ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​មុខងារ​សាធារណៈ​កាលពី​ថ្ងៃ​ពុធ បានសម្រេច​ផ្ដល់​ផែនការ​ក្របខ័ណ្ឌ​ដល់​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ​ចំនួន ៣០ ដើម្បី​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រីរាជការ​ស៊ីវិល​ថ្មី​ជាង ៦ ​ពាន់​នាក់​ និង​មន្ដ្រី​ជាប់កិច្ចសន្យា​ជាច្រើន​ម៉ឺន​នាក់​សម្រាប់​បំពេញ​ការងារ​តាម​កន្លែង​នីមួយៗ​។

លិខិត​របស់​ក្រសួង​មុខងារសាធារណៈ​ស្ដីពី «​ការផ្ដល់​ផែនការ​ក្របខ័ណ្ឌ​ជូន​គ្រប់​ក្រសួង ស្ថាប័ន សម្រាប់​ឆ្នាំ​ ២០២០» បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្ដល់​ជាគោលការណ៍​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី មន្ត្រីរាជការ​ស៊ីវិល ចំនួន​ ៦ ២១៤ ​កន្លែង​មន្ដ្រី​ជាប់កិច្ចសន្យា​ចំនួន​ ១៩ ១៣៧ ​នាក់ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ចំនួន ៩ ៨៩៦ នាក់ គ្រូបង្រៀន​ ២ ​ថ្នាក់​ ២ ​ពេល​ចំនួន ១១ ៦៧១ នាក់​គ្រូបង្រៀន​ថ្នាក់​គួប ​២ ចំនួន ២ ៥៩៨ នាក់ គ្រូបង្រៀន​ថ្នាក់​គួប​ ៣ ចំនួន ១២០ នាក់ គ្រូបង្រៀន​ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន ២៤៧២ នាក់ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ខ្មែរ-អ៊ិស្លាម​ចំនួន ១៧៨ នាក់ ដើម្បី​ផ្ដល់ជូន​គ្រប់​ក្រសួង ស្ថាប័ន ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

ក្រសួង​បញ្ជាក់ថា ការផ្ដល់​ផែនការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី និង​មន្ដ្រី​ជាប់កិច្ចសន្យា​តាម​គ្រប់​បណ្ដា​ក្រសួង​ និង​ស្ថាប័ន​រដ្ឋ​នេះ​ក្រោយ​ទទួល​បាន​ចំណារ​យល់ព្រម​ពី​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ទី​ ៩ ខែ​ធ្នូ ឆ្នាំ​ ២០១៩​។

ក្រសួង​មុខងារសាធារណៈ​បាន​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​សហការ​អនុវត្ដ​នូវ​គោលការណ៍​មួយ​ចំនួន ចំពោះ​ការជ្រើសរើស និង​ការប្រើប្រាស់​ធនធាន​មនុស្ស​ឆ្នាំ​ ២០២០ ​នេះ​។ ក្រសួង​ស្នើថា​៖ «​ក្រសួង​ស្ថាប័ន​ត្រូវ​ធ្វើការ​​ប្រកាស​ជ្រើសរើស​ចេញពី​ការប្រឡងប្រជែង​ក្នុង​ចំណោម​សិស្ស-និស្សិត និង​មន្ដ្រីរាជការ​ស៊ីវិល​ក្នុង​ពេល​តែមួយ និង​ត្រូវ​ប្រកាស​លទ្ធផល​ប្រឡង​ជាប់​ជា​ស្ថាពរ​យ៉ាងយូរ​ត្រឹម​ដំណាច់​ខែ​មិថុនា​ឆ្នាំ​ ២០២០ ព្រមទាំង​ចាត់ចែង​រៀបចំ​បើក​ផ្ដល់​បៀវត្សរ៍​ដល់​បេក្ខជន​ប្រឡង​ជាប់​ឲ្យ​បាន​យ៉ាងយូរ ១ ​ខែក្រោយ​ការទទួលស្គាល់​លទ្ធផល​ពី​ក្រសួង​មុខងារសាធារណៈ​»​។

ក្រសួង​មុខងារ​សាធារណៈ​បញ្ជាក់​ថា​៖ «​នៅពេល​បើក​ឲ្យ​មាន​ការប្រឡងប្រជែង សូម​មេត្ដា​រៀបចំ​ជ្រើសរើស​បេក្ខជន​ណា​ដែលមាន​លក្ខណ​សម្បត្ដិ​គ្រប់គ្រាន់​ឲ្យ​ចូល​បម្រើ​ការងារ ដើម្បី​បំពេញ​មុខតំណែង​ដែល​ទំនេរ និង​សេចក្ដីត្រូវការ​ដែល​មាន​ពិតប្រាកដ​នៅតាម​អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​អង្គភាព​ជំនាញ​រាជធានី-ខេត្ដ​»​។

លើស​ពី​នេះ​ ក្រសួង​បាន​ជំរុញ​ឲ្យ​យកចិត្ត​ទុកដាក់​ដល់​បេក្ខភាព​ជនពិការ​ដែល​មាន​សមត្ថភាព​សមស្រប​ ២ ​ភាគរយ​នៃ​ចំនួន​ក្របខ័ណ្ឌ​សរុប​របស់​សាមីក្រសួង​ស្ថាប័ន​ហើយ​ត្រូវ​មាន​បេក្ខនារី​ជាប់​ជា​ស្ថាពរ​ពី​ ២០ ​ទៅ​ ៥០ ភាគរយ​នៃ​ចំនួន​ក្របខ័ណ្ឌ​ដែល​ទទួលបាន​ប្រចាំឆ្នាំ​។

លោក ជុត មន្នី អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ​ថ្លែង​កាលពី​ម្សិលមិញ​ថា ជា​រៀងរាល់​ឆ្នាំ រាជរដ្ឋាភិបាល​បានជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ​ដើម្បី​យក​ទៅ​បំពេញបន្ថែម​ចន្លោះ​កន្លែង​ការងារ ដែលមាន​មន្ដ្រី​ចូល​និវត្ដន៍​។ ប៉ុន្ដែ​ចំនួន​ជ្រើសរើស​មន្ដ្រី​ចូល​ថ្មី​នេះ គឺ​មិន​ឲ្យ​មាន​ចំនួន​លើសពី​ចំនួន​មន្ដ្រី​ដែល​ធ្លាប់​បាន​បម្រើ​ការងារ​ចាស់​នៅតាម​បណ្ដា​ក្រសួង ស្ថាប័ន​នោះទេ​ព្រោះ​រាជរដ្ឋាភិបាល​កំពុង​កាត់បន្ថយ​ចំនួន​មន្ដ្រី​ជា​អតិបរមា​។

លោក​ថ្លែងថា​៖ «​ជា​រៀងរាល់​ឆ្នាំ​រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ​បន្ថែម​នៅ​ចន្លោះ មន្ដ្រី​ដែល​បាន​ចូល​និវត្ដន៍​។ មានន័យ​ថា មន្ដ្រី​ចូល​និវត្ដន៍​មាន​ ៣ ​នាក់ យើង​ជ្រើសរើស​ចូល​វិញ​ម្នាក់​ ឬ​ ២ ​នាក់​ទេ ព្រោះ​យើង​កាត់បន្ថយ​ចំនួន​ជា​អតិបរមា​ហើយ​។ ចំណែក​មន្ដ្រី​កិច្ចសន្យា គឺ​យើង​ប្រើប្រាស់​ចំនួន​នៅ​ដដែល​មិន​ឲ្យ​កើន​ទេ​»​។

លោក មន្នី បញ្ជាក់ថា​៖ «​ចំនួន​មន្ដ្រី​ក្របខ័ណ្ឌ​គឺ​យើង​ត្រូវ​ជ្រើសរើស​មន្ដ្រី​ថ្មី ព្រោះ​មាន​មន្ដ្រី​ដែល​បាន​ចូល​និវត្ដន៍ ដែល​ត្រូវ​ជ្រើសរើស​ពី​សិស្ស-និស្សិត​ដែល​ត្រូវដាក់​ពាក្យ​ចូល​ប្រឡង​។ ចំណែក​មន្ដ្រី​ជាប់​កិច្ចសន្យា​ក្នុង ១ ​ឆ្នាំ​ក្រសួង​ស្ថាប័ន​ត្រូវ​ជ្រើសរើស​ម្ដង ក្នុងនោះ​មាន​មន្ដ្រី​ជាប់កិច្ចសន្យា​ចាស់ និង​សិស្ស-និស្សិត​ថ្មី​ប្រឡង​ចូល ព្រោះ​ក្នុង​មន្ដ្រី​កិច្ចសន្យា​នេះ​មាន​មន្ដ្រី​ខ្លះ​បាន​បន្ដ​កិច្ចសន្យា និង​មន្ដ្រី​ខ្លះទៀត ត្រូវ​ឈប់​ទើបត្រូវ​ជ្រើសរើស​បន្ថែម​។ ប៉ុន្ដែ​មន្ដ្រី​កិច្ចសន្យា​បើ​ត្រូវ​បន្ត​គឺ​ត្រូវ​ដាក់ពាក្យ​ស្នើ​ឡើងវិញ​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​កាលពី​ម្សិលមិញ​ថា ជាទូទៅ​ក្រសួង​អប់រំ ជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ និង​មន្ត្រី​ជាប់កិច្ចសន្យា​ជាប្រចាំ​ឆ្នាំ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​តាម​បណ្ដា​រាជធានី-ខេត្ដ​។

លោក​ថ្លែងថា​៖ «​ចំនួន​មន្ដ្រី​ដែល​ក្រសួង​ទទួល​បាន​ផែនការ​ជ្រើសរើស​ថ្មី​នេះ គឺជា​ចំនួន​ដែល​ត្រូវ​ជ្រើសរើស​បន្ថែម ព្រោះ​មាន​បុគ្គលិក​ខ្លះ ក្រោយពី​ចូល​បម្រើ​ការងារ​មួយរយៈ​ពួកគាត់​មានការ​ផ្លាស់ប្ដូរ​ជម្រើស​អាជីព​ការងារ​របស់​ពួកគាត់​លើ​មូលហេតុ​បុគ្គល​ផ្សេងៗ​គ្នា​។ ដូច្នេះ​ក្រសួង​ត្រូវ​ធ្វើការ​ជ្រើសរើស​ជាប្រចាំ​ឆ្នាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​»​។

តាម​ការផ្តល់​ផែនការ​ក្របខ័ណ្ឌ​របស់​ក្រសួង​មុខងារ​សាធារណៈ សម្រាប់​ផែនការ​ជ្រើសរើស​មន្ដ្រីរាជការ​ស៊ីវិល​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​ក្រសួង​អប់រំ​ត្រូវការ​ជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ​ថ្មី​បន្ថែម​ចំនួន ៣៦០០ ​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន​ ៧០៤ នាក់​ដើម្បី​បំពេញ​តម្រូវការ​បន្ថែម​កន្លែង​ដែល​ខ្វះចន្លោះ​៕