ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស ដោយ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​បាន​ឡើង​វិញ ចាប់​ពី​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​មេសា នេះ​ទៅ លើកលែង​តែ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​កំពុង​ត្រូវ​បាន​បិទ​ខ្ទប់។

យោង​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃទី ២៥ ខែ​មេសា​នេះ បាន​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​នេះ​ថា៖ «សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល និង​ឆ្លង​កាត់​ភូមិសាស្រ្ត​នានា ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ត្រូវ​អនុវត្តន៍​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធា​នីភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល និង​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​ជា​ធរមាន»។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ពន្យល់​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​ភូមិសាស្ត្រ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ឡើង​វិញ តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​តំបន់​បិទ​ខ្ទប់ ត្រូវ​បាន​ហាម​ឃាត់​ដដែល។

ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា៖ «ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ (ភ្នំពេញ និង​ក្រុង​តាខ្មៅ) បាន​លើកលែង​តែ​ការ​ធ្វើ​ដំណើរ​ដើម្បី​បំពេញ​មុខងារ​ក្នុង​ការ​ផ្តល់​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈ​ចាំបាច់ និង​បន្ទាន់ សេវា​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ឬ​សេវា​ដឹកជញ្ជូន​ទំនិញ និង​ករណី​ចាំបាច់​ផ្សេង​ទៀត ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃទី ០៦ និង​ថ្ងៃទី ១៧ ខែ​មេសា បាន​សម្រេច​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ផង​ដែរ ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូវីដ ១៩៕