ភ្នំពេញៈ សារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលមានចំនួន ២៧ ទំព័របានឲ្យដឹងថា រាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពីរង្វង់ ៧,១ ភាគរយ ក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ៦,៥ ភាគរយ នៅក្នុងឆ្នាំ ២០២០ ដោយសារបញ្ហាប្រឈមសកល និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប។
យោងតាមសារាចរណែនាំនេះបានឲ្យដឹងថា ការកើនឡើងនូវភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចសកលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែងាយរងគ្រោះ និងអាចជួបហានិភ័យខាងក្រៅមួយចំនួនរួមមានភាពមិនច្បាស់លាស់នៃការដកការអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ដោយសហភាពអឺរ៉ុប។
កត្ដាសកលដែលរួមចំណែកដល់ការថមថយនេះគឺការថយចុះជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចចិន បច្ច័យអវិជ្ជមាននៃភាពតានតឹងកាន់តែខ្លាំងនៃសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន ភាពមិនប្រាកដប្រជានៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកដែលកាន់តែស្មុគស្មាញ ហើយអាចឈានទៅរក «សង្គ្រាមត្រជាក់ថ្មី» បញ្ហាភេរវកម្ម និងសន្តិសុខ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជារំពឹងថា សេដ្ឋកិច្ចរបស់ខ្លួននឹងមានកំណើនក្នុងរង្វង់ ៧,១ ភាគរយ នៅឆ្នាំ ២០១៩ នេះ ប៉ុន្តែកំណើននេះនឹងថមថយមកនៅត្រឹម ៦,៥ ភាគរយ ក្នុងឆ្នាំ ២០២០ «ដោយសារការរំពឹងទុកផលប៉ះពាល់នៃលទ្ធភាពក្នុងការដក EBA ដែលអាចនឹងដាក់សម្ពាធដល់ការនាំចេញរបស់កម្ពុជា ជាពិសេសលើផលិតផលកាត់ដេរទៅកាន់ទីផ្សារអឺរ៉ុប»។
ជាការសន្និដ្ឋាន រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ជារួមក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងក្នុងបរិបទនៃ ការគិតគូរត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងហានិភ័យនៃការដក EBA ដោយសហភាពអឺរ៉ុប និងបានកំណត់ដាក់ចេញនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលាក្នុងគោលដៅបន្តរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចឲ្យបានក្នុងរង្វង់ ៦,៥ ភាគរយ ជាមួយអត្រាអតិផរណាទាបដែលអាចគ្រប់គ្រងបានប្រមាណ ៣ ភាគរយ»។
ឯកសារដដែលបានលើកឡើងថា វិស័យកាត់ដេរត្រូវបានព្យាករថានឹងបន្តមានកំណើនល្អប្រសើរក្នុងអត្រាប្រមាណ ៧,១ ភាគរយ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែនឹងថមថយមកត្រឹម ៣,៥ ភាគរយ ក្នុងឆ្នាំ ២០២០។ កំណើនយឺតក្នុងឆ្នាំ ២០២០ គឺដោយសារកំណើនសេដ្ឋកិច្ចសកល ជាពិសេសការរំពឹងទុកផលប៉ះពាល់ដែលបណ្ដាលមកពីការដក EBA ដោយសហភាពអឺរ៉ុប ដែលអាចដាក់សម្ពាធដល់ការនាំចេញផលិតផលកាត់ដេរកម្ពុជា។
ចំពោះកត្តាក្នុងស្រុកវិញ ឯកសារដដែលបញ្ជាក់ថា កម្ពុជាប្រឈមបញ្ហាមួយចំនួនរួមមាន មូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត និងល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចមានភាពយឺតយ៉ាវ តម្លៃអគ្គិសនីនៅខ្ពស់ និងអស្ថិរភាពនៃការផ្គត់ផ្គង់ ភាពនៅទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក។
កំណើនផលិតភាពទាប និងកង្វះពលកម្មជំនាញ សម្ពាធនៃការកើនឡើងប្រាក់ឈ្នួល នីតិវិធីស្មុគស្មាញ និងការនៅមានសេវាកម្រៃក្រៅផ្លូវការមួយចំនួនក្នុងការធ្វើធុរកិច្ច រួមទាំងកំណើនឆាប់រហ័សនៃឥណទានក្នុងវិស័យអចលនទ្រព្យ ក៏ជាបញ្ហាប្រឈមផងដែរ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការដកប្រព័ន្ធ EBA លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មកំពុងធ្វើការចរចាជាមួយសហភាពអឺរ៉ុប ព្រោះកម្ពុជាជាដៃគូជាមួយសហភាពអឺរ៉ុប។
លោកបញ្ជាក់ថា៖ «ទោះបីយ៉ាងណាយើងបង្ហាញជំហររបស់យើងជាប្រជាជាតិមានអធិបតេយ្យមួយ យើងមិនអនុញ្ញាតឲ្យបរទេសណាមួយ ក្រុមណាមួយមកបំផ្លាញ រុករានអធិបតេយ្យភាពរបស់កម្ពុជានោះទេ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា រដ្ឋាភិបាលកំពុងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងស្ថានការណ៍អាក្រក់ដែលជាលទ្ធផលនៃការដក EBA។ ប៉ុន្តែប្រសិនបើ ឬនៅពេលណា EBA ត្រូវបានដក ស្ថានការណ៍អាចមានភាពអាក្រក់ខ្លាំងជាងអ្វីដែលរដ្ឋាភិបាលបានគិតទុក។ ការដក EBA អាចមានផលប៉ះពាល់ប្រទាក់គ្នាទៅលើទំនុកចិត្តនៃវិស័យដែលធ្លាប់ទទួលបានផលប្រយោជន៍ពី EBA ហើយក្រុមហ៊ុនខ្លះអាចប្ដូរទៅប្រទេសផ្សេងដែលពួកគេអាចមានផលប្រយោជន៍ល្អជាង។
លោក ឡៅ ម៉ុងហៃ ថ្លែងថា៖ «សេដ្ឋកិច្ចនឹងថមថយហើយបង្កើតឲ្យមានបញ្ហាសង្គមផ្សេងៗ ដោយមានការបាត់បង់ការងារ និងប៉ះពាល់ដល់ជីវភាពរស់នៅ។ វានឹងបង្កើតបញ្ហាច្រើនទៀតទៅលើអ្វីដែលរដ្ឋាភិបាលកំពុងមានក្នុងដៃ»៕