ភ្នំពេញៈ ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកាស​ជ្រើសរើស​និស្សិត-សិស្ស​ជិត​ ៣០០ ​នាក់​ ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងរាជ​អាវុធហត្ថ ខណៈ​រដ្ឋាភិបាល​ក៏បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​ជ្រើសរើស​កម្លាំង​ចំនួន​ ១ ៧០០ ​នាក់ ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​សម្រាប់​តម្រូវការ​ចាំបាច់​នៃ​ការងារ​ការពារ​សន្ដិសុខ​ជាតិ ថែរក្សា សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។

លិខិត​ជូនដំណឹង​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះហត្ថលេខា​ដោយ​លោក​ ស៊ិន សូផាន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​អនុគណៈកម្មការ​ជ្រើសរើស​កាលពី​ថ្ងៃទី​ ៥ ខែ​កញ្ញា​បាន​ឲ្យ​ដឹងថា សិស្ស និស្សិត យុវជន មាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ ដល់​ ២៥ ​ឆ្នាំ ​ដែល​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ ពួកគេ​អាច​សុំ​ចុះឈ្មោះ​ដាក់​ពាក្យ​នៅតាម​ទីតាំង​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី-ខេត្ត​ទាំង​ ២៥ ​ចាប់​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ២៨ ​ខែ​កញ្ញា​នេះ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​៖ «​បេក្ខជន​ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​កងរាជ​អាវុធហត្ថ​ត្រូវ​មាន​លក្ខណសម្បត្តិ និង​លក្ខខណ្ឌ​ដូចខាងក្រោម ១ មាន​សញ្ជាតិ​ខ្មែរ ភេទ​ប្រុស នៅ​លីវ ២ មាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ដល់​ ២៥ ​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ដាក់ពាក្យ ៣ មាន​កាយសម្បទា​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ​»​។

លិខិត​នោះ​បន្ថែម​ថា​បេក្ខជន​ត្រូវមាន​ភក្តីភាព​ចំពោះ​ជាតិ មាតុភូមិ និង​គ្មាន​ជាប់ពិរុទ្ធ​អំពី​បទល្មើស​ផ្សេងៗ​។ មាន​កម្រិត​វប្បធម៌ មធ្យមសិក្សា​ទុតិយភូមិ​ឡើង​ទៅ​ត្រូវ​មាន​កម្ពស់​ចាប់ពី​ ១,៧០ ​ម៉ែត្រ​ឡើងទៅ​។ បេក្ខជន​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​លក្ខណសម្បត្តិ​របស់​ក្រុម​ការងារ​ជ្រើសរើស​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

កងរាជអាវុធហត្ថ​នៅ​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី​ ៦ ខែ​កញ្ញា ឆ្នាំ​ ២០១៩​។ រូបថត កងរាជ​អាវុធហត្ថ

អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ អេង ហ៊ី មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការជ្រើសរើស​នេះ​ទេ​។ លោក​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «​យើង​ធ្វើការ​ជ្រើសរើស​សិស្ស និស្សិត យុវជន ហើយ​លក្ខខណ្ឌ ដូច​មាន​ចែង​ក្នុង​សេចក្តី​ជូនដំណឹង​»​។

លោក​ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថ្ងៃទី​ ៩ កញ្ញា​ ថា​ ការជ្រើសរើស​មន្ត្រី​កងរាជ​អាវុធហត្ថ​ខាង​លើ​នេះ​ធ្វើ​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ខ្វះខាត​ និង​តម្រូវការ​ចាំបាច់​នៃ​ការងារ​ការពារ​សន្ដិសុខ​ជាតិ​។

លោក​ថា​៖ «​យើង​ជ្រើសរើស​ដើម្បី​បំពេញ​តម្រូវការ​ការពារ​ជាតិ​ហើយ​វា​គួបផ្សំ​អ្នក​ដែល​ចូល​និវត្តន៍​។ យើង​ធ្វើការ​ជ្រើស​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​បំពេញ​តម្រូវការ​ហើយ​ការជ្រើស​នេះ​ធ្វើ​ឡើង​ដោយ​តម្លាភាព​ច្បាស់លាស់​»​។

ទន្ទឹម​នឹង​នេះ​ថ្ងៃទី​ ២៣ ខែ ​សីហា ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ អនុញ្ញាត​ឲ្យ​ក្រសួង​មហាផ្ទៃ​ជ្រើសរើស​បំពេញបន្ថែម​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ​ចំនួន ១ ៧០០ ​កន្លែង​ សម្រាប់​តម្រូវការ​ចាំបាច់​នៃ​ការងារ​ការពារ​សន្ដិសុខ​ជាតិ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។

អនុក្រឹត្យ​នោះ​ចែងថា​៖ «​ក្របខ័ណ្ឌ​ថ្មី​នេះ​ត្រូវ​បាន​ទទួល​ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​គិត​ចាប់ពី​ពេល​ចូលរៀន វគ្គ​បណ្ដុះបណ្ដាល​ដំបូង ឬ​វិជ្ជាជីវៈ​នគរបាលជាតិ​តទៅ​»​។

លោក​ ផាត់ សុផានិត អ្នក​នាំពាក្យរង​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​ការជ្រើសរើស​មន្ត្រីនគរបាល​ដូច​ចំនួន​ខាង​លើ​នេះ​គឺ​ដើម្បី​បំពេញបន្ថែម​មន្ត្រី​នគរបាលជាតិ ដែល​ចូលនិវត្តន៍​ហើយ​ពួកគេ​ត្រូវ​មាន​លក្ខណសម្បត្តិ និង​បំពេញ​តាម​លក្ខខណ្ឌ​។ លោក​ថា​៖ «​ពួកគេ​ត្រូវតែ​បំពេញបែបបទ​ហើយ​ត្រូវ​ប្រឡង​។ ការ​រើស​នេះ​គឺ​ដើម្បី​បំពេញ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​តាម​ខេត្ត រាជធានី​»​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី ថ្លែង​ថា​ប្រទេស ​កម្ពុជា តូច ប៉ុន្តែ​បែរ​ជា​មាន​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ដែល​បាន​ចំណាយ​ថវិកាជាតិ​ច្រើន​។ នេះ​ដោយសារ​រដ្ឋាភិបាល​ត្រូវការ​កម្លាំង ដើម្បី​ត្រៀម​ការពារ​សន្តិសុខ និង ទប់ស្កាត់​ស្ថានការណ៍​តានតឹង​។

លោក​បញ្ជាក់ថា​៖ «​ក្បាល​ធំ​ខ្លួន​តូច​ទៅហើយ​។ យើង​មិន​មើល​ឃើញ​ចំណុច​ណាមួយ​ដែល​យើង ត្រូវការ​ជ្រើស​កម្លាំង​ប្រដាប់​អាវុធ​បន្ថែម​ទេ​ក្នុង​ស្ថានភាព​ [​បច្ចុប្បន្ន​] ​និង​តម្រូវការ​របស់​ប្រទេស​យើង​។ ពីព្រោះ​យើង​ដឹង​ហើយ យើង​ចំណាយ​ថវិកា​រហូត​ដល់​ ១ ០០០ ​លាន​ដុល្លារ​ សម្រាប់​កម្លាំង​គ្រប់​ប្រភេទ​។ រាជរដ្ឋាភិបាល​ត្រូវការ​កម្លាំង​ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​តានតឹង​នាពេល​ខាងមុខ​ដែល​យើង​មិន​អាច​ប៉ាន់ស្មាន​បាន​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងថា​ការជ្រើសរើស​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ និង​បំពេញ​បន្ថែម​សម្រាស់​មន្ត្រី​ដែល​ចូលនិវត្តន៍​។ ការជ្រើសរើស​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​។

លោក​ថ្លែង​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ​ក្រសួង​ និង​ស្ថាប័ន​ផ្សេងៗ​តែងតែ​ធ្វើការ​ជ្រើស​បំពេញបន្ថែម ពីព្រោះ​មាន​អ្នក​ចូលនិវត្តន៍ អ្នក​បោះបង់​ពី​ការងារ​។ វា​ក៏​បង្ហាញ​ពី​ការរីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​រីកចម្រើន​វិស័យ​ការពារជាតិ​»៕