ភ្នំពេញៈ ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិរបស់រដ្ឋាភិបាលបានតម្រូវឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរឃុំ-សង្កាត់ទាំងអស់ត្រូវបង្ការ ទប់ស្កាត់ បង្ក្រាបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពម្ចាស់ការរៀងៗខ្លួន ដើម្បីគ្រប់គ្រងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមណ្ឌលសុខភាពនីមួយៗនៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពព្យាបាល និងគ្រប់គ្រងអ្នកដែលញៀនគ្រឿងញៀន។ នេះបើតាមលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក គឹមយ៉ាន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការជាតិ ៥ ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៩-២០២៣ ដែលមានការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមាណ ១០០ នាក់ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក កែ គឹមយ៉ាន បញ្ជាក់ថា៖ «ការពង្រឹងយុទ្ធនាការថ្នាក់ខេត្ត-ស្រុក អត់ចង់និយាយទៀតទេ ព្រោះធ្វើប៉ុន្មានសិបឆ្នាំទៅហើយ បើកន្លែងណាមិនធ្វើមានតែចាត់ការតាមវិធានការរដ្ឋបាលនោះទេ បើមិនព្រមធ្វើ ប៉ុន្តែបញ្ហាមុននេះគឺយន្តការថ្នាក់ឃុំ-សង្កាត់ ដែលត្រូវគាស់ឱ្យឡើងក្នុងរយៈពេល ៥ ឆ្នាំ ឬ ៣ ឆ្នាំចុងក្រោយ ឬ ៣ ឆ្នាំរំកិលឆ្នាំ ២០២៣ ធ្វើម៉េចឱ្យឃុំ-សង្កាត់ ម្ចាស់ការគ្រប់គ្រងគ្រឿងញៀននៅក្នុងឃុំ-សង្កាត់របស់ខ្លួនឱ្យបាន»។
លោកបន្តថា ប្រសិនបើអាជ្ញាធរឃុំ-សង្កាត់ មិនអាចអនុវត្តតាមផែនការជាតិ ៥ ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៩-២០២៣ និងមិនអាចធ្វើជាម្ចាស់ដោយខ្លួនឯងក្នុងការអនុវត្តតាមផែនយុទ្ធសាស្ត្រនោះទេ វានឹងទទួលបរាជ័យ។ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនវាទាមទារឲ្យមានការចូលរួមចំណែកពីគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងការការពារ សុខុមាលភាព ប្រជាពលរដ្ឋ ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។
លោកបញ្ជាក់ថា៖ «គ្រប់ក្រសួងស្ថាប័នអង្គភាព ត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរៀងៗខ្លួន ដើម្បីអនុវត្តនូវរាល់សកម្មភាពដែលស្ថិតក្រោមដែនសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួន និងរៀបចំយន្តការតាមដានបូកសរុបវាយតម្លៃ និងកំណត់ចំណុចខ្លាំង ចំណុចខ្សោយ កង្វះខាតតម្រូវការនានា សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ ទិសដៅ និងសកម្មភាពសម្រាប់ការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់ឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោក កែ គឹមយ៉ាន ក៏បានឲ្យដឹងដែរថា មណ្ឌលសុខភាពនីមួយៗនៅតាមឃុំ-សង្កាត់ត្រូវមានសមត្ថភាពព្យាបាល និងគ្រប់គ្រងអ្នកដែលញៀនគ្រឿងញៀន ដែលចំណុចនេះមិនអាចឱ្យមន្ទីរពេទ្យខេត្ត-ស្រុកទៅគ្រប់គ្រងបញ្ហាជនញៀនគ្រឿងញៀនបានទាំងអស់នោះទេ គឺមានតែមណ្ឌលសុខភាពនៅតាមមូលដ្ឋាននេះហើយដែលអាចក្តាប់ជាប់នូវចំនួនមនុស្សដែលបានញៀនថ្នាំញៀននៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនត្រឹមតែអង្គភាពប៉ូលិសតែមួយនោះទេ។
បើយោងតាមលោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា សេចក្តីព្រាងផែនការជាតិ ៥ ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៩-២០២៣ សំដៅពង្រឹងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកបញ្ជាក់ថា៖ «យើងបានធ្វើលំនាំទៅតាមផែនការមុន ហើយយើងអនុវត្តបំពេញបន្ថែមនូវចំណុចខ្វះខាតបញ្ហាប្រឈម ហើយនឹងដាក់ចេញនូវផែនការក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់រួមជាមួយនឹងវិធានការថ្មីទៀត ដើម្បីធ្វើការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀនដែលយើងប្រមូលផ្តុំបាន ហើយនឹងផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដោះស្រាយបញ្ហាគ្រឿងញៀន»។
លោកឲ្យដឹងទៀតថា ផែនការនេះក៏ឲ្យអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធដូចជាសាលារៀន និងសហគមន៍ត្រូវចូលរួមធ្វើការអប់រំ យុវជន និងប្រជាពលរដ្ឋ អំពីបញ្ហាគ្រឿងញៀន។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជាបានស្វាគមន៍នូវផែនការថ្នាក់ជាតិដែលតម្រូវឲ្យអាជ្ញាធរមូលដ្ឋានជួយធ្វើការបង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាគ្រឿងញៀន។
លោកបញ្ជាក់ថា៖ «...ពីព្រោះថា (បច្ចុប្បន្ន) អាជ្ញាធរមូលដ្ឋានខ្លះមិនបានចូលរួម និងយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាគ្រឿងញៀននោះទេដែលបានបណ្តាលឲ្យអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀន ខ្លះបង្កអសន្តិសុខនៅក្នុងសង្គម»៕