ភ្នំពេញៈ រាជរដ្ឋាភិបាល​ស្នើ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​ផ្ទៃដី​ទំហំ​ជាង ៣០០ ​ហិកតា​ចេញ​ពី​ក្រុង​តាខ្មៅ ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ខណ្ឌ​ដង្កោ ដើម្បី​សម្រួល​ដល់​ការអនុវត្ត​គម្រោង​ប្លង់មេ​សម្រាប់​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​។

យោងតាម​លិខិត ១ ​ច្បាប់​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់ជូន​លោក​ សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី​កាលពី​ថ្ងៃទី​ ១៩ ខែ​តុលា និង​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ការកែសម្រួល​ព្រំប្រទល់​នេះ ក្រៅតែពី​ការសម្រួល​ដល់​ការអភិវឌ្ឍ​ទីក្រុង​រណប​បឹងទំពុន និង​បឹង​ជើងឯក​ក៏​ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល កិច្ចការ​អភិវឌ្ឍន៍ ការរក្សា​សណ្តាប់ធ្នាប់ ការផ្តល់​សេវាសាធារណៈ និង​ការងារ​សង្គម​ផ្សេងៗ​ផងដែរ​។

លិខិត​ដដែល​បាន​បញ្ជាក់ថា ទំហំ​ផ្ទៃដី​ដែល​ត្រូវ​បានស្នើ​កាត់​ចូល​ខណ្ឌដង្កោ គឺមាន​ទំហំ ៣៧៦ ​ហិកតា​មក​នៅត្រឹម ៣០២ ​ហិកតា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដោយ​កាត់​ចេញពី​ភូមិ​ស្ទឹងជ្រៅ ភូមិ​ព្រែកតាពៅ​នៃ​សង្កាត់​ដើមមៀន​។ ភូមិ​ព្រែកអញ្ជាញ​នៃ​សង្កាត់​ព្រែកឫស្សី និង​ភូមិ​ព្រែកឡុង​នៃ​សង្កាត់​តាក្តុល ព្រមទាំង​ភូមិ​បត្តាជី​នៃ​សង្កាត់​ព្រែកហូរ​ដោយ​មាន​ ៤ សង្កាត់ ឬ​ស្មើនឹង​ ៥ ​ភូមិ​។

លិខិត​ដដែល​បាន​បញ្ជាក់ថា​៖ «​សង្កាត់​ចំនួន​ ៤ ស្មើនឹង​ ៥ ភូមិ​ដែល​មាន​លំនៅឋាន​សរុប​ចំនួន​ ១៣៩ ​ខ្នង​ផ្ទះ​ស្មើនឹង ១៧៧​ គ្រួសារ​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៧៥៣ ​នាក់​»​។

ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ក៏​បាន​ឱ្យដឹង​ដែរ​ថា រដ្ឋបាល​ខេត្តកណ្តាល​បាន​គោរព​ស្នើសុំ​កាត់​ផ្ទៃដី​ទំហំ​ ២ ​ហិកតា​មាន​ជាង ៥ ០០០ ​ម៉ែត្រការ៉េ​ ដែល​ជា​ផ្នែក​ ១ ​នៃ​ដី​វត្ត​បទុមសាគរ​ហៅ​វត្ត​ទួលតាក្របៅ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​វិញ​។

បើតាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សរសេរ​ក្នុង​លិខិត​នោះ ការស្នើ​កាត់​នេះ​គឺ​ដើម្បីឱ្យ​ផ្ទៃដី​វត្ត​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​តែ​ ១ ​និង​ងាយស្រួល​ក្នុង​ការចុះបញ្ជី​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​វត្ត​។ ផ្អែក​តាម​បទប្បញ្ញត្តិ​ច្បាប់ និង​មូលដ្ឋាន​ដូច​បាន​ជម្រាប​នេះ​លោក​ ហ៊ុន សែន រំពឹង​ថា លោក​ សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នឹង​អនុញ្ញាត ដើម្បី​កែប្រែ​សម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី-ខេត្ត​ទាំង​ ២ ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​សេចក្តី​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​មេត្តា​ពិនិត្យ និង​សម្រេច​ដូច​សេចក្តី​ស្នើសុំ​ខាងលើ​ដោយ​ក្តីអនុគ្រោះ​»​។

លោក​ នូ សុវណ្ណារ៉ា អភិបាលក្រុង​តាខ្មៅ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ តុលា​ ថា ការកែសម្រួល​ព្រំប្រទល់​នេះ​គឺ​គ្រាន់តែ​ជា​ការ​កាត់​ផ្ទៃដី​នៃ​ផ្នែក​ខ្លះ​នៃ​ភូមិ​ទាំងនោះ​ចេញ​មក​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខណ្ឌដង្កោ​ប៉ុណ្ណោះ​។ លោក​បាន​បន្តថា នេះ​មិនមែន​ជា​ការដោះដូរ ឬ​ប្តូរ​ឈ្មោះ​ភូមិ សង្កាត់​ទាំងមូល​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​រដ្ឋបាល​ដែនដី​នឹង​ធ្វើ​លិខិត​ផ្លាស់ប្តូរ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

លោក សុវណ្ណារ៉ា បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​ការចូលរួម​សហការ​គ្នា​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ផ្សេងៗ​ដែល​កាត់​ចូល​រាជធានី​ភ្នំពេញ​ហ្នឹង​។ ខ្ញុំ​គ្រាន់តែ​ចូលរួម ហើយ​ការកាត់​បែបណា​ទៀត​គឺ​សម្រេច​ទៅលើ​ថ្នាក់លើ​។ ចំពោះ​ឯកសារ​របស់​ប្រជាពលរដ្ឋ គឺ​នឹង​ធ្វើ​ដូច​ការធ្លាប់​កាត់​ពីមុនៗ​មក​ដែល​ធ្លាប់​កាត់​កន្លង​មក​គឺ​មិនមាន​បញ្ហា​ទេ យើង​កែសម្រួល​ទៅ​តាមហ្នឹង បើ​មាន​ការសម្រេច​យ៉ាងណា​នោះ​»​។

នៅពេល​ទាក់ទង​កាលពី​ថ្ងៃទី​ ២៦ ខែ​តុលា លោកស្រី​ គឹម ញឹប អភិបាលខណ្ឌ​ដង្កោ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

បើ​យោង​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់​មាត្រា​ ៦ បាន​ចែងថា ការបង្កើត ការលុបចោល ការកែប្រែ​ព្រំប្រទល់ និង​ការកំណត់​ឈ្មោះ​ខេត្ត​ត្រូវ​បាន​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ក្រោយពី​នាយករដ្ឋមន្ត្រី​បាន​ទទួល​សំណើ​ពី​ក្រសួង​មហាផ្ទៃ​៕

វីដេអូ៖