ភ្នំពេញ៖ រដ្ឋាភិបាលបានចេញបញ្ជាហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយចាប់ផ្ដើមអនុវត្តពីម៉ោង ១២ យប់ថ្ងៃទី ៩ ខែមេសា រហូតដល់ម៉ោង ១២ យប់ថ្ងៃទី ១៦ ខែមេសា ដោយបទបញ្ជានេះ គឺបានដាក់កំហិតមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀត។
នៅក្នុងសេចក្ដីប្រកាសដែលចេញនៅថ្ងៃនេះបានបញ្ជាក់ថា ការចេញបទបញ្ជានេះ គឺដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ កុំឱ្យរាលដាលចេញពីដំណាក់កាលនាំចូលជំងឺពីប្រភពខាងក្រៅ ចូលទៅដល់ដំណាក់កាលនៃការឆ្លងរាលដាល រវាងប្រជាជននៅក្នុងសហគមន៍។
ប៉ុន្តែបទបញ្ជានេះ គឺបានលើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ នៅតាមផ្លូវគោក ផ្លូវទឹកនិងផ្លូវដែក រួមទាំងរថយន្តនិងមធ្យោបាយធ្វើដំណើរ របស់មន្ត្រីរាជការស៊ីវិល គ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន។
ក្រៅពីនេះ គឺមានការលើកលែង រថយន្តនិងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋនិងឯកជន រថយន្តដឹកសំរាមនិងកាកសំណល់។
ជាមួយគ្នានេះ ការលើកលែងរថយន្តដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ត្រូវតែមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការលើកលែងផ្សេងទៀតគឺការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ។
ទោះយ៉ាងណា សេចក្ដីប្រកាសរបស់រដ្ឋាភិបាលនេះបានបញ្ជាក់ថា ចំពោះការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវហាមឃាត់ការឆ្លងកាត់ ពីខណ្ឌមួយ ទៅខណ្ឌមួយទៀតនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ការចេញបទបញ្ជានេះ គឺធ្វើឡើងដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន។
លោកសរសេរថា៖«ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្ន ប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូន ជនរួមជាតិ ក្នុងគ្រាដ៏លំបាកនេះ»៕