ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី​ ៦០ ​ម៉ឺន​រៀល ទៅ​ ៦៥ ​ម៉ឺន​រៀល ក្នុង​ ១ ​ខែ​ដោយ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា​ឆ្នាំ​ ២០១៩ ខណៈ​ប្រាក់​ខែ​មន្ត្រី​រាជការ​ទូទៅ​ក៏​ត្រូវ​ដំឡើង​ផង​ដែរ។ នេះ​បើ​តាម​អនុ​ក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ចុះ​ថ្ងៃទី​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៨​​។

ការ​ដំឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​ប្រជាជន​បាន​និង​កំពុង​រៀបចំ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជា​ប្រធាន​គណបក្ស​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ដែល​ត្រូវ​ធ្វើ​ឡើង​រយៈ​ពេល​ ៣ ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​ ១៨ ​ដល់​ថ្ងៃ​ ២០ ​ខែ​ធ្នូ​ ដោយ​មាន​ការ​ចូល​រួម​ពី​សមា​ជិក​ប្រមាណ​ ៣ ១៥០ ​នាក់​ ជា​សន្និ​បាត​ដែល​នឹង​ពិនិត្យ​វាយ​តម្លៃ​អំពី​សភាព​ការណ៍​ទូទៅ​អំពី​ការ​ដក​ពិសោធ​ការងារ​កន្លង​មក និង​ការ​កំណត់​ទិសដៅ​ និង​វិធាន​ការ​នានា​ដែល​ត្រូវ​អនុវត្ត​ពេល​ខាង​មុខ​។

អនុ​ក្រឹត្យ​នេះ​បាន​បញ្ជាក់​ថា៖ ​«រាជ​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី​ ៦០០ ០០០ រៀល ទៅ ៦៥០ ០០០ រៀល។ ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ដូច​កំណត់​ខាង​លើ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែមករា ​ឆ្នាំ​ ២០១៩​ត​ទៅ។

អនុក្រឹត្យ​ដដែល​បាន​បន្ថែម​ថា​ ការ​ដំឡើង​ប្រាក់​កម្រៃ​នេះ គឺ​សម្រាប់​មន្ត្រី​ជាប់​កិច្ច​សន្យា​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​អនុ​លោម​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុ​ក្រឹត្យ​លេខ ២៦ អន​ក្រ.បក ចុះ​ថ្ងៃ​ទី​ ១០​ ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ​ស្តីពី​ការ​គ្រប់គ្រង​ និង​ការ​ប្រើប្រាស់​មន្ត្រី​ជាប់​កិច្ច​សន្យា​។

កាល​ពី​ថ្ងៃ​ទី ៥ មករា ​ឆ្នាំ​ ២០​១​៨​ កន្លង​ទៅ រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី ៥០ ម៉ឺន​រៀល​ទៅ ៦០ ម៉ឺនរៀល ក្នុង​ ១ ខែ។

លោក​ ពេជ្រ​ ប៊ុន​ធិន​ រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធា​រណៈ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ ជា​រៀង​រាល់​ឆ្នាំ​រាជ​រដ្ឋាភិបាល​តែង​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ ខណៈ​មន្ត្រី​រាជ​ការ​ទូទៅ​ក៏​ដំឡើង​ផង​ដែរ​។

យ៉ាង​ណា​ក៏​ដោយ ​ចំពោះ​ចំនួន​មន្ត្រី​ជាប់​កិច្ច​សន្យា ដែល​កំពុង​បម្រើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​នៅ​ទូទាំង​ប្រទេស​នោះ ​លោក​ ពេជ្រ ប៊ុនធិន​ ថា​ លោក​មិន​អាច​ប្រាប់​នៅ​ពេល​នេះ​បាន​ទេ ដោយ​សារ​ឯកសារ​ទាំង​នោះ​មិន​នៅ​ជាប់​នឹង​ខ្លួន​របស់​លោក​ ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​នៅ​នឹង​កន្លែង​ទេ​ ដូច្នេះ​ខ្ញុំ​អត់​មាន​ឯកសារ​មើល​ថា​មាន​ប៉ុន្មាន​នាក់​ទេ ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​មន្ត្រី​ជាប់​កិច្ច​សន្យា​ម្នាក់​នៅ​ខែ​ ១ [មករា] បើក​បាន ៦៥ ម៉ឺន​រៀល ហើយ​មួយ​ស្រុក​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន​ខ្ញុំ​អត់​ដឹង​ទេ»៕