ភ្នំពេញៈ តាមប្រភពស្និទ្ធនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីម្សិលមិញថា យ៉ាងហោចណាស់មន្រ្តី ៥ រូបបានចាកចេញទៅ ប្រទេសអូស្ត្រាលី នៅយប់មិញនេះ ដោយធ្វើដំណើរទៅកាន់កោះ Nauru យ៉ាងហោចណាស់ជាង ១ សប្តាហ៍ហើយនេះជាផែនការដ៏អាថ៌កំបាំងមួយ ប៉ុន្តែព័ត៌មាននេះ ត្រូវបានមន្រ្តីទទួលបន្ទុកផ្នែកនេះច្រានចោល។
លោក សុខ ផល ប្រធាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក សួង សុខ មន្រ្តីគ្រប់គ្រងអន្តោប្រវេសន៍ បានបដិសេធព័ត៌មានទាំងនេះ ដោយអះអាងស្រដៀងគ្នាថា មិនទាន់មានព័ត៌មានជុំវិញកាលបរិច្ឆេទនៃការបញ្ជូនមន្រ្តីកម្ពុជាទៅ ប្រទេសអូស្រ្តាលី នៅឡើយទេ។
លោក សួង សុខ បានបញ្ជាក់ថា៖ «យើងនៅរង់ចាំការឆ្លើយតបពីខាងអូស្ត្រាលី មុននឹងអាចបញ្ជូនមន្រ្តីជំនាញទៅ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងពីម្សិលមិញនេះថា រដ្ឋាភិបាលកម្ពុជា នឹងមិនលាក់បាំងជនភៀសខ្លួនទាំងនោះ ពីជីវិតនៅកម្ពុជាឡើយ បើទោះបីជាការទទួលយកនេះ ស្ថិតក្នុងគោលការណ៍មនុស្សធម៌ក៏ដោយ។ លោកបាននិយាយថា «នេះមិនមែនជាដំណើរកម្សាន្ត ដើម្បីផ្សព្វផ្សាយ ឬដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជានោះទេ វាជាដំណើរទស្សនកិច្ចទៅប្រាប់ពួកគេពីកម្ពុជា អំពីជីវភាពរស់នៅវប្បធម៌ ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឧទាហរណ៍ អំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ ថ្ងៃ (នៃរបបខ្មែរក្រហម) អ្វីដែលយើងទទួលរង រឿងរ៉ាវពិតរបស់កម្ពុជា មិនមែនជាការផ្សព្វផ្សាយនោះទេ។ កម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ មិនមែនជាប្រទេសរីកចម្រើន ដូចពួកគេចង់ទៅរស់នៅនោះទេ។ ពួកគេចង់រស់នៅ ប្រទេសអូស្ត្រាលី»។
ក្នុងកិច្ចប្រជុំអាស៊ី និងអឺរ៉ុប នៅ ប្រទេសអ៊ីតាលី កាលពីថ្ងៃ ទី១៦ និង ១៧ តុលា កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ក៏បានលើកឡើងនូវឆន្ទៈនយោបាយក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយសង្កត់ធ្ងន់ថា ជនភៀសខ្លួនដែលនឹងត្រូវបញ្ជូនមកកម្ពុជា ត្រូវស្ថិតក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត។ រដ្ឋាភិបាលបានចង្អុលបង្ហាញថា នឹងមានចំនួនតិចជាង ១០០០ នាក់ដែលគ្រោងដោយកិច្ចព្រមព្រៀងប៉ុន្តែ ជនភៀសខ្លួនជាច្រើននាក់នៅលើកោះ Nauru ធ្លាប់បានឲ្យដឹងថា ពួកគេនឹងមិនជ្រើសរើសមកកម្ពុជានោះទេ។
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា អនុប្រធានសភា ទី១ នៅព្រឹកថ្ងៃអង្គារនេះ គ្រោងជួបនឹងតំណាងក្រុមពលរដ្ឋតវ៉ាប្រឆាំងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនអូស្រ្តាលី ពិនិត្យលើសំណើទាមទាររបស់ពួកគេ ដើម្បីលើកបញ្ហាទាំងនេះ ទៅពិភាក្សាជាមួយនឹងតំណាងទូតអូស្រា្តលីប្រចាំកម្ពុជា ដែលគ្រោងធ្វើនៅរសៀលថ្ងៃដដែលនេះ ប៉ុន្តែត្រូវបានលើកពេលវិញមិនកំណត់តាមការស្នើសុំរបស់ស្ថានទូតអូស្រ្តាលី ដោយសារអវត្តមានរបស់អ្នកបច្ចេកទេស។
លោក មុត ចន្ថា បានឲ្យដឹងថា៖ «ជំហររបស់លោក កឹម សុខា ដូចដែលធ្លាប់បានលើកឡើងកន្លងមក តំណាងឲ្យគណបក្សសង្គ្រោះជាតិ គឺមិនគាំទ្រចំពោះការទទួលយកជនភៀសខ្លួននោះទេ។ ឯកឧត្តម កឹម សុខា បានផ្អែកហេតុផលលើកត្តា សេដ្ឋកិច្ច សិទ្ធិមនុស្ស និងមនុស្សធម៌នៅកម្ពុជា»។
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ កែវ សុម៉ាលី ដែលនឹងតំណាងក្រុមអ្នកតវ៉ាចូលរួមកិច្ចប្រជុំព្រឹកនេះ បានមានសង្ឃដីកាថា ក្រុមអ្នកតវ៉ា ១៥ នាក់ គ្រោងលើកនូវបញ្ហាផ្អែកលើស្ថានភាពដែលខ្លួនជួបប្រទះ រួមមាន បញ្ហាបំពានលើពុទ្ធសាសនារបស់បណ្តាញព្រះសង្ឃ បញ្ហានិស្សិតគ្មានការងារធ្វើរបស់ក្រុមនិស្សិតបញ្ញាវន្តបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋតំបន់បឹងកក់ និងសហគមន៍នានា ជាពិសេសនោះ គឺបញ្ហានៃកិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួន ១០០០ នាក់ពី ប្រទេសអូស្ត្រាលី។
ព្រះតេជគុណ បានបញ្ជាក់ថា៖ «យើងបានពិភាក្សាគ្នារួចហើយ ក្នុងនាមលោកបងជាតំណាង គឺយើងនឹងលើកពីបញ្ហាចម្បងៗរបស់ក្រុមនីមួយៗ និងមានបញ្ហាលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំកម្ពុជា និងការមិនទទួលស្គាល់កិច្ចព្រមព្រៀងជនភៀសខ្លួនអូស្រ្តាលីនោះ»។
កិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា បញ្ជូនជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជា បានធ្វើឡើងកាលពីថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៤ រវាងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក Scott Morrison រដ្ឋមន្រ្តីអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្រ្តាលី។ ការទទួលជនភៀសខ្លួននេះ ប្រទេសអូស្ត្រាលី បានផ្តល់ជាទឹកប្រាក់ចំនួន ៣៥ លានដុល្លារដល់កម្ពុជា៕