ភ្នំពេញៈ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន ១២៨ ដុល្លារក្នុងមួយខែ ដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពី ខែមករា ឆ្នាំ២០១៥ តទៅ។ ទោះជាយ៉ាងណាសហជីពដែលការពារផលប្រយោជន៍កម្មករនៅតែទទូចឲ្យមានការដំឡើងដល់ ១៤០ ដុល្លារ ខណៈដែលសមាគមរោងចក្រកាត់ដេរបានព្រមានថា រោងចក្រប្រមាណ ៣០ ភាគរយអាចនឹងបិទទ្វារ ដោយសារការដំឡើងប្រាក់ឈ្នួលខ្ពស់នេះ។
មុននឹងឈានទៅដល់ការសម្រេចជាផ្លូវការពីរដ្ឋាភិបាលនេះ គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើលទ្ធផលរបស់ក្រុមការងារត្រីភាគី និងធ្វើការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុង ឆ្នាំ២០១៥ ប៉ុន្តែមិនទទួលបានការគាំទ្រជាឯកច្ឆន្ទលើតួលេខណាមួយឡើយព្រោះភាគីនិយោជក នៅតែរក្សាជំហរចំនួន ១១០ ដុល្លារ ខណៈភាគីសហជីពរក្សាជំហរ ១៤០ ដុល្លារដដែល។ ដើម្បីសម្របសម្រួលរវាងភាគីទាំងពីរ ភាគីរដ្ឋាភិបាលបានស្នើដាក់តួលេខចំនួន ១២៣ ដុល្លារ ហើយមានការបោះឆ្នោតគាំទ្រ ១៦ សំឡេងលើ ២៥ សំឡេងខណៈដែលសំណើរបស់ភាគីរោងចក្រ ១១០ ដុល្លារ មានអ្នកបោះឆ្នោតគាំទ្រ ៧ សំឡេង និងសំណើរបស់សហជីព ១៤០ ដុល្លារ មានអ្នកបោះឆ្នោតគាំទ្រតែ ២ សំឡេង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកាលពីម្សិលមិញ បានឲ្យដឹងថា បន្ទាប់ពីមានការសម្រេចយកចំនួន ១២៣ ដុល្លាររួចមក រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជូនរបាយការណ៍ នៃកិច្ចប្រជុំទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិនិត្យ។ លោកនាយករដ្ឋមន្រ្តី បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ៥ ដុល្លារទៀត លើចំនួនទឹកប្រាក់ ១២៣ ដុល្លារដែលបានស្នើដោយរដ្ឋមន្រ្តីក្រសួងការងារ។
សេចក្តីប្រកាសដដែល បានឲ្យដឹងបន្តថា សម្រាប់ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតធ្លាប់បានទទួលកន្លងមក ត្រូវរក្សាទុកដដែលមានដូចជាប្រាក់សោហ៊ុយធ្វើដំណើរនិងប្រាក់ស្នាក់នៅ ៧ ដុល្លារក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ ដុល្លារប្រាក់ថ្លៃបាយធ្វើការថែមម៉ោងដោយស្ម័គ្រចិត្ត ២០០០ រៀល ឬបាយមួយពេល និងប្រាក់រង្វាន់អតីតភាពការងារជាច្រើនទៀត ដែលសរុបជាមធ្យមកម្មករម្នាក់នឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួនពី ១៤៧ ដល់ ១៥៦ ដុល្លារក្នុងមួយខែ។

លោក អ៊ិត សំហេង បានថ្លែងកាលពីម្សិលមិញថា តួលេខដែលបានសម្រេចនេះជាតួលេខមួយសមហេតុសមផល ដែលលោកបានគិតគូរគ្រប់ទិដ្ឋភាពទាំងអស់ ហើយលោកក៏ជឿជាក់ថា កម្មករនឹងបានកែប្រែជីវភាពរបស់ខ្លួនប្រសើរជាងឆ្នាំចាស់ ហើយរោងចក្រក៏មានលទ្ធភាពធានាផ្គត់ផ្គង់ប្រាក់ឈ្នួលនេះទៅដល់កម្មករផងដែរ។ លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា មតិអន្តរជាតិ ដែលកំពុងតែតាមដាននឹងមានការចាប់អារម្មណ៍ ហើយការបញ្ជាទិញនានានឹងហូរចូលមកកម្ពុជាបង្កើតឱកាសការងារការវិនិយោគបានកាន់តែច្រើន ...»។
បើទោះបីជាការដំឡើងនេះ មិនបានឆ្លើយតបទៅនឹងអ្វីដែលក្រុមសហជីពបានទាមទារក៏ដោយ ក៏លោក សំហេង សង្ឃឹមថា ខាងសហជីពនឹងយល់ពីការដំឡើងនេះដោយសារពួកគេក៏បានចូលរួមពិភាក្សាផងដែរ។ «ឱកាសដែលពួកគេបានចូលរួមពិភាក្សាជាឱកាសមួយ ដែលកាត់បន្ថយការធ្វើបាតុកម្ម។ ដូចនេះវាមិនមានការចាំបាច់អីដែលត្រូវធ្វើបាតុកម្មទេ។ សូមកុំយកការធ្វើបាតុកម្មដាក់នៅនឹងមុខដើម្បីធ្វើការទាមទារ»។
ទោះជាយ៉ាងណា ភាគីខាងនិយោជក ហាក់មិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលកម្មករពី ១០០ ដុល្លារ ក្នុង ឆ្នាំ២០១៤ ទៅដល់ ១២៨ ដុល្លារក្នុង ឆ្នាំ២០១៥ នេះទេ។
លោក ណាង សុធី អនុប្រធានគណៈកម្មការប្រឹក្សាការងារភាគីតំណាងនិយោជកបានថ្លែងកាលពីម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំថា វាជាការមិនធម្មតា ដែលរាជរដ្ឋាភិបាលសម្រេចដំឡើង ២៨ ភាគរយ នៃប្រាក់ខែអប្បបរមា ហើយក៏មិនដែលមានរោងសហគ្រាសណា ដែលអាចរកផលចំណេញបាន ២៨ ភាគរយក្នុងមួយឆ្នាំនោះដែរ។ លោកបញ្ជាក់ថា៖ «ក្នុងនាមយើងជាអ្នកវិនិយោគស្របច្បាប់ យើងមានកាតព្វកិច្ចគោរពនូវអ្វីដែលរាជរដ្ឋាភិបាលបានសម្រេចហើយក្នុងនាមយើងជានិយោជកយើងសូមប្រកាសនូវជំហររបស់យើងថា យើងនឹងគោរពនូវអ្វីទាំងអស់ដែលរាជរដ្ឋាភិបាលបានសម្រេច»។
ជាមួយនេះដែរ លោកក៏បានបង្ហាញពីក្តីកង្វល់ថា តាមការប៉ាន់ស្មានរបស់សមាគមរោងចក្រកាត់ដេរ មានរោងចក្រប្រមាណជា ៣០ ទៅ ៥០ រោងចក្រ (៣០ ភាគរយ) អាចនឹងប្រឈមនឹងការបិទទ្វារដោយសារការដំឡើងប្រាក់ឈ្នួលកម្មករខ្ពស់នេះ ដែលអាចនឹងមានកម្មករប្រមាណ ៥ ម៉ឺន នាក់ប្រឈមនឹងការបាត់បង់ការងារ។
សមាគមរោងចក្រកាត់ដេរ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចលើប្រាក់ឈ្នួលនេះ ហើយសមាគមក៏បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល ឲ្យដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីជួយដល់វិស័យទាំងនេះ ហើយក៏បានស្នើផងដែរ ដល់សហជីពនានា មេត្តាកុំបង្កភាពចលាចលថែមទៀតដល់វិស័យនេះតាមរយៈការធ្វើបាតុកម្ម កូដកម្មដែលប្រាស់ចាកនឹងនីតិវិធីច្បាប់។
ប៉ុន្តែយ៉ាងណាក៏ដោយសហជីពចំនួន ៩ ដែលតែងតែចេញមុខការពារផលប្រយោជន៍កម្មករ មិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលកម្មករនេះទេហើយបានប្តេជ្ញាបន្តធ្វើយុទ្ធនាការ ដើម្បីជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសមរម្យជាងនេះជូនកម្មករ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងកាលពីថ្ងៃម្សិលមិញថា សហជីពដែលមិនគាំទ្រនឹងការដំឡើងនេះ នឹងជួបប្រជុំដើម្បីពិភាក្សា ថាតើនឹងធ្វើយ៉ាងណាដើម្បីទាមទារប្រាក់ឈ្នួលសមរម្យជូនកម្មករឲ្យបានច្រើនជាងនេះ។ «សហជីពយើង បានបដិសេធនូវលទ្ធផលដែលបានសម្រេច (១២៨ ដុល្លារ) ហើយយើងនឹងធ្វើការតវ៉ាទៀត ប៉ុន្តែនឹងរកវិធីថា តើយើងត្រូវធ្វើយ៉ាងណាក្នុងរយៈពេលខាងមុខដ៏ខ្លីនេះ»។
លោកស្រី យ៉ាង សុភណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលមិនមែនជាសមាជិករបស់ LAC បាននិយាយថា លោកស្រីនឹងជួបប្រជុំជាមួយនឹងសមាជិក និងប្រធានសហជីពតាមរោងចក្រនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចង់ដឹងថា តើពួកគេពេញចិត្តឬអត់ និងមានគម្រោងធ្វើអ្វីបន្តទៀត។ «ខ្ញុំមិនអាចទទួលយកបានទេនូវចំនួនប្រាក់ឈ្នួលដែលបានដំឡើងនេះ។ ខ្ញុំនៅចង់បានចំនួន ១៧៧ ដុល្លារ ប៉ុន្តែ ដោយសារសហជីពដែលធ្វើការជាមួយគ្នាចង់បានតែ ១៤០ ដុល្លារ អ៊ីចឹងខ្ញុំយល់ព្រមតាមពួកគេ»។
លោកស្រី សុភណ្ឌ បានបញ្ជាក់ជំហរថា ការតវ៉ាធំអាចនឹងកើតមានឡើងប្រសិនបើមិនមានការចរចាប្រាក់ឈ្នួលនេះម្តងទៀត។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏គ្រោងនឹងជួបជាមួយនឹងសមាជិកតាមរោងចក្ររបស់លោកនៅថ្ងៃអាទិត្យក្នុងសប្តាហ៍នេះដែរ ដើម្បីឲ្យដឹងថា តើពួកគេព្រមទទួលយក ១២៨ ដុល្លារឬមិនទទួល៕