ភ្នំពេញៈ រដ្ឋាភិបាល​បាន​សម្រេច​ឈប់​ផ្ដល់​អាជ្ញាប័ណ្ណ​​សម្រាប់​អាជីវកម្ម​បើក​ល្បែងភ្នាល់​​តាម​ម៉ាស៊ីន​អេឡិចត្រូនិក និង​​តាម​អ៊ីនធឺណែត​ទាំង​ក្នុង និង​ក្រៅប្រទេស​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​សីហា​ឆ្នាំនេះ​តទៅ ដោយ​លើក​ហេតុផល​ថា អាជីវកម្ម​ប្រភេទ​នេះ​បាន​ជួយ​ផ្ដល់​ឱកាស​ឱ្យ​ជនបរទេស​ក្នុង​ការ​លាក់ខ្លួន​ធ្វើ​សកម្មភាព​បទល្មើស​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​។

សារាចរ​ណែនាំ​ផ្សព្វផ្សាយ​កាល​ថ្ងៃ​អាទិត្យ​ដែលមាន​ត្រា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា មាន​ការ​ធ្វើ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ីនធឺណែត អនឡាញ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដោយ​អាជីវកម្ម​មួយ​ចំនួន​មាន​ច្បាប់​អនុញ្ញាត ខណៈ​មួយ​ចំនួន​បើក​ដោយ​លួចលាក់​។

សារាចរ​ដដែល​លើក​ឡើង​ថា​ពួកឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន​បាន​ជ្រក​ក្រោម​រូបភាព​ល្បែង​ភ្នាល់​ប្រភេទ​នេះ ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​សង្គម​។

សារាចរ​ណែនាំ​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្ដល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ និង​តាមរយៈ​អ៊ីនធឺណែត​អនឡាញ​ក្នុង និង​ក្រៅ​ប្រទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ​»​។

ចំពោះ​អាជីវកម្ម​មាន​អាជ្ញាប័ណ្ណ​អាច​បន្តសកម្មភាព​រហូត​អស់​សុពលភាព ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​ត្រូវ​បន្ត​សុពលភាព​ឲ្យ​ទៀតឡើយ​។

សារាចរ​ដដែល​ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែង​បែបនេះ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ផងដែរ​។

សារាចរ​ណែនាំ​នេះ​ត្រូវ​បានប្រកាស​ក្រោយ​ ៤ ​ថ្ងៃ បន្ទាប់ពី​មាន​ជនជាតិ​ចិន​ចំនួន​ ១២៨ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់ ហើយ​គ្រោង​បណ្ដេញចេញ​ពី​កម្ពុជា​ឆាប់ៗ​នេះ​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការលេង​ល្បែង​តាម​អនឡាញ​ជា​អំពើ​ខុសច្បាប់​នៅ​ចិន ដូច្នេះ​ជនជាតិ​ចិន​បាន​មក​កម្ពុជា​ដើម្បី​ឆ្លៀត​ឱកាស​ពី​ច្បាប់​អនុញ្ញាត​នៅ​កម្ពុជា ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​ជំរិត​ជនជាតិ​ចិន​ផ្សេង​ទៀត​នៅ​ប្រទេស​ចិន​។

លោក​ថា សារាចរ​ណែនាំ​នេះ​ចេញ​សម្រាប់​តែ​ល្បែង​អ៊ីនធឺណែត​ដែល​ត្រូវបាន​អនុញ្ញាត​ច្បាប់​ឲ្យ​បើក​។ ប៉ុន្តែ​ការ​លួច​លេង​ភ្នាល់​តាម​ហាង​អ៊ីនធឺណែត គឺជា​អំពើ​ល្មើសច្បាប់​ស្រាប់​ហើយ​ដោយ​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ដោយ​មិនចាំបាច់​សារាចរ​នេះ​ទេ​។

ចំពោះ​សារាចរ​នេះ លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីនធឺណែត​ដែល​គេ​បើក​តាម​កាស៊ីណូ អាហ្នឹង​ល្បែង​ពាណិជ្ជកម្ម ដែលមាន​ច្បាប់​អនុញ្ញាត តែ​ឥឡូវ​អាមាន​ច្បាប់​អនុញ្ញាត​នោះ​ក៏​ត្រៀម​បិទ​នៅ​ថ្ងៃ​អនាគត​ហើយ​។ អា​តាម​ផ្ទះ​អី ដែល​លួច​លេង អាហ្នឹង​ខុសច្បាប់​ស្រាប់​ហើយ​អាហ្នឹង​»​។

អ្នកចាត់ការ​ទូទៅ​នៅ​កាស៊ីណូ​មួយ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាស៊ីណូ​របស់​លោក​មិន​បារម្ភ​អ្វី​ទេ ព្រោះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​បាន​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាង​ទៀងទាត់​។ លោក​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការទទួល​បាន​អាជ្ញាប័ណ្ណ​សម្រាប់​ល្បែង​អនឡាញ​នៅតាម​ព្រំដែន​ ប៉ុន្តែ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​ទេ​។ លោក​ថា ប្រសិន​បើ​កាស៊ីណូ​ចង់បាន​អាជ្ញាប័ណ្ណ​សម្រាប់​លេងល្បែង​អនឡាញ​ត្រូវ​មាន​ស្ដង់ដា​ជា​សណ្ឋាគារ​ត្រឹមត្រូវ គឺ​ ១០០ ​បន្ទប់​ឡើង​។ កត្តា​មួយទៀត​គឺ​កាស៊ីណូ​នោះ ត្រូវ​មាន​ទំហំ​ធំ​ទូលាយ​មើល​ទៅជា​លក្ខណៈ​កាស៊ីណូ មិនមែន​បន​ល្បែង​ទេ​។

លោក​ថ្លែងថា​៖ «​ឡាយសិន​ (​អាជ្ញាប័ណ្ណ​) ​យើង​គឺ​អត់​មាន​​កំណត់ពេល​វេលា​ទេ​។ ឡាយសិន​ក្រុមហ៊ុន​នេះ​អត់​មាន​កំណត់​ទេ ដោយសារ​យើង​ចុះ​បញ្ជិកា​​ត្រឹមត្រូវ រដ្ឋាភិបាល​គាត់​ទទួលស្គាល់ យើង​បង់ពន្ធ​មាន​ក្រដាស​ពន្ធ​អី​ត្រឹមត្រូវ​រាល់​ឆ្នាំ​អត់​ដែល​ខាន ដូចជា ពន្ធ​តុ​ល្បែង​។ អ៊ីចឹង​យើង​មាន​ប៉ាតង់​មក​បិទ​នៅ​តុ​ល្បែង​ជា​​រៀងរាល់​ឆ្នាំ អត់​ដែល​ខាន​»​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ពេលបច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​ចេញ​អាជ្ញាប័ណ្ណ​ដល់​កាស៊ីណូ​ជិត ២០០ អាជ្ញាប័ណ្ណ​ដែល​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ និង​នៅតាម​ព្រំដែន​ដែល​កាស៊ីណូ​ទាំងនេះ​មាន​អាជីវកម្ម​ល្បែង​អនឡាញ​ភ្ជាប់​ជាមួយ​។ នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​មាន​ការស្នើសុំ​បង្កើត​កាស៊ីណូ​ចំនួន​ ៣០ ដែល​មិនទាន់​ត្រូវ​បាន​អនុម័ត​យល់​ព្រម​។

លោក​ពន្យល់​ថា​អាជ្ញាប័ណ្ណ​ទាំងអស់​មាន​រយៈពេល​ ១ ​ឆ្នាំ ហើយ​អាច​បន្ត​រៀងរាល់​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​យើង​អត់​ឲ្យ​អាជ្ញាប័ណ្ណ​អនឡាញ​តែមួយ​ទេ យើង​ឲ្យ​អាជ្ញាប័ណ្ណ​កាស៊ីណូ ដើម្បី​ឲ្យ​គាត់​ធ្វើ​អគារ បង្កើត​បុគ្គលិក​»​។ ​លោក​ថា បើតាម​សារាចរ​ថ្មី​នេះ​រាល់​អាជីវកម្ម​អនឡាញ​ទាំងអស់​នឹង​ត្រូវ​ផុត​សុពលភាព​នៅ​ចុងឆ្នាំ​ ២០១៩ នេះ​។

លោក​ថា ចំណូល​ពី​វិស័យ​ល្បែង​​រួមមាន មកពី​កាស៊ីណូ ពី​សំណង់ ចំណូល​ពី​ដីធ្លី​។ «​នេះ​ជា​ផល​វិជ្ជមាន​ស្ដីពី​ការអនុញ្ញាត​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ហ្នឹង​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​យល់​ឃើញ​ថា សារាចរ​ណែនាំ​នេះ​ជា​ចំណុច​វិជ្ជមាន​ពីព្រោះ​ការលែង​ល្បែង​ស៊ីសង​មិន​គួរ​ទទួល​បាន​ការគាំទ្រ​ទេ​។

លោក​ថា​៖ «​ផលប៉ះពាល់​មាន​រយៈ​ខ្លី​ទេ តែ​រយៈពេល​វែង​ជា​រឿង​វិជ្ជមាន​សម្រាប់​ប្រទេស និង​សម្រាប់​តំបន់ ព្រោះ​បើ​យើង​គ្រប់គ្រង​មិន​បាន​ល្អ វា​នឹង​ក្លាយជា​កន្លែង​សម្រាប់​ល្បែងស៊ីសង​នៅ​អាស៊ាន វា​រឹតតែ​ពិបាក​»​។

លោក​បន្ត​ថា​៖ «​បើ​គ្រប់គ្រង​ទាំង​ក្នុងស្រុក និង​ពី​ក្រៅប្រទេស ហ្នឹង​វា​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ចរន្ត​លាងលុយ​កខ្វក់​ច្រើន ហើយ​នឹង​ការចាប់​ជំរិត​»​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​​លើកឡើង​ថា កាស៊ីណូ​ដែល​មាន​ច្បាប់​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ប៉ុន្តែ​កន្លង​មក​ក្រុម​ជនជាតិ​ចិន​រកឃើញ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​គឺ​ភាគច្រើន​បំផុត​ជា​ក្រុម​លួច​បើក​បន​ល្បែង​តាម​អនឡាញ​ខុស​ច្បាប់​នៅ​តាម​ផ្ទះជួល​ ឬ​តាម​ផ្ទះសំណាក់​។

លោក​ថា​៖ «​យើង​តែង​ចុះ​ធ្វើការ​ជា​ប្រចាំ​ (​ត្រួតពិនិត្យ​) ​ហើយ​យើង​ក៏​បង្ក្រាប​បាន​ច្រើន​ករណី​ដែរ​ពាក់ព័ន្ធ​នឹង​ការចាប់​ជំរិត​តាម​ប្រព័ន្ធ​អនឡាញ និង​ការចាប់​បង្ខាំង​មនុស្ស​ទុក​ជាដើម​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​កន្លង​មក​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ភាគច្រើន​មិន​បាន​មក​ចុះបញ្ជី​ទេ​។ លោក​ចាត់ទុក​ការចេញ​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​​ថា មាន​សារៈសំខាន់​ក្នុងការ​ទប់ស្កាត់​អាជីវកម្ម​ដោយ​មិន​មាន​ការបង់ពន្ធ​ខណៈ​វិស័យ​នេះ​មិន​បាន​ផ្តល់​ផល​ជា​ដុំកំភួន​ក្នុង​ចំណូល​ពន្ធដារ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិនទាន់​ដឹងថា ការដាក់ចេញ​សារាចរ​​ណែនាំ​នេះ​នឹង​ធ្វើឲ្យ​រដ្ឋ​បាត់​ចំណូល​ប៉ុន្មាន​នោះទេ ព្រោះ​កន្លង​មក​យើង​ក៏​មិនសូវ​បាន​ផល​ប៉ុន្មាន​ទេ នៅក្នុង​អាជីវកម្ម​អនឡាញ ព្រោះ​យើង​ក្តាប់​មិន​ទាន់​បាន​ពី​ចំណូល​នេះដែរ​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា ការលេង​ល្បែងស៊ីសង​មិនដែល​នាំមក​នូវ​ទ្រព្យសម្បត្តិ​ទេ វា​គ្រាន់តែ​ជា​ការផ្ទេរ​ទ្រព្យ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែល​សង្គម​ខ្មែរ​ចាត់ទុក​ថា​ជា​អំពើ​អបាយមុខ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​នៅពេល​ល្បែង​អាច​ប្រព្រឹត្ត​ឡើង​ដោយ​ឆ្លង​ប្រទេស វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់ និង​ចរន្ត​ហិរញ្ញវត្ថុ​ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយ​ការគ្រប់គ្រង​នឹងមាន​ការពិបាក​ប្រសិន​បើ​មន្ត្រី​មិនទាន់​មាន​សមត្ថភាព​ពេញលេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រតិបត្តិករ​នៃ​ល្បែងស៊ីសង​ដែល​មិនអាច​គ្រប់គ្រង​បាន ការលាង​លុយ និង​ការផ្ទេរ​ហិរញ្ញវត្ថុ​អន្តរជាតិ អាច​បង្កើត​បាន​ជា​រដ្ឋ​ដ៏​មាន​អំណាច​មួយ​នៅក្នុង​កម្ពុជា​រដ្ឋ​»៕

រាយការណ៍​បន្ថែម​ដោយ ហ៊ីន ពិសី