ភ្នំពេញៈ រដ្ឋាភិបាល​ បានចេញ​អនុក្រឹត្យ ស្ដីពី​ការ​ប្រើប្រាស់​និង​ការ​ចាត់ចែង​ទ្រព្យ​សម្បត្តិ​បង្កក ដែល​បាន​មកពី​បទល្មើស​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ខណៈ​ក្រសួង​យុត្តិធម៌​បាន​ធ្វើ​បទបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការសម្អាត​ប្រាក់​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការប្រើប្រាស់ និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​បង្កក​នៃ​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​កាលពី​ថ្ងៃទី​ ៣ ខែ​តុលា ​ថា ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នៃ​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ អាច​ធ្វើ​ទៅ​បាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​បន្តថា អនុក្រឹត្យ​នេះ​នឹង​អនុញ្ញាត​ឱ្យ​បុគ្គល ឬ​អង្គភាព​ដែល​ទទួល​ខុសត្រូវ​លើ​កិច្ចការ​នេះ​អាច​ប្រើប្រាស់ និង​ចាត់ចែង​ទ្រព្យសម្បត្តិ​បង្កក​តាម​សេចក្តី​សម្រេច​របស់​តុលាការ ដើម្បី​ធានា​ដល់​ការចំណាយ​មូលដ្ឋាន ការចំណាយ​លើ​ការបំពេញ​កាតព្វកិច្ច និង​ការចំណាយ​ផ្សេងៗ​ដែល​ទទួល​បាន​ការអនុញ្ញាត​ហើយ​ស្របតាម​សេចក្តី​សម្រេចចិត្ត​នានា​របស់ UN​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​បុគ្គល​ ឬ​អង្គភាព​ដែល​កាន់កាប់​ទ្រព្យសម្បត្តិ​បង្កក​ត្រូវដាក់​ពាក្យស្នើសុំ​ប្រើប្រាស់ និង​/​ឬ​ចាត់ចែង​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​បង្កក​នោះ​ទៅ​តុលាការ ដែល​បាន​ចេញ​សេចក្តី​សម្រេច​បង្កក​។ សេចក្តី​សម្រេច​បង្កក​ត្រូវធ្វើ​ឡើង​ជា​ទម្រង់​ដីកា​សម្រេច​»​។

បើ​តាម​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហា​ប្រល័យ​ដែល​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំ ២០២០ គឺ​មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី​វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

ជាមួយ​នឹង​ទិសដៅ​នេះ​លោក ប៉ែន ពេជ្រសាលី អគ្គនាយក​កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ និង​ជា​ប្រធាន​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៃ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី ២ ​តុលា​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី​ការសម្អាត​ប្រាក់ និង​ការផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។

លោក​ តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា ការធ្វើ​បទបង្ហាញ​នេះ​គឺ​ក្នុង​គោលបំណង​ផ្តល់​ពុទ្ធិ​ចំណេះដឹង និង​ចែករំលែក​បទពិសោធន​ដល់​អនុប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម និង​អនុប្រធាន​លេខាធិការ​រដ្ឋបាល ឬ​ប្រធាន​ការិយាល័យ​នៃ​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ឱ្យដឹងថា មេរៀន​ដែល​ត្រូវ​បង្ហាញ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​គឺ​ការបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការសម្អាត​ប្រាក់ ការអង្កេត ការចោទប្រកាន់ និង​ការរឹបអូស​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ផល​នៃ​បទល្មើស​ក្នុង​ការសម្អាត​ប្រាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងពេល​ថ្មីៗ​នេះ ព្រះមហាក្សត្រ​បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ចំនួន​ ២ បន្ថែម​ទៀត​ហើយ​វា​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ទាក់ទង​ទៅនឹង​បទល្មើស​សម្អាត​ប្រាក់​។ ដូចនេះ​របត់​ការងារ​ក្នុង​វិស័យ​យុត្តិធម៌​បាន​ប្រែប្រួល​យ៉ាងខ្លាំង​ដែល​តម្រូវ​ឱ្យ​មាន​ការបំពាក់​បំប៉ន​សមត្ថភាព​ដល់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀត​ឱ្យបាន​យល់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួន​ឱ្យបាន​សមស្រប​»​។

ជាមួយ​គ្នា​នេះ​លោក​ ស៊ុនឡាយ រំពឹង​ថា មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់​ក៏​នឹង​ទទួលបាន​បទពិសោធ​ថ្មី​ទាក់ទង​នឹង​ការបង្ការ​ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ក៏​ដូចជា​នៅ​ទូទាំង​ប្រទេស​ផងដែរ​។

មិន​អាច​ទាក់ទង​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ ប៉ិច ពិសី ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕