរយៈ​ការបង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ការពារ​ធម្មជាតិ រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយ​ធម្មជាតិ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​។

អនុក្រឹត្យ​នេះ​បាន​ប្រគល់​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង និង​ការទទួល​ខុសត្រូវ​ទៅ​ឲ្យ​ក្រសួងបរិស្ថាន​ជា​អ្នករៀបចំ​យន្តការ​នៃ​ការគ្រប់គ្រង តំបន់​ការពារ​ទេសភាព​បឹង​យ៉ាកអោម​យ៉ាកការ៉ា ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាលខេត្ត​រតនគិរី និង​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ ដើម្បី​ធានា​ដល់​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកប​ដោយ​និរន្តរភាព​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។

តាមរយៈ​អនុក្រឹត្យ​នេះ សហគមន៍​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ និង​ជុំវិញ​តំបន់​ការពារ​ទេសភាព​បឹង​យ៉ាកអោម យ៉ាកការ៉ា នឹង​ទទួលបាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង​ផងដែរ តាមរយៈ​ការបង្កើត​មុខរបរ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផ្ដល់​សេវាកម្ម​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​។

ប្រជាសហគមន៍​ជនជាតិ​ភាគតិច​ទំពួន​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ លោក ខាំ នីន​កាលពី​ម្សិលមិញ​បាន​សម្ដែង​ក្តី​រីករាយ​យ៉ាងខ្លាំង ដោយ​ «​សង្ឃឹមថា តាមរយៈ​អនុក្រឹត្យ​នេះ​ព្រៃឈើ និង​សត្វព្រៃ​រួមទាំង​ជីវចម្រុះ​ផ្សេងទៀត​ក្នុងស្រុក​ [​លំផាត់​]​ ​របស់​យើង​នឹងត្រូវ​បាន​ការពារ​ និង​អភិរក្ស​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​»​។

លោក កែន សេរីរដ្ឋា ប្រធាន​អង្គការ WCS (Cambodia) កាលពី​ម្សិលមិញ បាន​សម្ដែង​ការសាទរ​ចំពោះ​អនុក្រឹត្យ​នេះ​ដោយ​ថ្លែងថា តំបន់​នេះ​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​អេកូទេសចរណ៍ និង វប្បធម៌ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​របៀង​ជីវចម្រុះ​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​ផងដែរ​។

ទន្ទឹម​នឹងនេះ​លោក សេរីរដ្ឋា ក៏បាន​បង្ហាញ​នូវ​ក្ដី​ព្រួយ​កង្វល់​ផងដែរ អំពី​យន្តការ​ និង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការការពារ អភិរក្ស និង​ការគ្រប់គ្រង​តំបន់​ការពារ​ទេសភាព​ថ្មី​មួយ​នេះ ខណៈ​ដែល​បច្ចុប្បន្ន​ចំនួន​នៃ​មន្ត្រី​ឧទ្យានុរក្ស​គឺ​នៅ​មាន​កម្រិត​នៅ​​ឡើយ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំពោះ​ការបង្កើត​តំបន់​ការពារ​ទេសភាព​បឹង​យ៉ាកអោម យ៉ាកការ៉ា នេះ​ព្រោះ​តំបន់​នេះ​មាន​ភូមិសាស្ត្រ​ជាប់​ទៅនឹង​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់ ដែល​វា​នឹង​ក្លាយជា​តំបន់​រណប ឬ​របៀង​ជីវចម្រុះ​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់ ប៉ុន្តែ​អ្វីដែល​យើង​កំពុង​មាន​ក្ដី​ព្រួយបារម្ភ​នៅពេល​នេះ​គឺ​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស​ដែល​នៅពេល​នេះ​មាន​ចំនួន​តិច​នៅឡើយ​ហើយ​កញ្ចប់​ថវិកា​សម្រាប់​ការចុះ​ល្បាត​ត្រួតពិនិត្យ​បទល្មើស​ទៀតសោត​នៅមាន​កម្រិត​»​។

លោក សាន់ សានី អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅ​ចំពោះ​មុខ​នេះ​ខាង​មន្ទីរ​បរិស្ថាន​របស់លោក​បាន​តម្រូវ​ឲ្យ​ខាង​មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​លំផាត់​ជា​អ្នកទទួល​ខុសត្រូវ ក្នុង​ការ​គ្រប់គ្រង និង​ការពារ អភិរក្ស តំបន់​ការពារទេសភាព​បឹង​យ៉ាកអោម យ៉ាកការ៉ា​នេះ​ជា​បណ្ដោះអាសន្ន​៕