ភ្នំពេញៈ ខណៈដែលសមត្ថកិច្ចហាក់បីដូចជាដំអក់មិនទាន់ចាប់ខ្លួនលោក កឹម សុខា ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃហាក់ដូចជាបារម្ភថាការចាប់មេបក្សប្រឆាំងរូបនេះអាចធ្វើឲ្យមានការប៉ះទង្គិចគ្នាបង្ហូរឈាមរដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្វើកោសល្យវិច័យទៅលើស្នាមមេដៃជាង ១៧ ម៉ឺននាក់ដែលគណបក្សសង្គ្រោះជាតិប្រមូលបានពីប្រជាពលរដ្ឋភ្លាមៗបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលបានផ្សាយថាក្នុងចំណោមស្នាមមេដៃទាំងនោះមានមួយចំនួនក្លែងក្លាយ។
អ្នកស្រាវជ្រាវយល់ឃើញថាវិធានការរបស់រដ្ឋាភិបាលក្នុងការធ្វើកោសល្យវិច័យទៅលើស្នាមមេដៃរបស់អ្នកគាំទ្រគណបក្សប្រឆាំងថាពិត ឬក្លែងក្លាយគឺជាការបំភិតបំភ័យប្រជាពលរដ្ឋដែលប្រៀបដូចជារបបកុម្មុយនីស្ត។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃចន្ទក្បូនរថយន្តរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ២៣ គ្រឿងត្រូវបានសមត្ថកិច្ចអនុញ្ញាតទាំងចម្រូងចម្រាសឱ្យហែញត្តិស្នាមមេដៃដែលប្រមូលបានពីពលរដ្ឋនៅតាមបណ្តាខេត្តនានាចំនួន ១៧៣.១៤៤ នាក់ដាក់ថ្វាយព្រះមហាក្សត្រ។
ក្រោយពីបានដាក់ញត្តិមួយថ្ងៃ គឺនៅថ្ងៃអង្គារសារព័ត៌មាន Fresh News បានបង្ហោះវីដេអូឃ្លីបមានរយៈពេល ៣៦ វិនាទីដោយបានបង្ហាញថាមនុស្សពីរនាក់ដែលមុខរបស់ពួកគេមិនត្រូវបានឃើញបានសរសេរនៅលើញត្តិជាមួយស្នាមមេដៃមួយចំនួនហើយមនុស្សដទៃទៀតដែលមិនត្រូវបានឃើញមុខបាននិយាយថា៖ «ឈ្មោះរបស់សាច់ញាតិរបស់យើងបញ្ចូលទាំងអស់វាមិនពិបាកទេពួកគេមិនស្គាល់មុខរបស់យើងទេ»។
យ៉ាងណាមិញយោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីលោក ស៊ូ ភិរិន្ទ ដោយមានចំណារពីព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ៣១ ខែឧសភាបានសម្រេចប្រគល់ភារកិច្ចក្នុងការចុះស្រាវជ្រាវរកស្នាមមេដៃរបស់ប្រជាពលរដ្ឋថាពិត ឬក្លែងក្លាយជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
លិខិតបានបន្តថា៖ «រដ្ឋាភិបាលបានសម្រេចជូនសម្តេច ស ខេង រៀបចំឱ្យមានការស្រាវជ្រាវរកស្នាមមេដៃនេះតាមរយៈការធ្វើកោសល្យវិច័យការស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ និងមធ្យោបាយផ្សេងទៀតដែលអាចរកឃើញនូវភាពត្រឹមត្រូវដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន និងជាពិសេសបោកទាំងព្រះមហាក្សត្រ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងថាក្រសួងកំពុងតែចាត់ចែងដំណើរការស៊ើបអង្កេតរកភាពមិនប្រក្រតីទាក់ទងនឹងស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិប្រមូលបានពីប្រជាពលរដ្ឋតែលោកសុំលាក់ពីនីតិវិធីនៃការស៊ើបអង្កេតនេះ។
លោកថា៖ «របៀបធ្វើគេមាននីតិវិធីរបស់គេធ្វើតាមជំនាញតែបើរកទៅឃើញថាមានជាន់គ្នាផ្តិមមេដៃក្លែងបន្លំវាខុសទៅនឹងសីលធម៌ធ្ងន់ណាស់ទី ១ ក្លែងបន្លំព្រះមហាក្សត្រទី ២ តាមផ្លូវច្បាប់គេអាចចោទប្រកាន់បានថាបានបន្លំឯកសារអ៊ីចឹងត្រូវមានទោសព្រហ្មទណ្ឌ»។
បើទោះបីជាគណបក្សសង្គ្រោះជាតិអះអាងថាស្នាមមេដៃនោះជាញត្តិរបស់ពលរដ្ឋហើយមិនបានបង្ខិតបង្ខំក្តីតែលោក សុភ័គ បានព្រមានថា៖ «អ្នកនាំញត្តិហ្នឹងហើយជាអ្នកបំផុសញុះញង់ឱ្យគេធ្វើខុសអ៊ីចឹងចាំមើលតែលទ្ធផលកោសល្យវិច័យទៅដឹងហើយ ហើយកុំថាយក ២០ ម៉ឺននាក់មកឈរមុខវាំងធ្វើឱ្យរួចតែខ្លួនអាងស្អីចង់ធ្វើដូចឆ្នាំ ២០១៣ ទៅមិនរួចទេលោកអើយម៉េចចង់ឱ្យស្រុកទេសក្លាយជាលីប៊ីគេដឹងអស់ហើយ»។
លោកសង្កត់ធ្ងន់ថា ទោះចំណាយកម្លាំងអស់ប៉ុនណាក៏ដោយសមត្ថកិច្ចនឹងខិតខំថែរក្សាសន្តិភាពកម្ពុជាមិនឱ្យអ្នកណាមកបំផ្លាញបានឡើយ។
នៅពេលសួរថាតើដំណើរចាប់ខ្លួនលោក កឹម សុខា វិវត្តដល់ណាហើយ? លោក សុភ័គ ឆ្លើយថា៖ «បើចាប់ កឹម សុខា បាន ឬមិនបានដែលនាំឲ្យបង្ហូរឈាមចាប់ធ្វើអី! បុគ្គលម្នាក់ឱ្យនៅអ៊ីចឹងទៅចុះបើចាប់ កឹម សុខា ធ្វើឲ្យមានការប៉ះទង្គិចបង្ហូរឈាមក្រសួងមហាផ្ទៃមិនល្ងង់ខ្លៅឱ្យឈាមហូរដោយសារ កឹម សុខា នោះទេគាត់គឺជាបុគ្គលម្នាក់រឿងតែឯងធ្វើឱ្យគេពិបាកពេញប្រទេសរឿង កឹម សុខា មួយជាប់គុកប៉ុន្មាននាក់ហើយ។ ចាប់មិនចាប់មិនសំខាន់បុគ្គលម្នាក់ហ្នឹងទេសំខាន់ក្រសួងការពារសន្តិសុខប្រទេសជាតិចាប់ពេលណាក៏បានដែរ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យដឹងថាគណបក្សមិនមានការព្រួយបារម្ភអ្វីឡើយដោយលោកបញ្ជាក់ថាជាស្នាមមេដៃរបស់ប្រជាពលរដ្ឋហើយបើចង់ហៅប្រជាពលរដ្ឋនោះមកបង្ហាញមុខពេលណាក៏បានដែរ។
លោកថា៖ «១ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិទទួលញត្តិពីប្រជាពលរដ្ឋដើម្បីថ្វាយព្រះមហាក្សត្រ ទី ២ បើភាគីណាមួយចង់បញ្ជាក់ថាតើចំនួនមនុស្សដែលបានផ្តិតស្នាមមេដៃក្នុងញត្តិទាំងអស់នោះតើវាមានចំនួនពិតប្រាកដ ឬមិនពិតប្រាកដអ៊ីចឹងសូមអនុញ្ញាតឱ្យតំណាងរាស្ត្របក្សសង្គ្រោះជាតិអញ្ជើញប្រជាពលរដ្ឋទាំងជាង ១៧ ម៉ឺននាក់មកបង្ហាញមុខនៅទីលានប្រជាធិបតេយ្យក៏បាននៅមុខព្រះបរមរាជវាំងក៏បាន»។ លោកសង្កត់ធ្ងន់ថាក្នុងករណីនេះវាជារបត់នយោបាយថ្មីមួយទៀត។
លោកថា៖ «ឆ្លងកាត់នយោបាយជាង ២០ ឆ្នាំនេះ ស ទៅជា ខ្មៅ ខ្មៅទៅជា ស ដោយសារតែតុលាការមិនឯករាជ្យដូច្នេះអ្នកមានអំណាចចង់ធ្វើអ្វីធ្វើបានតាមតែចិត្តប៉ុន្តែឥឡូវនេះសូមឱ្យអ្នកកាសែតសួរទៅប្រជារាស្ត្រតែចំពោះខ្ញុំថាជារឿងនយោបាយថ្មីមួយទៀត»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ថ្លែងថាវិធានការនេះអាចជាការស្វែងរកការពិតប៉ុន្តែលោកថាប្រសិនបើថ្នាក់ដឹកនាំមានសុច្ឆន្ទៈក្នុងការបង្រួបបង្រួមជាតិ និងឯកភាពជាតិពិតមែនមិនគួរចំណាយពេលទៅស្វែងរកស្នាមមេដៃនោះទេ។
លោកថា៖ «ព្រោះមានរឿងអយុត្តិធម៌ជាច្រើនណាស់នៅទូទាំងប្រទេសបើសិនជាពូកែរកអ៊ីចឹងត្រូវធ្វើឱ្យគ្រប់រឿងអ៊ីចឹងមិនមានបញ្ហាដល់ថ្ងៃនេះទេបើសិនរដ្ឋាភិបាលឆ្លាតវៃ។ មួយទៀតយើងមានមូលហេតុនៅពីក្រោយហ្នឹងដែរទោះបីចង់មិនចង់កាលណាទៅសួរដេញដោលថានេះជាស្នាមមេដៃរបស់អ្នកណាវាជាវិធីសាស្ត្រមួយដែលយើងធ្លាប់ឃើញក្នុងរបបកុម្មុយនីស្តពីទសវត្សរ៍ឆ្នាំ ៨០និង ៩០»។
លោកបានលើកឡើងទៀតថា៖ «យើងស្រមៃមើលបើសិនជាមានក្រុមប៉ូលិសមានឯកសណ្ឋានចូលក្នុងភូមិមួយហើយទៅសួរដេញដោលអ្នកណាខ្លះផ្តិតមេដៃខ្ញុំគិតថានឹងមានពលរដ្ឋមួយចំនួនមិនហ៊ានចេញមុខទេហើយកាលណាមិនហ៊ានចេញមុខត្រូវបានគេចោទប្រកាន់ថាជាមេដៃក្លែងក្លាយ»។
លោក មាស នី បានប្រៀបធៀបនយោបាយបច្ចុប្បន្នធៀបទៅនឹងអ្នកប្រដាល់ពីរនាក់កំពុងស្ថិតនៅលើសង្វៀនដែលគ្មានអាជ្ញាកណ្តាលពោលគឺអាជ្ញាកណ្តាលអាចសង្ឃឹមទៅលើព្រះមហាក្សត្រប៉ុន្តែមើលទៅហាក់បីដូចជាព្រះអង្គមិនមានសិទ្ធិធំដុំក្នុងការលូកដៃរឿងនយោបាយនោះទេព្រោះអាស្រ័យលើគណបក្សម្ខាងទៀតថាករណីនេះជារឿងផ្ទាល់ខ្លួន។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញក៏បានអំពាវនាវប្រជាពលរដ្ឋពីបណ្តារាជធានីខេត្តនានាដែលបានផ្តិតមេដៃសុំព្រះរាជអន្តរាគមន៍មកជួបជុំគ្នានៅភ្នំពេញដើម្បីបង្ហាញពីការគាំទ្រខ្លឹមសារនៃញត្តិនោះដោយផ្ទាល់ប្រសិនបើមានករណីចាំបាច់។
សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិចេញកាលពីម្សិលមិញបានបញ្ជាក់ថាក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិមានតួនាទីយ៉ាងសំខាន់ដែលចែងក្នុងរដ្ឋធម្មនុញ្ញគឺក្នុងនាមជាអ្នកតំណាងមានកាតព្វកិច្ចទទួលសំណូមពរពីប្រជាពលរដ្ឋដូចជាញត្តិជាដើមដើម្បីបញ្ជូនសំណូមពរ ឬញត្តិទាំងនោះទៅតាមស្ថាប័នពាក់ព័ន្ធដើម្បីទទួលបានការអន្តរាគមន៍ និងដំណោះស្រាយសមស្រប៕