ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ ចូលរៀន​ក្នុង​ដំណាក់កាល​ទី​ ២ សម្រាប់​ថ្នាក់​ទី​ ៩ ​និង​ទី​ ១២ នៅ​អំឡុង​ខែក្រោយ​នេះ ដើម្បី​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខែធ្នូ​ ឆ្នាំនេះ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញផ្សាយ​ពី​ម្សិលមិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ «​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០» នេះ​បាន​ឱ្យដឹង​ថា លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​ ៩ និង​ទី​ ១២ នៃ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចូល​រៀន​នៅក្នុង​ដំណាក់កាល​ទី​ ២ នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០២០​។ ការបើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​នេះ​គឺ​ស្ថិត​ក្នុង​ទ្រង់ទ្រាយ​តូច​ចំនួន​ ១៥ ​នាក់​ក្នុង​ ១ ​ថ្នាក់​ដោយ​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការប្រឡង​។

ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ន័យ​នេះ​ក្រសួង​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ខែធ្នូ ឆ្នាំ​ ២០២០ ខាងមុខ​។ ចំពោះ​ការរៀបចំ​ការសិក្សា​នៅ​តាម​គ្រឹះស្ថាន សិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ដទៃ​ទៀត​ក្រសួង​នឹង​រៀបចំ​សេចក្តី​ណែនាំ​តាម​ក្រោយ​»​។

ក្រសួង​អប់រំ​បញ្ជាក់​តាម​សេចក្ដី​ប្រកាស​នេះ​ទៀតថា សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​ដែល​ជា​តំណាង​គ្រឹះស្ថានសិក្សា ឯកជន បាន​ស្ម័គ្រចិត្ត​ពន្យារពេល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ការប្រឡង​ជាមួយ​ថ្នាក់ជាតិ​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០២០ ​ជាមួយ​នឹង​សិស្ស​គ្រឹះស្ថានសិក្សា​សាធារណៈ​ផងដែរ​។

សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ទី​ ៩ ខែ​សីហា ក៏បាន​ចេញ​លិខិត​ ១ ​ច្បាប់​ផ្ញើ​ទៅ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាក់ទង​នឹង​ករណី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​របស់​សមាជិក​សមាគម​ខ្លួន​ផងដែរ​។ ក្នុងនោះ​សមាគម​បាន​បញ្ជាក់ថា សមាជិក​សមាគម​បាន​ឯកភាព​គ្នា​ប្ដូរ​ការប្រឡង​ដែល​គ្រោង​នឹង​រៀបចំ​ប្រឡង​នៅ​ថ្ងៃទី​ ២៧-២៨ ខែសីហា​នេះ​ទៅ​ប្រឡង​ជាមួយ​ការប្រឡង​ថ្នាក់ជាតិ​នៅ​ខែធ្នូ ឆ្នាំ​ ២០២០ វិញ​។

លោក​ ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សមាជិក​សមាគម​ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​ការប្រឡង​បាក់ឌុប​សរុប​ប្រមាណ​ ៤០ ​គ្រឹះស្ថាន​។ រីឯ​សិស្ស​ដែល​មាន​ប្រមាណ ៤ ០០០ ​នាក់​ ត្រូវ​ប្រឡង​បាក់ឌុប​នោះ​ក៏​បាន​ឯកភាព​គ្នា​លើក​ពេល​ប្រឡង​បាក់ឌុប​ដែល​គ្រោង​ប្រឡង​នៅ​ចុងខែ​សីហា​នេះ​ដែរ ដោយ​រង់ចាំ​ប្រឡង​ជាមួយ​គ្រឺះ​ស្ថាន​សិក្សា​សាធារណៈ​របស់​រដ្ឋ​នៅ​ខែ​ធ្នូ​ខាងមុខ​ទាំងអស់​គ្នា​វិញ​។

លោក​ វ៉ាន់ដា បាន​ថ្លែង​ថា​៖ «​ក្រោយ​កិច្ចប្រជុំ​ជាមួយ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​លោក​បញ្ជាក់ថា ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខែធ្នូ​ខាងមុខ​។ ដូច្នេះ​បើ​យើង​រៀបចំ​ការប្រឡង​ដោយ​ខ្លួនឯង​នៅ​ចុងខែ​សីហា គឺ​សល់​ពេល​តែ​ ២ ​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ការប្រឡង​ថ្នាក់ជាតិ​។ វា​នៅពេល​កៀក​គ្នា​មែនទែន ទើប​យើង​ឯកភាព​គ្នា​សម្រេច​លើក​ពេល​ទៅ​ប្រឡង​ជាមួយ​ថ្នាក់ជាតិ​តែម្ដង​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​បន្ថែម​កាលពី​ម្សិលមិញ​ថា ទោះបី​ជា​វិស័យ​អប់រំ​កម្ពុជា​បាន​ប្រឈម​នឹង​វិបត្ដិ​កូវីដ​១៩ ដូច​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ក្តី ប៉ុន្ដែ​ការប្រឡង​បាក់ឌុប និង​ប្រព្រឹត្ដ​ទៅ​ដូច​ឆ្នាំ​កន្លង​មក​ដែរ​។

លោក​សង្កត់ធ្ងន់​ថា គឺ​ត្រូវគោរព​គោលការណ៍​ ៤ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យកបាន​។ លោក​បញ្ជាក់​ថា​៖ «​ក្រសួង​អប់រំ​សូម​អំពាវនាវ​ឱ្យ​សិស្សថ្នាក់ទី​៩​និងទី​១២នៃ​សាលា​សាធារណៈ​ចាប់ផ្ដើម​ចូល​សិក្សា​ឡើងវិញ​នៅ​ខែ​កញ្ញា​ខាង​មុខ​»​។

លោក​ សុវាចា បញ្ជាក់ទៀត​ថា ក្រោយ​ទទួល​បាន​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែម​នៅពេល​ខាងមុខ ក្រសួង​អប់រំ​នឹង​ចេញ​គោលការណ៍​ណែនាំ​លម្អិត​បន្ថែម​ចំពោះ​ការចូល​រៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​ ២ ​នេះ​៕