
ជនមានពិការភាពជិះម៉ូតូកែច្នៃនៅលើផ្លូវសុធារសកាលពីឆ្នាំ ២០១៩។ រូប សហការី
ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធចំនួន ៣ បានចេញប្រកាសអន្តរក្រសួង អនុញ្ញាតឱ្យជនមានពិការភាពមានសិទ្ធិទទួលបានបណ្ណបើកបរស្របច្បាប់ក្នុងគោលដៅលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី ៣ ធ្នូ។
សេចក្តីប្រកាសអន្តរក្រសួងនេះចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីថ្ងៃទី ៣ ខែធ្នូ ប៉ុន្តែទើបផ្សព្វផ្សាយពីម្សិលមិញ។
យោងតាមសេចក្តីប្រកាសអន្តរក្រសួងឱ្យដឹងថា ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគុប ឬមានថាមពលអគ្គិសនីលើសពី ១១ គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់ ៤ រថយន្តដឹកអ្នកដំណើរមិនលើសពី ៩ នាក់គិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបញ្ជាក់ថា ប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរដល់ជនមានពិការភាពនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិដល់ជនមានពិការភាពដែលមានសមត្ថភាព អាចប្រើប្រាស់យានយន្តបាននៅប្រទេសកម្ពុជា។ កាលពីមុនជនមានពិការភាព មិនត្រូវបានផ្តល់បណ្ណសម្រាប់បើកបរ យានយន្តនៅលើផ្លូវថ្នល់នោះទេ។
លោកបន្តថា៖ «សេចក្តីប្រកាសអន្តរក្រសួងនេះមានគោលដៅកំណត់អំពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាពដែលមានកំណត់ប្រភេទជនដែលមានពិការភាពដែលអនុញ្ញាតឱ្យបើកបរបាន។ ប្រភេទយានយន្តសម្រាប់ជនមានពិការភាពបើកបរ និងផ្នែកនៃយានយន្តដែលត្រូវកែច្នៃសម្រាប់ជនដែលមានពិការភាពសម្រាប់យកទៅ បើកបរ» ។
បើតាមលោក ឯម ច័ន្ទមករា ប្រកាសអន្តរក្រសួងនេះត្រូវបានចាត់ទុកជាឯកសារគតិយុត្ត និងជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យ ពិការភាព ដែលកម្ពុជាបានកសាងស្នាដៃ សម្រាប់បម្រើឱ្យផលប្រយោជន៍សម្រាប់បងប្អូនមានពិការភាព។
ពីដើមឡើយបើទោះបីទោចក្រយាន ត្រីចក្រយានយន្ត ឬ រថយន្តផ្សេងៗដែលត្រូវបានកែច្នៃ និងត្រូវបានប្រើប្រាស់ដោយជនពិការក្តី ប៉ុន្តែមិនអនុញ្ញាតឱ្យបើកបរនៅលើផ្លូវសាធារណៈបាននោះទេ ព្រោះច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់បណ្ណបើកបរនេះ។ ប៉ុន្តែច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនមានពិការភាពបានចង្អុលឱ្យក្រសួងទាំង ៣ ចេញ ប្រកាសរួមដើម្បីកំណត់ប្រភេទយានយន្តសម្រាប់ជនមានពិការភាពតម្រូវឱ្យមានបណ្ណបើកបរ។
លោកថា ដោយឡែកសម្រាប់ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ រួមមាន ហ្វ្រាំង ហ្គែរ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់ យានយន្ត និងកែច្នៃពីកង់ ២ ទៅកង់ ៣ ក៏អនុញ្ញាតឱ្យបានដែរ។ ប៉ុន្តែត្រូវធ្វើយ៉ាងណា សមស្របបង្កលក្ខណៈងាយស្រួលប្រកបដោយសុវត្ថិភាព សម្រាប់ជនដែលមានពិការភាពនេះឯង។ សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬបរទេសដែលបានប្រឡងជាប់មានសុពលភាពរយៈពេល ១០ ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ដែលត្រូវប្ដូរមកបណ្ណបើកបរកម្ពុជា មានសុពលភាព រយៈពេល ១ ឆ្នាំម្ដង។ សម្រាប់នីតិវិធីនៃការប្រឡងយកបណ្ណបើកបរសម្រាប់ជនមានពិការភាពដែលជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេសត្រូវអនុវត្តដូចការប្រឡងយកបណ្ណបើកបរទូទៅដែរ។
តាមមន្ត្រីរូបនេះការប្រឡងក៏ត្រូវបានចែកចេញជា ៣ កម្រិតធំៗដែរ រួមមានកម្រិតទី១ ពិការភាពធ្ងន់ធ្ងរ ដែលជាទូទៅមិនមានសមត្ថភាពក្នុងការប្រឡងយកបណ្ណបើកបរយានយន្តទេ។ ប៉ុន្តែលើកលែងករណីមួយចំនួនត្រូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន ថែទាំ ចិត្តសង្គម ឬស្តារកាយសម្បទាឡើងវិញ ទើបអាចប្រឡងយកបណ្ណបើកបរបាន។ កម្រិតទី២ ជនដែលមានពិការភាពកម្រិតមធ្យមដែលមានសមត្ថភាពក្នុងការប្រឡងយកបណ្ណបើកបរ ហើយអនុញ្ញាតឱ្យបើកបរ ប៉ុន្តែតម្រូវឱ្យកែច្នៃប្រភេទយានយន្ត និងកម្រិតទី ៣ គឺជនដែលមានពិការភាពកម្រិតស្រាលដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឱ្យបើកបរដោយមិនចាំបាច់ កែច្នៃយានយន្តនោះទេ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងដែរថា សេចក្តីប្រកាសរួមនេះ ដើម្បីផ្តល់បណ្ណបើកបរដល់ជនដែលមានពិការភាពឱ្យស្របទៅនឹងការកែច្នៃយានយន្ត ប្រកបដោយលក្ខណៈបច្ចេកទេស ព្រោះជនពិការខ្លះមានសមត្ថភាពក្នុងការបើកបរ និងពិការភាពខ្លះទៀត មិនមានសមត្ថភាពនោះទេ។
លោកថា៖ «យើងត្រូវតែរៀបចំចេញបណ្ណបើកបរតាមការវាយតម្លៃយ៉ាងច្បាស់លាស់ទៅលើរថយន្ត ដែលមានការកែច្នៃ ឱ្យស្របទៅនឹងសេចក្តីប្រកាសអន្តរក្រសួង ដើម្បីធានាដល់សុវត្ថិភាពដល់ជនដែលមានពិការភាព»។
លោកបន្តថា៖ «បើយើងចេញបណ្ណបើកបរឱ្យគាត់ [ជនដែលមាន ពិការភាព] ដូចគេដូចឯង ហើយមិនបានវាយតម្លៃ វានឹងបង្កឱ្យមាន បញ្ហា ហើយម្ចាស់ខ្លួនក៏ដូចគ្នាដែរ។ អ៊ីចឹងហើយបានយើងមាននីតិវិធីមួយរួមគ្នានោះ ដើម្បីធានាដល់សុវត្ថិភាព»។
លោក ម៉ី សាម៉ីត តំណាងជនពិការនៅទីក្រុងភ្នំពេញគាំទ្រការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលចេញសេចក្តីប្រកាសអន្តរក្រសួងដែលអនុញ្ញាតឱ្យជនមានពិការភាព មានលទ្ធភាពប្រឡងយកបណ្ណបើកបរ មកប្រើប្រាស់ដូចមនុស្សទូទៅផងដែរ។
លោកថា កាលពីកន្លងទៅជនដែលមានពិការភាពមួយចំនួនមានលទ្ធភាពក្នុងការទិញរថយន្តយកមកប្រើប្រាស់ដូចគេដែរ ប៉ុន្តែមិនអាចធ្វើទៅរួចដោយសារ មិនមានការអនុញ្ញាតឱ្យប្រឡងយកបណ្ណបើកបរដូចមនុស្សធម្មតា។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ដែលអនុញ្ញាតឱ្យជនមានពិការភាពគ្រប់រូបមានបណ្ណបើកបរ ដោយនៅក្នុងសេចក្តីប្រកាសនេះ មិនបានបញ្ជាក់ថា ជនពិការប្រភេទនេះ ឬប្រភេទនោះ បើកបរបាន ឬមិនបាននោះទេ។ ទាំងជនពិការជើង ពិការភ្នែក ឬ គថ្លង់មានឱកាសបើកបរបាន ឱ្យតែ មានការកែច្នៃរថយន្តឱ្យស្របទៅនឹងជនពិការមាន»៕
វីដេអូ៖