ព្រះសីហនុ: រដ្ឋាភិបាលបានដាក់កំហិតឲ្យក្រុមហ៊ុន ជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ ដែលនាំចូលសំរាមចំនួន ៨៣ ទូកុងតឺន័រ មកដាក់នៅក្នុងកំពង់ផែក្រុងព្រះសីហនុឲ្យដឹកចេញទៅសហរដ្ឋអាមេរិក និងកាណាដាវិញ ឲ្យអស់នៅមុនថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ថែមទាំងតម្រូវឲ្យក្រុមហ៊ុននេះ បង់ប្រាក់ពិន័យចូលថវិកាជាតិចំនួនជាង ១ ពាន់លានរៀល។
ក្នុងសន្និសីទសារព័ត៌មាន នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃអង្គារម្សិលមិញ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងថា ក្រុមហ៊ុនជុងយៀនប្លាស្ទិក មេនូហ្វេកឈ័រ (Chungyuen Plastic Manufacture co., Ltd) គឺជាអ្នកនាំចូលកាកសំណល់ប្លាស្ទិកចំនួន ៨៣ ទូកុងតឺន័រដែលមានទម្ងន់ ១ ៥៦២ តោន មកកម្ពុជាសរុបចំនួន ២៧ លើក ចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ និងខែមករា ឆ្នាំ ២០១៩ នេះ។
ក្នុងនោះមានទូកុងតឺន័រចំនួន ៧០ ទូទម្ងន់ ១ ៣២២ តោន ត្រូវបាននាំចូលពីសហរដ្ឋអាមេរិក និងកុងតឺន័រ ១៣ ទូផ្សេងទៀត ទម្ងន់ ២៧០ តោន នាំចូលពីកាណាដា។ មុននឹងនាំចូលមកដល់កម្ពុជាកុងតឺន័រទាំងនោះត្រូវបានឆ្លងកាត់កំពង់ផែសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។
លោក គុណ ញឹម បញ្ជាក់ថា៖ «តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានបានបញ្ជាក់ថា កាកសំណល់ប្លាស្ទិកនោះ មិនមានផ្ទុកសារធាតុគ្រោះថ្នាក់ផ្សេងៗឡើយ។ ចំពោះទោសទណ្ឌលើម្ចាស់ក្រុមហ៊ុនតាមផ្លូវតុលាការ ខ្ញុំមិនទាន់អាចជម្រាបបានទេ ព្រោះបន្ទុកដែលយើងបានដាក់នេះ គឺដូចខ្ញុំបានប្រាប់អ៊ីចឹងថា យើងដាក់ពិន័យជាប្រាក់តាមច្បាប់រដ្ឋបាល»។
លោកបន្ថែមថា ក្រុមហ៊ុននេះ មិនមានបុគ្គលិកជាជនជាតិចិនទេ ហើយជនជាតិចិនក៏មិនមានភាគហ៊ុននៅក្នុងនោះដែរ ដោយក្រុមហ៊ុនបានជួលអគារមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដើម្បីធ្វើជាការិយាល័យ។
ក្រុមហ៊ុននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់ ខណៈក្រុមហ៊ុនកំពុងសាងសង់អគារផ្ទាល់ខ្លួនមួយផងដែរ។ លោក គុណ ញឹម បានថ្លែងទៀតថា ចាប់ពីពេលនេះទៅសមត្ថកិច្ចគយនឹងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់បទល្មើសបែបនេះបន្តទៅទៀត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រុមហ៊ុននេះមានប្រធានជាជនជាតិខ្មែរឈ្មោះ សួន ឡុក និងត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨។
ការដឹកជញ្ជូននេះ គឺជាបទល្មើសផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា ច្បាប់ស្តីពីគយ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងអនុក្រឹត្យលេខ ៣៦ និង ២០៩។ លោកបន្តថា យោងតាមបទប្បញ្ញត្តិពីទោសទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន និងតាមអនុសញ្ញាបាសែលស្តីពីការចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន រដ្ឋាភិបាលកម្ពុជាបានសម្រេចចាត់ វិធានការលើក្រុមហ៊ុន ជុងយៀនប្លាស្ទិក ទៅតាមច្បាប់។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនត្រូវនាំចេញទំនិញកាកសំណល់ប្លាស្ទិកទាំង ៨៣ ទូកុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ ត្រូវពិន័យរដ្ឋបាលជាប្រាក់ ១ ០៣៧ ៥០០ ០០០ រៀល ចូលថវិកាជាតិ និងក្រុមហ៊ុន ជុងយៀន ប្លាស្ទិក ត្រូវដឹកទំនិញទៅវិញ និងបង់ពិន័យនេះឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ជាកំហិត។ ក្នុងករណីដែលក្រុមហ៊ុននេះ ខកខានក្នុងការអនុវត្ត យើងនឹងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីជំរុញឲ្យក្រុមហ៊ុនត្រូវតែដឹកឲ្យលឿនតាមដែលអាចធ្វើទៅបាន»។
លោក ភក្ត្រា បន្ថែមថា សំរាមទាំងនេះជាប្រភេទប្លាស្ទិកដែលអាចកែច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងទៀតបាន ប៉ុន្ដែជាគោលការណ៍ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការនាំចូលសំរាមប្លាស្ទិកពីបរទេសមកកែច្នៃទេ ដោយរដ្ឋាភិបាលលើកទឹកចិត្តឲ្យក្រុមហ៊ុនវិនិយោគប្រមូលសំរាមក្នុងស្រុកមកកែច្នៃវិញ។
ប្រធានក្រុមហ៊ុន ជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ ឈ្មោះ សួន ឡុក មិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុបានថ្លែងថា លោកស្រីគាំទ្រចំពោះចំណាត់ការនេះ ប៉ុន្ដែអាជ្ញាធរគួរតម្រូវឲ្យអ្នកនាំចូលនោះត្រូវទទួលខុសត្រូវតាមផ្លូវតុលាការមួយទៀត ដើម្បីព្រមានម្ចាស់ក្រុមហ៊ុនផ្សេងៗទៀត។
លោកស្រីបន្តថា លើសពីនេះ មន្ត្រីទទួលខុសត្រូវត្រួតពិនិត្យដែលបំពេញការងារមានការខ្វះចន្លោះនោះក៏ត្រូវដាក់ពិន័យជាលក្ខណ:រដ្ឋបាលដែរ «ពីព្រោះរឿងហេតុវាកើតឡើងនេះ គឺជាការធ្វើការរួមគ្នាទទួលខុសត្រូវ គឺមានភាគីក្រុមហ៊ុន និងមន្ត្រី ហើយបើរកឃើញកំហុស មានខុសតែក្រុមហ៊ុន ក៏មិនទាន់គ្រប់គ្រាន់ដែរគឺមន្ត្រីពាក់ព័ន្ធក៏ត្រូវតែទទួលខុសត្រូវដែរ»។
លោកស្រី Jenn Gearey អ្នកនាំពាក្យក្រសួងបរិស្ថាន និងប្រែប្រួលអាកាសធាតុនៃប្រទេសកាណាដា មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។ ប៉ុន្ដែលោកស្រីបានថ្លែងតាមសារអេឡិចត្រូនិក កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកាណាដា បានដឹងពីក្តីកង្វល់ដែលលើកឡើងដោយរដ្ឋាភិបាលកម្ពុជា ហើយក៏បានជួយតាមរយៈស្ថានទូតកាណាដានៅភ្នំពេញ ដើម្បីស្រាវជ្រាវរកព័ត៌មានលម្អិតជុំវិញបញ្ហានេះ។
លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលកាណាដាយកចិត្តទុកដាក់ក្នុងការកាត់បន្ថយសំរាមប្លាស្ទិក និងគាំទ្រដល់ការបង្កើតបច្ចេកទេសថ្មី ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោកស្រីថា៖ «រដ្ឋាភិបាលកាណាដាក៏បានចំណាយលុយ ១០០ លានដុល្លារ សម្រាប់ជួយដល់ប្រទេសផ្សេងៗក្នុងការកែច្នៃសំរាមសម្រាប់ប្រើប្រាស់ឡើងវិញចៀសវាងការកប់ក្នុងដី ចោលក្នុងសមុទ្រ ទន្លេ ឬបឹងដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រ ចំនួន ៨៣ ដែលគេដាក់តម្រៀបនៅក្នុងកំពង់ផែក្រុងព្រះសីហនុ ដើម្បីពិនិត្យជាក់ស្ដែង។ នៅពេលធ្វើការពិនិត្យទូកុងតឺន័រទាំងនោះ ក៏រកឃើញសុទ្ធតែសំរាមដែលមានទម្ងន់ប្រមាណជិត ១ ៦០០ តោន៕