
សារមន្ទីរជាតិដែលបានបិទមិនឲ្យទេសចរចូលកន្លងមកដោយសារជំងឺកូវីដ១៩។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលសម្រេចឲ្យបើកដំណើរការនូវសារមន្ទីរជាង ៣០ នៅទូទាំងប្រទេសជូនភ្ញៀវជាតិ និងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនា ឆ្នាំ ២០២០ តទៅ ប៉ុន្តែត្រូវអនុវត្តតាមវិធានអនាម័យ។ ទន្ទឹមគ្នានេះដែរចាប់ពីថ្ងៃទី ២០ ខែឧសភា ជនបរទេសដែលមកពី ៦ ប្រទេស ដែលត្រូវបានហាមឃាត់នាពេលកន្លងទៅអាចនឹងចូលមកកម្ពុជាបានឡើងវិញដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដាក់ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ១៩ ខែឧសភា បានឲ្យដឹងថា ការសម្រេចឲ្យសារមន្ទីរនានានៅក្នុងប្រទេសបើកដំណើរការឡើងវិញចាប់ពីខែមិថុនា ឆ្នាំ ២០២០ តទៅក្រោយពីទទួលបានចំណារយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម។
ទន្ទឹមនឹងនេះក្រសួងសុខាភិបាលសូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលបើកដំណើរការត្រូវរៀបចំវិធានការបើកដំណើរការត្រូវរៀបចំវិធានការការពារនានាឲ្យរួចរាល់ជាមុន ដើម្បីចៀសវាងនូវហានិភ័យនៃការចម្លងវីរុសកូវីដ ១៩។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថាវិធានការទាំងនោះមានដូចជាមានការស្គែនកម្ដៅភ្ញៀវមុនអនុញ្ញាតឲ្យចូលទស្សនា មានប្រើអាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គល និងមិនត្រូវអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ។
ជាមួយនឹងការបើកដំណើរការនេះក្រសួងសុខាភិបាលកាលពីម្សិលមិញ ក៏បានសម្រេចអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសចំនួន ៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិកអាចចូលមកប្រទេសកម្ពុជាជាធម្មតាឡើងវិញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ជនបរទេសនៅប្រទេសទាំងនោះត្រូវបានរដ្ឋាភិបាលកម្ពុជាបិទមិនឱ្យចូលមកកម្ពុជាចាប់តាំងពីពាក់កណ្តាលខែមីនា ២០២០។
សេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា៖ «សូមធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់តាមផ្លូវអាកាស តាមផ្លូវគោក និងផ្លូវទឹកចូលកម្ពុជា។ និរាករណ៍ការផ្អាកមិនឲ្យជនបរទេសមកពីអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិកដែលមានចែងក្នុងប្រកាស»។
លោក ម៉ម ប៊ុនហេង បានលើកឡើងក្នុងលិខិតថា បើទោះមានការអនុញ្ញាត គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជាទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពបញ្ជាក់ថា គ្មានមេរោគកូវីដ ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាមីក្នុងរយៈពេល ៧២ ម៉ោង។ សម្រាប់ជនបរទេសគឺតម្រូវឲ្យមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានការផ្សេងៗទៀតដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជាត្រូវបញ្ចូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅទីតាំងដែលបានកំណត់»។
លោក ម៉ម ប៊ុនហេង បន្ថែមទៀតថា៖ «ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ ១៩ អវិជ្ជមាននោះពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដោយតម្រូវឲ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងចេញសេចក្តីណែនាំបន្ថែមទៀតជុំវិញការបើកដំណើរការសារមន្ទីរនានាកាន់មន្ត្រីពាក់ព័ន្ធទាំងអស់។
បើទោះជាមានការបារម្ភខ្លះ ជុំវិញការរីករាលដាលនៃជំងឺនេះលោកស្រីបានបញ្ចាក់ថា ក្រសួងបានរៀបចំរួចជាស្រេចនូវគោលការណ៍អនាម័យការណែនាំ និងសម្ភារនានា ដើម្បីការពារ និងបង្ការនៃការឆ្លងជំងឺនេះ ខណៈអំឡុងពេលនៃការបិទបណ្តោះអាសន្ន មន្ត្រីទាំងអស់បានដំណើរការការងារជាធម្មតា។
លោកស្រីបញ្ជាក់ថា៖ «ហានិភ័យសេរ៉ូគឺមិនអាចនិយាយថា អត់ទេ។ ស្ថានការណ៍ក្នុងពេលបច្ចុប្បន្ននេះក្រសួងសុខាភិបាលណែនាំឲ្យបើកមានន័យថា កិច្ចការនេះអាចធ្វើទៅបានហើយ ប៉ុន្តែគ្រាន់តែត្រូវថែរក្សា និងប្រយ័ត្នឲ្យបានជាប់ជានិច្ច។ រក្សាគម្លាតសម្រាប់អ្នកទស្សនាក្តី ឬមន្ត្រីដែលធ្វើការក្នុងសារមន្ទីរនានាហ្នឹងក្តី ហើយវិធានការការពារត្រូវតែអនុវត្តឲ្យបានជាប់ជានិច្ច»។
លោកស្រី ភឿង សកុណា បានឲ្យដឹងថា តួលេខបច្ចុប្បន្នកម្ពុជាមានសារមន្ទីរទូទាំងប្រទេសចំនួន ៣១ ក្នុងនោះមានសារមន្ទីររដ្ឋចំនួន ២៩ និងសារមន្ទីរឯកជនដែលបានចុះបញ្ជីត្រឹមត្រូវចំនួន ២ ហើយលោកស្រីរំពឹងថា នៅពេលសារមន្ទីរទាំងនោះបើកដំណើរការឡើងវិញនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាដូចដើមវិញ៕
វីដេអូ៖