ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​បសស​) ​បានផ្តល់​កញ្ចប់​ថវិកា​ជាង​ ៨៧ ​ប៊ីលានរៀល​ ដើម្បី​ឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាល​កូនជាង​ ២១ ​ម៉ឺននាក់​​ នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​កន្លង​មកនេះ​។

លោក​ ហេង សុផាន់ណារិទ្ធ ប្រធាន​ការិយាល័យ​គោលនយោបាយ​នៃ ប.ស.ស. ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញថា ចាប់តាំងពី​ថ្ងៃ​ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់ប្រាក់​បន្ថែម​ដល់​ស្ត្រី​សម្រាល​កូន​ជា​កម្មការិនី​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​មក​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន ស្ត្រី​សម្រាល​កូន​ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​មាន​ប្រហែល​ ២១ ​ម៉ឺន​នាក់​។

លោក​បន្ថែមថា បើ​គិត​ជា​ទឹកប្រាក់​ចំនួន​ ៨៧ ​ប៊ីលានរៀល​ដែល ប.ស.ស. បានផ្តល់​ជូន​ស្ត្រី​សម្រាលកូន​ទាំងនោះ គឺ​មិន​បូកបញ្ចូល​ជាមួយ​នឹង​ស្ត្រី​ជា​មន្ត្រីរាជការ​នោះទេ​។ សម្រាប់​ការផ្តល់​សេវា​នានា​របស់ ប.ស.ស.ដល់​ស្ត្រី​សម្រាលកូន​ទាំងអស់​រហូត​មកដល់​បច្ចុប្បន្ន​នេះ មិនមាន​អ្វី​ជា​បញ្ហា​នោះទេ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ យ៉ាងណាក្តី​។ ម្យ៉ាងវិញ​ទៀត ស្ត្រី​ដែល​សម្រាលកូន​ទាំងអស់​បាន​យល់ដឹង​ច្បាស់​ពី​ដំណើរការ និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​សេវា​មួយ​នេះ​។

លោក​ថ្លែងថា​៖ «​កាលពីមុន ពួកគាត់​ [​ស្ត្រី​សម្រាលកូន​] ​មាន​ការរអ៊ូរទាំ​ច្រើន ដោយសារ​មិនទាន់​យល់​ពី​នីតិវិធី​នៃ​ការប្រើប្រាស់​សេវា​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​គាត់​បាន​យល់​ពី​នីតិវិធី​នៃ​ការប្រើប្រាស់​សេវា គាត់​មិន​មានការ​រអ៊ូរទាំ​ទៀត​ទេ​»​។

បើតាម​មន្ត្រី​រូបនេះ​គ្រាន់តែ​ក្នុង​រយៈពេល​ ១ ​ខែ​គឺ​ចាប់ពី​ថ្ងៃទី​ ១ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ប.ស.ស. បាន​ផ្តល់ជូន​គោល​របប​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ថវិកា​សរុប​ប្រមាណ​ជាង​ ២,៨ ​ពាន់​លាន​រៀល​ជូន​ស្ត្រី​សម្រាលកូន​ចំនួន​ ៧ ០១៤ ​នាក់​។ បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ​ ២០២០ ​នេះ​មាន​ការថយចុះ​បន្តិចបន្តួច​ប្រមាណ​ ១០០ ​នាក់​ប៉ុណ្ណោះ​។

អ្នកស្រី​ ម៉ុច ចាន់ណារី ជា​បុគ្គលិក​ក្រុមហ៊ុន​ ១ ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ទើប​សម្រាលកូន​បាន​ជាង​ ៣ ​ខែ​ហើយ​បាន​ទទួល​ប្រាក់ឧបត្ថម្ភ ពី ប.ស.ស ឱ្យដឹងថា​ការប្រើប្រាស់ បណ្ណ ប.ស.ស សម្រាលកូន​គឺ​មាន​សារៈសំខាន់ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​បាន​យ៉ាងច្រើន​ពេលដែល​កំពុង​សម្រាល​។

អ្នកស្រី​និយាយថា​៖ «​នៅក្នុង​អំឡុងពេល​សម្រាល​កូន ខ្ញុំ​ប្រើប្រាស់​បណ្ណ ប.ស.ស ខ្ញុំ​ទទួលបាន​ការមើល​ថែទាំ​ដូច​អ្នក​ដែល​មិន​ប្រើ​ដែរ ហើយ​ខ្ញុំ​ទទួល​បាន​ថវិកា​ ៤០ ​ម៉ឺន​រៀល និង​ប្រាក់​ ៧០ % ដោយ​ដាក់ពាក្យ​ស្នើសុំ​នៅ​ទីស្នាក់ការ​ ប.ស.ស។

តាម​ការរៀបរាប់​របស់​អ្នកស្រី បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​ប្រាក់​ ៧០% ​នេះ​គឺ រយៈពេល​តែ​ ២ ​សប្តាហ៍ ឬ​លើស​ពី​នេះ​បន្តិចបន្តួច អ្នកស្រី​នឹង​ទទួល​បាន​សារ ឬ​ខល​តាម​ទូរស័ព្ទដៃ​ប្រាប់​ពី​ការទទួល​បាន​ប្រាក់​ពី ប.ស.ស។

អ្នកស្រី​ថា​៖ «​យើង​ទៅ​បើកប្រាក់​នៅ​ធនាគារ​ជា​ដៃគូ​ ឬ​ទៅ​ទទួល​យក​សែក​ពី ប.ប.ស​។ និយាយ​ជារួម យើង​មាន​ការកាត់បន្ថយ​នៃ​ការចំណាយ​ច្រើន នៅពេលដែល​ប្រើប្រាស់​បណ្ណ ប.ស.ស នេះ​»​។

អគ្គលេខាធិការង​នៃ​សហជីព​សេរី​កម្មករ​កម្ពុជា អ្នកស្រី​ យ៉ុង លាភ ឱ្យដឹង​ដែរ ការឧបត្ថម្ភ​ប្រាក់ ៤០ ​ម៉ឺន​រៀល​ក្នុង​កូន​ម្នាក់ និង​កូន​ ២ ​នាក់​ ៨០ ​ម៉ឺន​រៀល​របស់​រាជរដ្ឋាភិបាល​ដល់​កម្មការិនី​សម្រាល​កូន​ពេលនេះ​អាច​ជួយ​សម្រាល​បន្ទុក​ដល់​ពួកគេ​។

អ្នកស្រី​ថ្លែងថា​៖ «​របប​ថែទាំ​សុខភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គាត់​ទទួលបាន​ ៤០ ​ម៉ឺន​រៀល​ក្នុង​កូន​ ១ និង​កូន​ ២ ​ទទួល​បាន​ ៨០ ​ម៉ឺន​រៀល​ដែល​ផ្តល់ឱ្យ​ដោយ​រដ្ឋាភិបាល គឺជា​ការល្អ​»​។

អ្នកស្រី​ថា​៖ «​ដោយឡែក សម្រាប់​អ្នក​ដែល​បង់ប្រាក់​លម្ហែ​មាតុភាព​រយៈពេល​ចាប់ពី​ ៩ ​ខែ​ឡើងទៅ កម្មការិនី​រូបនោះ​អាច​ទទួល​បាន​ប្រាក់​លម្ហែ​មាតុភាព​ចំនួន​ ៧០ ​ភាគរយ ពី ប.ស.ស បន្ទាប់ពី​សម្រាល​កូន​រួចរាល់​»​។

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន សែន បាន​សម្រេច​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មការិនី​ទាំង​នៅក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ នៅពេល​សម្រាល​កូនចាប់​តាំងពី​ដើម​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​កម្មការិនី​សម្រាល​បានកូន​ ១ ត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៤០ ម៉ឺន​រៀល​ កូនភ្លោះ​ ២ ទទួលបាន​ ៨០ ម៉ឺន​រៀល និង​កូនភ្លោះ​ ៣ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ១ ​លាន ២ ​សែន​រៀល​៕