
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីរំលឹកខួបកងទ័ពកាលពីសប្តាហ៍មុន។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យសារព័ត៌មាន Channel News Asia កែតម្រូវខ្លឹមសារជាបន្ទាន់ បន្ទាប់ពីសារព័ត៌មានមួយនេះបានផ្សាយថា លោកនាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឲ្យកងទ័ពកម្ទេចគូប្រកួតប្រជែង។នេះបើតាមលិខិតរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានចម្លងជូនឲ្យឯកអគ្គរដ្ឋទូតសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែមករា។
ការទាមទារជាមួយនឹងការសម្តែងការសោកស្តាយនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានខាងលើបានផ្សាយអត្ថបទមួយដែលបានដាក់ចំណងជើងថា «នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យកងទ័ពកម្ទេចចោលគូប្រជែង (Hun Sen calls on military to ‘destroy’ opponents) ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩»។
តាមលិខិតអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានលើកឡើងថា ការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នោះបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំចំពោះខ្លឹមសាររបស់លោកនាយករដ្ឋមន្ត្រី។
លិខិតបានបញ្ជាក់ថា៖ «ពាក្យកម្ទេចគូប្រជែងគឺមិនសំដៅទៅលើក្រុមគណបក្សប្រឆាំងដែលរំលាយរួចហើយនោះទេ។ដូច្នេះចំណងជើងអត្ថបទរបស់អ្នក ទោះមានចេតនាឬក៏មិនមានចេតនា វាជាការផ្ញើសារនាំឲ្យយល់ច្រឡំធ្វើឲ្យសាធារណជនយល់ខុសអំពីពាក្យត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រីកម្ពុជា»។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សក៏បានលើកឡើងដែរថា សារព័ត៌មានមួយនេះបានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីខុសជាច្រើនចំណុច និងបានទាមទារឲ្យកែតម្រូវខ្លឹមសារជាបន្ទាន់។
លិខិតបញ្ជាក់ទៀតថា៖ «យើងជំរុញយ៉ាងទទូចឲ្យ Channel News Asia ធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនភ្លាមដើម្បីចៀសវាងការភាន់ច្រឡំមតិសាធារណជនចំពោះជំហររបស់រដ្ឋាភិបាលកម្ពុជា»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា បណ្ដាសារព័ត៌មានបរទេសគេចាប់អារម្មណ៍លើកម្ពុជាដោយសារយល់ថា កម្ពុជាកំពុងងាកទៅរកចិនខ្លាំង និងបញ្ហានយោបាយផ្ទៃក្នុងពាក់ព័ន្ធនឹងអតីតបក្សប្រឆាំងដែលបានអំពាវនាវឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចាប់អារម្មណ៍កាន់តែខ្លាំងលើកម្ពុជាហើយថាការចុះផ្សាយអត្ថបទខាងលើនេះអាចមានចេតនាអាក្រក់មកលើកម្ពុជាឬការភាន់ច្រឡំលើការបកប្រែ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងឲ្យតែសម្ដេចមានប្រសាសន៍អ្វីមួយដែលមានលក្ខណៈរសើប គេអាចនឹងផ្សព្វផ្សាយ ហើយការផ្សព្វផ្សាយនោះ វាអាចមានទិដ្ឋភាព ២ ទី ១ ជាចេតនាអាក្រក់ ឬចេតនាទុច្ចរិតរបស់ក្រុមបណ្ដាសារព័ត៌មានទាំងនោះ។ ចំណុច ១ ទៀតវាអាចជាការភាន់ច្រឡំលើការបកប្រែភាសាដែលនេះក៏ជាចំណុចសំខាន់ដែលយើងគួរតែយកចិត្ដទុកដាក់ដែរ»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា សារព័ត៌មានបរទេសដែលមានភ្នាក់ងារជាជនខ្មែរត្រូវប្រយ័ត្នប្រយែងលើការបកប្រែភាសា ពិសេសពីភាសាខ្មែរ ទៅភាសាអង់គ្លេស ដែលខ្លះក្នុងន័យភាសាខ្មែរ មានន័យខុសគ្នាពីភាសាអង់គ្លេសធ្វើឲ្យមានការភាន់ច្រឡំ។
លោកបញ្ជាក់ថា៖ «មួយទៀតការស្រង់សម្ដីក្នុងនាមយើងជាអ្នកសារព័ត៌មាន យើងមិនគួរស្រង់សម្ដីណាមួយដែលខុសពីសម្ដីដើមរបស់គេទេនាំឲ្យសាធារណជនយល់ខុស នេះវាជាកំហុសវិជ្ជាជីវៈ»។
ទន្ទឹមនឹងនេះ នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញក៏បានលើកឡើងថា ទោះបីកម្ពុជាកំពុងបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរយ៉ាងណាក៏ដោយ ក៏គង់នៅមានព័ត៌មានភូតកុហក អំពីការអភិវឌ្ឍរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «ដូចយើងបានឃើញស្រាប់នឹងភ្នែក គឺកម្ពុជាយើងកំពុងតែបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ទេសចរបរទេសក៏កាន់តែកើនឡើងមកទស្សនាកម្ពុជា រីឯ អ្នកវិនិយោគទុនវិញក៏កាន់តែមានជំនឿជឿជាក់លើស្ថិរភាពនយោបាយនិងសង្គមដែលកំពុងអំណោយផលយ៉ាងល្អប្រសើរដល់ការបណ្តាក់ទុនតូចធំនៅក្នុងប្រទេសយើង។ ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហកអំពីប្រទេសយើង»។
កាលពីថ្ងៃទី២១ ខែមករា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធបានឲ្យដឹងថា ក្រសួងនឹងបង្កើតកម្មវិធី ពិសេសផ្សាយផ្ទាល់នៅលើទូរទស្សន៍ជាតិកម្ពុជា ដោយអញ្ជើញវាគ្មិនដែល ពាក់ព័ន្ធមកបកស្រាយពន្យល់នូវរាល់ព័ត៌មានមិនពិត ក្លែងបន្លំទាំងឡាយដែលធ្វើឲ្យចលាចលនៅក្នុងសង្គម៕