ភ្នំពេញៈ ទីស្តីការ​គណៈរដ្ឋមន្ត្រី​សម្រេច​និរាករណ៍​អនុក្រឹត្យ​នៃ​ការកាត់​ផ្ទៃ​បឹង​តាមោក​ចំនួន​ ២ ​កន្លែង ដែល​មាន​ផ្ទៃដី​ប្រមាណ ៣០ ​ហិកតា ​ដែល​ជា​ថ្នូរ​សម្រាប់​ការដោះដូរ​ទីតាំង​របស់​ក្រសួង និង​ស្ថាប័ន​មួយចំនួន​ជំនួស​វិញ​នោះ បន្ទាប់ពី​មាន​ការបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លិខិត​ ១ ​ច្បាប់​ចុះ​ថ្ងៃទី​ ៤ មករា ឆ្នាំ​ ២០២១ ដោយមាន​ហត្ថលេខា​របស់​លោក ​ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្រេច​និរាករណ៍​លិខិត​លេខ​ ៧៩០ ​ស្តីពី​សំណើ​សុំ​គោលការណ៍​អនុញ្ញាត​កាត់​ផ្ទៃ​ បឹងតាមោក​ (​បឹងកប់​ស្រូវ​) ​ទំហំ​ ១៥ ​ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែកព្នៅ សម្រាប់​សាងសង់​អគារ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អនុក្រឹត្យ​លេខ​ ១៣៨ ស្តីពី​ការកែសម្រួល​ផ្ទៃ​បឹង​តាមោក ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​បាន​សម្រេច​និរាករណ៍​លិខិត​លេខ​ ៧៩១ ​ស្តីពី​សំណើសុំ​កាត់​ផ្ទៃ​បឹង​តាមោក​ទំហំ​ ១៥ ​ហិកតា​​ ស្ថិត​នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អគារ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ ជនពិការ​ដោយសារ​មីន និង​អនុក្រឹត្យ​លេខ​ ១៣៩ ស្តីពី​ការកែសម្រួល​ផ្ទៃ​បឹង​តាមោក​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។

លិខិត​ដដែល​បញ្ជាក់ថា រដ្ឋាភិបាល​ក៏​បាន​សម្រេច​និរាករណ៍​លិខិត​លេខ​ ៨៩៧ និង​លិខិត​លេខ​ ៨៣៤ ស្តីពី​សំណើសុំ​ការអនុញ្ញាត​ដោះដូរ និង​ផ្ទេរកម្មសិទ្ធិ​ទីតាំង​អគារ​ទីស្តីការ​ទាំងអស់​ខាងលើ​នេះ​ដោយ​ការបញ្ឈប់​ការផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន ធីភី ម៉ូរាល់គ្រុប ឯ.ក ជា​ថ្នូរ​នឹង​ការទទួល​បាន​ដី​មួយចំនួន និង​ការសាងសង់​អគារ​ថ្មី ឃ្លាំង រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​អង្គភាព​ទាំងនោះ​។

លោក​ ហ៊ីង ថូរ៉ាក់ស៊ី បាន​ឱ្យ​ដឹង ក្នុង​លិខិត​ដែរ​ថា ជាមួយ​នឹង​ការនិរាករណ៍​នេះ​រដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​អគារ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បច្ចុប្បន្ន​ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ ហើយ​បាន​ប្រគល់​អគារ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ ជនបទ​បច្ចុប្បន្ននេះ​ទៅ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​។

លោក​បន្ថែមថា​៖ «​រដ្ឋាភិបាល​ប្រគល់​ទីតាំង​ទីស្តីការ​ក្រសួង​រ៉ែ និង​ថាមពល​បច្ចុប្បន្ន​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​»​។

លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ពី​ម្សិលមិញ​ថា ការនិរាករណ៍​សេចក្តី​សម្រេច​ដែល​យក​បឹង​សម្បត្តិ​សាធារណៈ​នេះ គឺជា​ជំហាន​ត្រឹមត្រូវ ដែល​រដ្ឋាភិបាល​មិន​គួរឱ្យ​កើតឡើង​តាំងពី​ដំបូង​មក​ម្ល៉េះ​។ ព្រោះ​រដ្ឋាភិបាល គឺជា​អ្នក​ធានាថា ផ្ទៃ​បឹង​នេះ​គួរ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​មិនអាច​លុប​បានទេ​។ លោកស្រី​បន្តថា ការលុប​ផ្ទៃ​បឹង​ធម្មជាតិ និង​ជា​ផ្ទៃ​បឹង​សាធារណៈ​នេះ​គឺ​នឹងមាន​គ្រោះថ្នាក់​ដែល​រដ្ឋាភិបាល​គួរ​ពិនិត្យ​បន្ថែមទៀត​លើ​ការ​អនុបយោគ​ និង​ការផ្ទេរកម្មសិទ្ធិ​ដទៃទៀត​ក្នុង​តំបន់​បឹង​តាមោក​ផងដែរ​។

លោកស្រី​ ចក់ សុភាព បញ្ជាក់ថា៖ «​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​តំបន់​នេះ គួរ​មាន​ការទទួល​ខុសត្រូវ និង​ធានាថា ធុរកិច្ច​របស់​ខ្លួន​នឹងមិន​ប៉ះពាល់​ដល់​សង្គម​ និង​បរិស្ថាន​»​។

លោកស្រី​បន្ថែមថា​៖ «​រដ្ឋាភិបាល​គួរ​បង្ហាញ​ពី​ការវាយតម្លៃ​ផលប៉ះពាល់ និង​មូលហេតុ​នៃ​ការកាត់​ផ្ទៃដី​បឹង​ជា​បន្តបន្ទាប់​ដល់​សាធារណជន​ឱ្យបាន​យល់​ និង​ជ្រាប​ពី​ការសម្រេចចិត្ត​ទាំងឡាយ​កន្លងមក​។ ជាពិសេស​ត្រូវ​បង្ហាញថា តំបន់​ដែល​ជា​សម្បត្តិ​សាធារណៈ​នោះ​បាត់បង់​នូវ​តម្លៃ​ផលប្រយោជន៍​សាធារណៈ​ទៀត​ហើយ​បើតាម​លក្ខខណ្ឌ​នៃ​ការបំប្លែង​ទៅជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ​»​។

បឹង​តាមោក គឺជា​បឹង​ធំ​មួយ​នៅ​ភ្នំពេញ​ដែលមាន​ផ្ទៃក្រឡា​ជាង ​៣ ០០០ ​ហិកតា​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃ​បឹង​នេះ​ជាច្រើន​រយ​ហិកតា ដើម្បី​ប្រគល់​ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ​ធ្វើជា​សួនច្បារ ឧទ្យាន​ធម្មជាតិ​សាធារណៈ អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​អគារ​ការិយាល័យ​របស់​ក្រសួង​នានា​ជាច្រើន​។

លោក ឯក ថា អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ពី​ម្សិលមិញ​ថា​៖ «​រាល់​កិច្ចការ​អ្វីៗ​ទាំងអស់ ដែល​រដ្ឋាភិបាល​សម្រេច​ធ្វើ​អ្វីមួយ គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​កម្ពុជា​។ ព្រោះ​រាជរដ្ឋាភិបាល​បាន​កើត​ចេញពី​ការបោះឆ្នោត​ដោយ​មាន​ការគាំទ្រ​ដ៏ច្រើន​លើសលប់​ពី​ប្រជាជន​កម្ពុជា​»៕

វីដេអូ៖