ភ្នំពេញៈ ប្រទេស​ កម្ពុជា​ បាន​ទទួល​ស្គាល់​អគ្គរដ្ឋ​ទូតថ្មី​របស់​សហភាព​អឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា​ គឺលោកស្រី Spaniard Carmen Moreno ដែល​នឹង​មក​ជំនួស​​លោក George Edgar ដែល​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ខែកញ្ញា​ខាង​មុខ​ខណៈ​ដែល​ប្លុ​ក​ ២៨ ​ប្រទេស​នេះ​កំពុង​ដំណើរការ​នីតិវិធី​ព្យួរ​ EBA។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្ដិការ​អន្តរជាតិ​ បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា​៖ «រដ្ឋាភិបាល​​ បាន​ឯកភាព​ហើយផ្តល់​ការឯកភាពទទួល​បេក្ខ​ភាព​លោកស្រី (Spaniard Carmen Moreno) ជា​ទូតថ្មី​របស់ EU ប្រចាំ​នៅ​កម្ពុជា»។

លោកស្រី Carmen More​no ដែល​ជា​ជនជាតិ​អេស្ប៉ាញ បច្ចុ​​ប្ប​ន្ន គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់នៃ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប ហៅ​កាត់​ថា​ ASEM និង​ជា​តំណា​ង​ពិសេស នៃ​ក្រសួង​ការ​បរទេស​អេស្ប៉ា​ញ ​ប្រចាំ​ប្រទេស​អាហ្វ​ហ្គានីស្ថាន និង​ប៉ាគី​ស្ថាន។ លោកស្រី​គឺ​ជា​អតីត​ឯក​​អគ្គរដ្ឋ​​​ទូតនៃ​ប្រទេស ​អេស្ប៉ាញ​​​ ប្រចាំ​​ថៃ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា​ផងដែរ កាល​ពី​ឆ្នាំ ២០១២។

លោក George Edgar បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​រយៈ​សារ​អេឡិច​ត្រូនិក​កាល​ពីម្សិល​មិញ​ថា កាល​បរិច្ឆេទច្បាស់​លា​ស់​សម្រាប់​ការ​មក​ដល់​របស់​លោ​ក​​ស្រី Carmen Moreno គឺ​មិន​ទាន់​កំណត់​នៅឡើយ​ ប៉ុន្តែ​លោ​ក​សង្ឃឹម​ថា លោក​ស្រីនឹង​មក​ដល់​នៅ​ចន្លោះ​ដើម និង​ពាក់​កណ្តាល​ខែ​កញ្ញា​ខាងមុខ។

ការ​ផ្លាស់ប្តូរអគ្គ​រដ្ឋទូតថ្មី​​រប​ស់​ EU នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ EU បាន​​ចាប់​ផ្តើម​នីតិវិធី​ជា​ផ្លូវ​ការ​​ សម្រាប់​ការ​ព្យួរ ​EBA ​ពី​កម្ពុជា​កាល​ពី​ខែ​​កុម្ភៈ។ កាល​ពី​ខែ​មិថុនាក្រុម​បេស​កកម្ម​ស្វែ​​ង​​រក​ការ​ពិត​​របស់​សហ​​​​ភា​ព​អឺរ៉ុប​បាន​​​មក​ទស្សនកិច្ច​កម្ពុជា​​។ ​

ពួក​គេ​នឹង​ធ្វើ​របាយ​ការណ៍​​ស្តីពី​លទ្ធ​​ផល​ស៊ើប​អង្កេ​ត​​របស់​ពួក​គេ​​ នៅ​ពាក់​កណ្តាល​ខែ​​សីហា។ ​ប៉ុន្តែ​​សេចក្តី​សម្រេច​ចុង​ក្រោយ ​​នឹង​ធ្វើ​ឡើង​​នៅ​​​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ។

​សហភាព​អឺរ៉ុបបាន​ថ្លែង​ថា បេសកកម្ម​កាល​ពី​ខែ​មិថុនា ​បា​ន​​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​សំខាន់​មួយ​ចំនួន​​ក្នុង​ចំណោម​​ក្តី​បារម្ភ​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​រួម​​មាន​​ការ​រំលោភ​បំពា​ន​​សិទ្ធិ​នយោ​​បាយ​សេរី​ភាព​នៃ​ការ​បញ្ចេញ​​​មតិ​​និង​សេរី​ភាព​សមា​​​​គម ​សិទ្ធិ​រៀប​ចំ​​ និង​ចរចា​រួម​ ​ការ​រំលោភ​យក​ដី​ធ្លី ​​ដែល​បង្ក​ឡើង​ដោយ​​សម្បទាន​​ដី​សេដ្ឋកិច្ច​ ​ជាពិសេស​​នៅ​ក្នុង​វិស័យ​ស្ករស។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋា​ភិបាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា លោក​មិន​ទាន់​ដឹងពី​គោល​នយោ​បាយ​​របស់​លោកស្រី​ Carmen Moreno យ៉ាង​ណា​នោះ​ទេ ដោយ​សារ​លោកស្រី​គឺជាអគ្គរដ្ឋ​ទូត​ថ្មី​​។ តែលោក​ជឿជាក់​ថា​ លោកស្រី​នឹង​ធ្វើកិច្ចការ​ក្នុង​ន័យសហ​ប្រតិ​​បត្តិការទៅវិញទៅមក ​ដើម្បី​ពង្រឹ​ង​ទំនាក់​ទំនង​​ឲ្យ​កាន់​តែ​ល្អថែម​ទៀ​ត​​រវាង​កម្ពុជា និង EU។

លោក មាស នី អ្នក​សិក្សា​ពី​បញ្ហា​សង្គម​​ថ្លែង​​​ថា តាម​ដែល​លោក​ទទួល​ព័ត៌មាន​ពី EU នេះ​​គឺជា​ការ​ផ្លាស់​ប្តូរ​តំណែង​ជាទៀ​ង​​ទាត់​ធម្មតា​នៃអាណត្តិរបស់អគ្គ​​រដ្ឋ​ទូត​ EU។ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ឋានៈ​ជា​អគ្គរដ្ឋ​ទូត​ ​សម្រាប់ E​U ដូចជា​មិន​មាន​ឥទ្ធិពល​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរទៅដល់​ដំណើរ​ការ​នៃ​ការ​សម្រេចចិត្ត​របស់​ EU (លើ EBA) នៅ​ការិ​យា​​ល័យ​ធំ​របស់គេទេ ព្រោះ​អីនៅ​ក្នុង​ EU យើង​ដឹង​ស្រាប់​ហើយ​ថា​ មាន​សមាជិក​ដល់​ទៅ​ ២៨ ប្រទេស ហើយ​ទម្រាំតែមាន​ការ​សម្រេច​អ្វី​មួយ​នោះ វា​ទាមទារ​ ត្រូវការ​ឱ្យ​មាន​ដំណើរ​ការ​​​នីតិវិធី​របស់គេ ​ស្មុគស្មាញ ហើយ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន»៕