ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ​បាន​ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី ៦០ ជូន​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាង ៥ ពាន់​នាក់ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យា​ការងារ ដោយសារ​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ១១ ឧសភា ឱ្យដឹងថា ការផ្តល់​ជូន​សាច់ប្រាក់​ឧបត្ថម្ភ​លើក​ទី ៦០ នេះ​មាន​កម្មករនិយោជិត​ចំនួន ៥ ២៦២ នាក់​នៃ​រោងចក្រ សហគ្រាស​ទាំង ២៩ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​បាន​ទទួល​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យា​ការងារ​ស្របតាម​ស្មារតី​ជុំ​ទី ៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល។

សេចក្តី​ជូនដំណឹង​បន្តថា ធនាគារ​ឯកទេស​វីង​​នឹង​ផ្ញើសារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​កម្មករ​បាន​ផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នាពេល​កន្លងមក។

បើតាម​ក្រសួង​ការងារ ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ក្នុង​នោះ​កម្មករ​ម្នាក់​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៦០ ៧៥០ រៀល (១៥ ដុល្លារ​អាមេរិក) សម្រាប់​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល ៧ ថ្ងៃ ដល់ ១០ ថ្ងៃ។ ទទួលបាន ១២១ ៥០០ រៀល (៣០ ដុល្លារ​អាមេរិក) សម្រាប់​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល ១១ ថ្ងៃ ដល់ ២០ ថ្ងៃ និង​ទឹកប្រាក់​ចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារ​អាមេរិក) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១ ថ្ងៃ ដល់ ១ ខែ។

ក្រសួង​រំឭកថា៖ «ធនាគារ​ឯកទេស​វីង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​ជា​បងប្អូន​ខកខាន​មិន​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល ១០ ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង»។

ក្រសួង​ការងារ​បញ្ជាក់ថា៖ «ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វីង ដែល​នៅ​ជិត​បំផុត ហើយ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ»។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​លោក អាត់ ធន់ បាន​ថ្លែងថា ការបន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ត្រូវបាន​ព្យួរការងារ​ជា​រឿង​ល្អ​មួយ។ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ពិចារណា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ ដល់​កម្មករ-កម្មការិនី ដែល​រស់នៅ​តំបន់​បិទខ្ទប់​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម។

លោក​ថ្លែងថា៖ «អ្វីដែល​រដ្ឋាភិបាល​ធ្លាប់​ផ្តល់​ដល់​កម្មករ​កន្លង​មក គឺ​បាន​ចូលរួមចំណែក​ជួយ​ដល់​កម្មករ​មួយផ្នែក​ហើយ ប៉ុន្តែ​ឥឡូវនេះ​បញ្ហា​ប្រឈម​ខ្លាំង​កម្មករ​ដែល​រស់​នៅ​តំបន់​បិទខ្ទប់»។

រាជរដ្ឋាភិបាល​ពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្តីពី​ការដាក់​ឲ្យ​អនុវត្ត​កម្មវិធី «ជំនួយ​សង្គម​ជា​សាច់ប្រាក់ ក្រោយពេល​បិទខ្ទប់» ដើម្បី​ជួយ​គាំទ្រ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​កម្រិត​ជីវភាព​ទាប និង​ជួប​ប្រឈម​នឹង​ការលំបាក ក្រោយ​ការអនុវត្ត​វិធានការ​បិទខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ការផ្តល់​ជំនួយ​សង្គម​ជា​សាច់ប្រាក់ សម្រាប់​គ្រួសារ​ដែលមាន​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូវីដ១៩ និង​គ្រួសារ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩។

ក្នុង​សេចក្តី​សម្រេច​បញ្ជាក់​ថា៖ «នៅក្នុង​រយៈពេល​អនុវត្ត​វិធានការ​បិទខ្ទប់ រាជរដ្ឋាភិបាល​បាននិង​កំពុង​ផ្តល់ «ជំនួយ​សង្គ្រោះបន្ទាន់​ក្នុងពេល​បិទខ្ទប់» ជា​ស្បៀងអាហារ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និង/ឬ ទឹកស៊ីអ៊ីវ និង​ថវិកា​មួយចំនួន ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ប្រជាពលរដ្ឋ​ក្រីក្រ និង​កម្មករនិយោជិត​ផងដែរ»។

បើតាម​សេចក្តី​សម្រេច រដ្ឋាភិបាល​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន ១៦ ម៉ឺន​រៀល​ក្នុង ១ នាក់​ជូន​ដល់​កម្មករ និយោជិត ដែល​ឆ្លង​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​កម្មករ​ទាំងនោះ​ត្រូវជា​អ្នក​បម្រើការ​នៅតាម​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​កាបូប ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ក្រៅពី​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ៕

វីដេអូ៖