ភ្នំពេញៈ អ្នកនាំពាក្យ​រដ្ឋាភិ​បាល​អះអាងថា ​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណី​មន្ត្រី​ ដែល​បាន​កាង​ឱ្យ​ឈ្មួញ​នាំ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ វៀត​ណាម​ ចូលមក​កម្ពុជា ​ដោយបាន​អំពាវ​នាវឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​មន្ត្រី ​ដែលអនុញ្ញាតឲ្យ​មានការ​នាំ​ជ្រូក​ចូល​ខុសច្បាប់ ​ស្របពេល​ជំងឺ​ប៉េស្ដ​ជ្រូកអា្រហ្វិកនេះកំពុង​បន្ត​រាលដាល​ដល់​ខេត្ត​កណ្ដាល បន្ទាប់ពី​ផ្ទុះឡើង​នៅ​ខេត្ត​រតនគិរី ​ត្បូងឃ្មុំ ​ស្វាយ​រៀង ​និង​ខេត្ត​តាកែវ។

នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ពី​ថ្ងៃ​ម្សិលមិញ ​លោក ផៃ ស៊ី​ផាន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​លើ​កិច្ចការ​នាំពាក្យ​រាជរដ្ឋាភិបាល ​បានបញ្ជាក់ថា​ មាន​មនុស្ស​មួយក្រុម​ស្លៀកពាក់​ជា​ឯកសណ្ឋាន​មន្ត្រី បានគិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ និង​មិន​គិត​អំពី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាធំ​ឡើយ។ ពួកគេបាន​អនុ​ញ្ញាត​ឱ្យមាន​ការ​លួច​នាំ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ ដែល​ករណីនេះ​លោក​ចាត់ទុកថា ​អាចធ្វើឱ្យ​ប៉ះពាល់​សុខុ​មាលភាព​សាធារណៈ​និង​មុខរបរ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា។

លោក​បន្តថា ​ការស៊ើបអង្កេត​នេះ​ បន្ទាប់ពី​លោក​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រី​យោធា​ ១ ក្រុម​ បាន​អនុញ្ញាត​ឱ្យ​នាំ​ជ្រូក​ខុស​ច្បាប់​ពីប្រ​ទេស ​វៀតណាម​ ចូល​តាម​ខេត្ត​ស្វាយរៀង ​ដោយ​រំលោភ​លើសា​រាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម។

លោក​ថ្លែងថា​៖​ «សូម​ជម្រាបជូន​តែ​ប៉ុណ្ណឹង​សិន ​ដោយសារ​រឿង​ហ្នឹង​វា​ថ្មី​ពេក​សម្រាប់​យើង​ធ្វើការ។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​ យើង​យក​ប្រជា​ពលរដ្ឋ​ជាធំ។ ផលប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ ​គឺជា​ផលប្រយោជន៍​របស់​រាជ​រដ្ឋាភិបាលក្នុង​ការផ្ដល់​សេវាកម្ម​ឬក៏​ក្នុង​ការបម្រើ។ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ថា ​មន្ត្រី​ទាំងអស់​ជា​អ្នកបម្រើ​របស់​មហាជន»។

លោក ផៃ ស៊ី​ផាន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ជាពិសេស​អ្នករស់នៅ​តាម​ច្រករបៀង​តាម​ព្រំដែន ចូលរួម​រាយការណ៍​អំពី​មន្ត្រី​ដែល​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេសជិត​ខាង ​ជាពិសេស​ពី​ប្រទេស​ វៀតណាម ​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក។

ការលើកឡើង​នេះ​ បន្ទាប់ពី​លោក ផៃ ស៊ី​ផាន ​កាលពី​ថ្ងៃទី ១០​ កក្កដា ​បាន​ចែករំលែក​ព័ត៌មាន​មួយ​ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេស​ប៊ុ​ក​ឈ្មោះ «HC ​ហ៊ុន ជា ​ដើម្បី​ខ្មែរ» ដែល​អះ​អាង​ថា​ នៅ​ខេត្តស្វាយរៀង​មាន​ទាហាន​ ១ ក្រុម​តូច ​បាន​កាង​ឱ្យ​នាំ​ជ្រូក​ខុស​ច្បាប់​ចេញពី​ប្រទេស ​វៀតណាម ​ហើយ​បន្តថា​ ករណីនេះ​បានធ្វើឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​ប្រជា ពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​នៅក្នុង​ខេត្ត​ស្វាយរៀង ​និង​បានស្នើ​ឱ្យមាន​វិធានការ​ផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​មន្ត្រី​យោធា​ទាំង​នោះ។

ទោះយ៉ាងណា​ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ប៉ែន សារ៉ុន ​មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករង​ស្វាយរៀង​បានទេ​ពីម្សិល​មិញ​ ដោយ​សារ​​អ្នក​លើក​ទូរស័ព្ទ​ថា​ ច្រឡំ​លេខ​ ខណៈ​លោក​ កឹង ឃន ​ស្នងការ​នគរបាល​​ខេត្ត​​ថា​ ជាប់​ប្រជុំ។ រីឯ​លោក​ ម៉ែន វិបុល​ អភិបាល​ខេត្ត​ស្វាយរៀង ​និង​លោក ​ថាច់ រតនា ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង​ មិន​លើក​ទូរស័ព្ទ។

ខេត្តស្វាយរៀង​ និង​ខេត្តតាកែវ ​ត្រូវ​បាន​ក្រសួង​កសិកម្ម​ចេញប្រកាស​កាលពី​ថ្ងៃទី ៨​ កក្កដា ​នេះ​ អំពី​ករណី​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក បន្ទាប់ពី​ជំងឺ​នេះបាន​ផ្ទុះឡើង​ដំបូង​នៅ​កម្ពុជា​ក្នុង​ខែមីនា​ ស្ថិតក្នុង​ខេត្ត​រតនគិរី ​និង​បន្ទាប់មក​​រាល​ដាល​ដល់​ខេត្ត​ត្បូងឃ្មុំ។

បើតាម​តួលេខ​របស់​នាយកដ្ឋាន​សុខភាព​សត្វ​និង​សុខភាព​សាធារណៈ​ប​សុ​ព្យាបាលបា​ន​បង្ហាញ​នៅ​ថ្ងៃ​ម្សិល​មិញ​ដែរ​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​បានធ្វើឱ្យ​ជ្រូក​ចំនួន​ ២ ៥៥៧ ​ក្បាល​ងាប់ ​ដែល​ក្នុងនោះ​ប្រហែល​ ៧០០ ​ក្បាល ត្រូវបាន​សម្លាប់​ចោល។

លោក​ តាន់ ផាន់​ណា​រ៉ា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​និង​ផលិតកម្ម​សត្វ​បាន លើកឡើង​ក្នុង​សន្និសីទ​ដែរ​ថា ​រយៈពេល​កន្លះ​ឆ្នាំ ២០១៩ នេះ​ការ​លួច​នាំចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស ​វៀត​ណាម ​ចំនួន​ ៥៥ ករណី​ ដែលមាន​ជ្រូក​សរុប​ ១ ៤៨២ ក្បាល​ ត្រូវបាន​បង្ក្រាប​។​ ប៉ុន្តែ​លោក​អះអាងថា​ ក្នុងចំណោម​ជ្រូក​នាំចូល​ខុសច្បាប់​ទាំងនោះ​ពុំ​រក​ឃើញ​មាន​ផ្ទុក​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក​ឡើយ។

លោក​បន្ថែមថា​៖ «នេះ​បង្ហាញឱ្យ​ឃើញថា ​ឆ្នាំនេះ​បន្ទាប់ពី​មានការ​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ​សូម្បីតែ​ខេត្ត​ក៏មាន​សម្ទុះ​កើនឡើង​ក្នុង​ការ​បង្ក្រាប​ដែរ​ ប៉ុន្តែ​ក៏​នៅមាន​ខេត្ត​មួយចំនួន​នៅមាន ​[ភាព] ទន់ខ្សោយ​ក្នុង​ការងារ​ (បង្ក្រាប)​ នេះ»។

ជុំវិញ​ការបង្ក្រាប​ការដឹក​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​នេះ ​កាលពី​ថ្ងៃទី ៨ ​កក្កដា លោក​ វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​សម្រេច​ផ្ទេរ​តួនាទី​លោក រី ដា​វិ​ន ពី​ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូង​ឃ្មុំ ​មក​បញ្ឈរ​ជើង​នៅ​ក្រសួង​វិញ ​ក្រោយពី​រក​ឃើញ​ថា ​មន្ត្រី​នេះបាន​ព្រងើយ​កន្ដើយ​ចំពោះ​ការងារ​ទប់ស្កាត់​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក។

ចំណែក​លោក​អុល ដូ​រិន​ ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា​ ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​បាន​រាលដាល​ដល់​ឃុំ​ក្រាំ​យ៉ូ​វ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ហើយ។ ​គិត​មកដល់​ថ្ងៃ​ម្សិលមិញ ​មាន​ជ្រូក​ជាង ​៥០០ ក្បាល​បាន​ងាប់ ហើយ​តាម​ការធ្វើ​តេស្ដ​ឈាម​នៅ​ថ្ងៃទី ៨ ​កក្កដា ​នេះ ​ជ្រូក​ទាំង​នោះ​បាន​ឆ្លង​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក។

លោក​បញ្ជាក់ថា​៖ «ឥឡូវ​វា​កំពុង​ងាប់​ជាបណ្ដើរៗ ​ហើយ​ឥឡូវ​ហ្នឹង​យើង​កំពុង​ធ្វើការ (បាញ់ថ្នាំ​សម្លាប់​មេរោគ)»៕

វីដេអូ៖