ភ្នំពេញៈ រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ពី​ការប្រមូល​ឈើ​ក្នុង​តំបន់​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ទូទាំង​ប្រទេស​តាម​សំណើ​របស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​មក​ថា មាន​ការ​ទិញ​ឈើ​ខុសច្បាប់​ពី​ខាង​ក្រៅ រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ឯ​អ្នក​ឃ្លាំមើល​ថា ត្រឹម​ការ​បញ្ឈប់​បែប​នេះ​មិន​គ្រប់គ្រាន់​ទេ គួរ​ប្តឹង​ទៅ​តុលាការ​ថែម​ទៀត​។

សំណើ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចារ​ឯកភាព​រយៈពេល​ ២ ​ថ្ងៃ​រួច​មក និង​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​សម្រេច​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ប៊ុន អ៊ុយ រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លិខិត​បាន​សរសេរ​ថា រដ្ឋាភិបាល​បាន​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​បរិស្ថាន ​«​មិន​អនុញ្ញត​ឲ្យ​ក្រុមហ៊ុន​ ឌួង ស្រួច គ្រុប ឬ​ក្រុមហ៊ុន​ផ្សេង​ទៀត​ធ្វើ​អាជីវកម្ម​ប្រមូលផល-អនុផល​ព្រៃឈើ​លើ​ដី​» ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ផ្តល់​កម្មសិទ្ធិ ជូន​ពលរដ្ឋ​កន្លង​មក ឬ​ធ្វើ​អាជីវកម្ម​ប្រមូលផល-អនុផល​ព្រៃឈើ​នៅ​ក្នុង​ទីតាំង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ទាំងអស់​។

លោក​ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​អង្គការ​អាដហុក​បាន​ថ្លែង​ថា ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ភាគច្រើន​មិន​បាន​ទទួល​ផល​ពី​ដីសម្បទាន​សង្គមកិច្ច​នោះ​ទេ​។ ប៉ុន្តែ​ការផ្តល់​ដី​សង្គមកិច្ច​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​ទៅ​វិញ ព្រោះ​ថា​ការប្រមូល​ឈើ​មាន​ទាំង​នៅ​ខាង​ក្រៅ​ដី​សង្គមកិច្ច​ដែរ​។

លោក​ ប៊ុណ្ណារ៍ ​សង្កត់​ធ្ងន់​ថា​៖ «​ដីសម្បទាន​សង្គមកិច្ច​តូច​មួយ​ហ្នឹង​កាប់​រាប់​ឆ្នាំ​ ហើយ​មិន​ចេះ​អស់​ឈើ​ទៀត តែ​ទៅ​អស់​ឈើ​នៅ​ខាង​ក្រៅ​។ ឈើ​ដែល​កាប់​ហ្នឹង​ចង់​អស់​ហើយ​។ អ៊ីចឹង​ធ្វើ​យក​បុង​ [​ស្នាដៃ​] ​មួយ​ទៅ ដោយ​ចេញ​វិធានការ​ឲ្យ​ឈប់​ទៅ​»​។

លោក​ ប៊ុណ្ណារ៍ រួម​នឹង​សហគមន៍​មូលដ្ឋាន​បាន​ដាក់​បណ្តឹង​បរិហារ​ចំនួន​ ១១ ​ទៅ​លើ​មន្ត្រី​អាជ្ញាធរ និង​ក្រុម​ឧកញ៉ា​ពី​រឿង​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​តាំងពី​ឆ្នាំ​ ២០១២ ប៉ុន្តែ​ដំណើរការ​របស់​តុលាការ​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​។

លោក​ ប៉ែន ប៊ុណ្ណារ៍ ​ក៏​ថ្លែង​ដែរ​ថា រដ្ឋាភិបាល ឬ​ក្រសួង​បរិស្ថាន​មិន​គួរ​បញ្ចប់​ការប្រមូល​ឈើ​របស់​ក្រុមហ៊ុន​ទាំងនេះ​ត្រឹម​តែ​ការ​ចេញ​លិខិត​បញ្ឈប់​បែប​នេះ​ទេ​។ ប៉ុន្តែ​គួរតែ​ធ្វើការ​ស៊ើបអង្កេត និង​ប្តឹង​ទៅ​តុលាការ ប្រសិន​រកឃើញ​ក្រុមហ៊ុន​ណា​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នោះ​។

លោក​បញ្ជាក់​ថា​៖ «​ការកាប់​ឈើ​ពី​ក្រៅ​មក​ជា​បទឧក្រិដ្ឋ​។ អ៊ីចឹង​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុសត្រូវ​។ បើ​បញ្ចប់​ត្រឹម​ចេញ​លិខិត​បញ្ឈប់ អ៊ីចឹង​វា​ក្លាយ​ជា​និទ្ទណ្ឌភាព​ដែល​មាន​ន័យ​ថា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ហើយ​រួច​ខ្លួន​ជា​អមតៈ ហើយ​រស់​នៅ​លើ​គំនរ​លុយ​ធនធាន​ធម្មជាតិ​ខុស​ច្បាប់​ហ្នឹង​។ ត្រូវ​ផ្តន្ទាទោស​ហើយ​ឲ្យ​សង​តម្លៃ​ខូចខាត​ព្រៃឈើ​ទៀត​»​។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ម្សិលមិញ ដោយ​ឲ្យ​សួរ​ទៅ​អ្នក​នាំពាក្យ​របស់​ក្រសួង​វិញ​។ ប៉ុន្តែ​អ្នក​នាំពាក្យ លោក​ សៅ សុភាព និង​លោក អ៊ាង សុផល្លែត មិន​អាច​ទាក់ទង​បាន​។

ទោះ​យ៉ាងណា​លោក​ ជា សំអាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា លោក​បាន​ឃើញ​លិខិត​សម្រេច​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ហើយ​។

លោក​ សំអាង ​បាន​បញ្ជាក់​ដោយ​ខ្លី​ពី​មូលហេតុ​នៃ​ការស្នើ​ឲ្យ​បញ្ឈប់​ការអនុញ្ញាត​ប្រមូល​ឈើ​នោះ​ថា​៖​ «​ដូច្នេះ​យើង​មើល​ឃើញ​ថា​ការបញ្ឈប់​ហ្នឹង​អាច​ឈាន​ទៅ​រក​ការពង្រឹង​បន្ថែម​ទៀត និយាយ​តែមួយ​ម៉ាត់​ប៉ុណ្ណឹង​ថា ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​បន្ថែម​ទៀត​»​។

ការសម្រេច​បញ្ឈប់​ការអនុញ្ញាត​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ជាង​ ២ ​ខែ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ឌួង ស្រួច ​ធ្វើការ​ប្រមូល​ឈើ​លើ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ​ផ្ទៃដី​ ១៥០០ ​ហិកតា​ដ៏ចម្រូងចម្រាស​មួយ​ស្ថិត​ក្នុង​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​ ៥ ខែ​ធ្នូ​ឆ្នាំ​ ២០១៧​។

ការ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ ឌួង ស្រួច​ ប្រមូល​ឈើ​នេះ​បាន​បង្ក​ជា​កង្វល់​រឿង​បន្លំ​កាប់បំផ្លាញ​ព្រៃឈើ​ពី​តំបន់​ខាង​ក្រៅ​។ លោក​ ហូ សំអុល ​អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ខេត្ត​ស្ទឹងត្រែង​លើក​ឡើង​ថា មុន​ពេល​ផ្តល់​ការអនុញ្ញាត​ឲ្យ​ប្រមូល​ឈើ​នៅ​ក្នុង​ដីសម្បទាន​សង្គមកិច្ច​នោះ​ឈើ​ត្រូវ​បាន​គេ​កាប់​អស់​មួយ​ចំនួន​ទៅ​ហើយ​។

លោក​ សំអុល ​បញ្ជាក់​ថា​៖ «​ព្រៃឈើ​ក្នុង​ដី​ហ្នឹង​ត្រូវ​គេ​កាប់​អស់​មួយ​ចំនួន​ធំ​ហើយ​។ អ៊ីចឹង​យើង​ខ្លាច​ថា​ជា​ល្បិច​ព្រួញ​មួយ​បាញ់​បាន​សត្វ​ ២ ដោយ​សំអាត​ឈើ​ក្នុង​ដី​ហ្នឹង​អស់​ហើយ គាត់​អាច​ប្រមូល​នៅ​ជិតៗ​ហ្នឹង ដើម្បី​មក​ធ្វើ​ឈើ​នៅក្នុង​ដីសម្បទាន​សង្គមកិច្ច​ហ្នឹង​ទៀត ព្រោះ​វា​មាន​ក្បាច់​កាប់​ពី​ក្រៅ​នាំ​ចូល​ក្នុង​ដីសម្បទាន​»​។

ទោះ​យ៉ាងណា លោក​ សំអុល ​បាន​ស្វាគមន៍​ចំពោះ​ការបញ្ឈប់​នេះ​។ លោក​ថា បើ​មិន​ដូច្នេះ​ទេ​គេ​អាច​ប្រើប្រាស់​ការ​អនុញ្ញាត​នោះ​ធ្វើ​ «​ឈ្នាន់​របស់​គេ​ទៅ​បំផ្លាញ​ឈើ​» ​នៅ​កន្លែង​ផ្សេង​ទៀត​។

លោក​ កែវ អូម៉ាលីស្ស អ្នក​នាំពាក្យ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​អះអាង​ថា លោក​មិន​ទាន់​បានឃើញ​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នោះ​ទេ តែ​ក្រសួង​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ប្រមូល​ឈើ​របស់​ក្រុមហ៊ុន​ ឌួង ស្រួច បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា អស់​ឈើ​ប្រមូល​។

លោក​បដិសេធ​ថា ការ​លុប​មិន​ពាក់ព័ន្ធ​ឈើ​ខុស​ច្បាប់​នោះ​ទេ ហើយ​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​តំបន់​ ១ ​អស់​ឈើ​ប្រមូល អ៊ីចឹង​យើង​ត្រូវ​លុប​ [​អាជ្ញាប័ណ្ណ​] ​ចោល​។ ​យើង​នឹង​ព្យាយាម​ធ្វើ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា គ្មាន​សកម្មភាព​ខុស​ច្បាប់​»​។

លោក​បន្ត​ថា បើ​ក្រសួង​រកឃើញ​ក្រុមហ៊ុន​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុស​ច្បាប់ ក្រសួង​នឹង​ចាត់​វិធានការ​តាម​ច្បាប់​។ លោក​ថា​ក្រុមហ៊ុន​ខ្លះ​បាន​ចាប់ផ្តើម​កាប់ និង​ប្រមូល​ឈើ​មុន​បាន​អាជ្ញាប័ណ្ណ​ទៅ​ទៀត​។

លោក​ Marcus Hardtke ដែលជា​អ្នក​អភិរក្ស និង​ធ្វើ​គម្រោង​ការពារ​បរិស្ថាន​ជាច្រើន​នៅ​កម្ពុជា​លើក​ឡើង​ថា​ការ​ចេញ​អាជ្ញាប័ណ្ណ​ប្រមូល​ឈើ​ទាំង​នោះ​គឺ​មាន​បញ្ហា​ចន្លោះ​ប្រហោង​ដ៏ធំ ដែល​បណ្តាល​ឲ្យ​មាន​ការ​លាង​ឈើ​ខុស​ច្បាប់​តាមរយៈ​ដីសម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្នុង​ទ្រង់ទ្រាយ​ធំ​។

លោក​ថា​៖ «​ប្រសិន​បើ​គ្មាន​ការចេញ​អាជ្ញាប័ណ្ណ​កាប់​ឈើ​ខុស​ច្បាប់​បន្ថែម​ទៀត​ទេ នោះ​វា​ជា​ការ​បោះជំហាន​មួយ​លើ​ផ្លូវ​ត្រូវ​»​។

គ្មាន​ស្ថាប័ន​ណា​មួយ​អាច​ប្រាប់​ចំនួន​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រមូល​ឈើ​ពី​ដី​សម្បទាន​សង្គមកិច្ច​នោះ​ទេ​។ ក្រុមហ៊ុន​ ឌួងស្រួច និង​ក្រុមហ៊ុន​ សំអឿន សុវណ្ណ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​៕