ភ្នំពេញៈ ក្រសួង​ពាក់​ព័ន្ធ​ និង​អ្នក​វិភាគ​បាន​សម្តែង​ការ​សោក​ស្តាយ និង​បាន​បង្ហាញ​​ពី​គោលនយោបាយ ​និង​ការយល់​ឃើញ​អំពី​ផល​ប៉ះ​ពាល់​ និង​ចំណាត់​ការ​នានា ​​ដែល​អាច​កើត​មាន ​ក្រោយ​ពេល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ អាចត្រូវ​​ផ្អាក​សម្រាប់​ប្រទេស​កម្ពុជា​​នៅក្នុង​រយៈ​ពេល​ ១៨ ​ខែ​ខាង​មុខ។

សហភាព​អឺរ៉ុប​បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​ការ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នីតិវិធី​ផ្អាក​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ» EBA សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ហេតុ​ផលថា​មាន «ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ និង​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​»​ នៅ​កម្ពុជា។

ក្រសួង​ការបរទេស​​​ កាល​ពី​ថ្ងៃ​អង្គារ​ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​​របស់សហ​​ភាព​អឺរ៉ុប​នេះ​ ខណៈ​ដែល​​​ក្រសួង​ពា​​ណិជ្ជកម្ម​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ដើ​ម្បី​កុំ​ឲ្យ​សាធារណជន​យល់​ច្រឡំ។ ក្រសួង​ទាំង​ ២​ បាន​បង្ហាញ​ជំហរ​របស់​កម្ពុជា ក៏​ដូច​ជា​កិច្ច​ការ​ដែល​ខ្លួន​នឹង​ធ្វើ​នា​ពេល​ខាងមុខ។

ដោយ​បញ្ជាក់​ពី​ការ​សោក​ស្តាយ​ លើ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​អស់​រយៈ​ពេល​ ២ ​ទសវត្សរ៍​មក ក្រសួង​ការ​បរទេស​​ថ្លែង​ថា​៖ «ពិត​ណា​ស់​កម្ពុជា​ដឹង​ច្បាស់​ថា សេចក្តី​សម្រេច​ចិត្ត​​នេះ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ស្នងការ​ ២ ​រូប​របស់​គណៈ​កម្មការ​អឺរ៉ុប ដោយ​គ្មាន​ពិចារណា​លើ​ជោគ​វាសនា​របស់​កម្មការិនី​កម្ពុជា​ជិត ១ លាន​​នាក់​នោះទេ ហើយ​ក៏​​មិន​បាន​គិត​គូរ​ដល់​ផល​ប្រយោជន៍​នៃ​បណ្ដា​សមាគម​​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា និង​ទំនាក់​ទំនង​​ទ្វេភាគី​ដ៏​ល្អ​ប្រសើរ​នា​ទសវត្សរ៍​កន្លង​មក​រវាង​កម្ពុជា​ និង​បណ្ដា​សមាជិក​សំខាន់ៗ របស់​សហភាព​អឺរ៉ុប»។

ទោះយ៉ាង​ណា​ ក្រសួង​បញ្ជាក់​ថា​ កម្ពុជា​នឹង​បន្ត​ធ្វើការ​ដោយ​ស្មោះ​ត្រង់​ ជាមួយ​នឹង​បណ្ដា​ប្រទេស​ទាំង​នោះ​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបតិ្តការ ​និង​ភាព​ជាដៃ​គូ​ដែលគោរព​គ្នា​ទៅវិញ​ទៅមក។ ​ប៉ុន្តែ​ក្រសួង​ប្រកាន់​ជំហរ​ច្បា​ស់​ថា កម្ពុជា «ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ផង​ដែរ​ក្នុង​ការ​ការពារ​សន្តិភាព ស្ថិរភាព ឯករាជភាព និង​អធិប​តេយ្យ​ភាព​ជាតិ​ របស់​យើង​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖​ «យើង​នឹង​នៅ​តែបន្ត​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​សង្គម ​សេដ្ឋកិច្ច​​បន្ទាន់​ទាំងឡាយ​ ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ប្រជាជន​យើង​ ជា​ពិសេស​គឺ​ពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​វិស័យ​នានា​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​​សារ​សេចក្តី​សម្រេច​នេះ»។

ចំណែក​ក្រសួង​ពាណិជ្ជកម្ម​វិញ បាន​ពន្យល់​ពី​នីតិវិធី​នៃ​ដំណើរ​ការ​ផ្អាក​​ EBA ដើម្បី​កុំ​ឲ្យ​សាធា​រណ​ជន​យល់​ច្រឡំ ដោយ​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​បាត់បង់​ EBA នេះទេ គឺ​សហភាព​អឺរ៉ុប​ គ្រាន់​តែសម្រេច​ស៊ើប​អង្កេត​ប៉ុណ្ណោះ។ ការ​សម្រេច​នឹង​មាន​ក្នុង​រយៈ​ពេល​ ១២ ​ខែ​ ប៉ុន្តែ​ការ​យក​ពន្ធ​ ប្រសិន​បើ​ EBA ត្រូវ​បាន​ដកនឹង​ចាប់​ផ្ដើម​អនុវត្ត​ ១៨​ ខែ​ គិត​ចាប់​ពី​ថ្ងៃ​ ១២ កុម្ភៈ​ ឆ្នាំ ២០១៩។

ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ចំណាត់​ការ​នានាដើម្បី​បង្ការ​ដល់​បច្ច័យ​ជា​អវិជ្ជមាន ដែល​អាច​​កើត​មាន ដោយ​និយាយ​ថា ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ បាន​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ ដែល​បាន​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ ការ​ដឹក​ជញ្ជូន​ និង​លើក​ស្ទួយ​អត្ថ​ប្រយោជន៍ ផ្នែក​សង្គម​ និង​សេដ្ឋកិច្ច​ដល់កម្មករ​កម្មការិនី និង​កសិករ ព្រម​ទាំង​ប្រជាជន​កម្ពុជា​គ្រប់​រូប។

ក្រសួង​បញ្ជាក់​ថា៖ «ក្រសួង​ពាណិជ្ជកម្ម​បាន​លុប​ចោល​នូវ​ការ​យក​កម្រៃ​សម្រាប់​គ្រប់​គ្រង​ការនាំចេញ មិន​តម្រូវ​ឲ្យ​បង់​កម្រៃ​ និង​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ និង​បាន​រំកិល​ទីតាំង​ឈរ​ជើង​របស់​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល ដែល​កិច្ច​​ការ​ទាំង​អស់​នេះ​តម្រូវ​ឲ្យ​រដ្ឋ​ទទួល​បន្ទុក​ពី​ការ​ខាត​បង់​ចំណូល​រាប់​សិប​លាន​ដុល្លារ​អាមេរិក​ ក្នុង​ ១ ​ឆ្នាំ»។

ក្រសួង​បន្ត​ថា​ តាម​ការ​ណែ​នាំ​​របស់​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា​ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ នៃ​ផលិត​ផល​កម្ពុជា និង​ពង្រឹង​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច។

លោក ឃុន ប៊ុននី អ្នក​វិភាគ​សេដ្ឋកិច្ច​ និង​នយោបាយ ​យល់​ឃើញ​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ត្រៀម​ទុក​មុន​​ខ្លះ​ហើយ។ ប្រសិន​បើ​ EBA ត្រូវ​បាន​ដក​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នោះ មាន​ន័យ​ថា​ សហភាព​អឺរ៉ុប​សម្លាប់​បក្ស​ប្រឆាំង​នៅ​កម្ពុជា ជា​ពិសេស​​លោក​ សម រង្ស៊ី។ លោក​បន្ត​ថា គ្រោះ​ថ្នាក់​ អាច​កើត​មាន​ដល់​​លោក សម រង្ស៊ី ដោយ​សារ​តែ​ពលរដ្ឋ​អាច​នឹង​កាត់​ទោស​លោក​ដោយ​ចោទ​ថា​ បាន​ធ្វើ​ឲ្យ​ខាត​ដល់​ប្រយោជន៍​ជាតិ។

លើស​ពី​នេះទៀត លោក ប៊ុននី យល់​ថា រដ្ឋាភិបាល​ អាច​នឹង​មាន​វិធានការ​តឹង​រ៉ឹង​ជាង​មុន​ដល់​ក្រុម​សង្គម​ស៊ីវិល ឬ​បក្ស​នយោបាយ​ប្រឆាំង​ណា​ដែល «ធ្វើ​វិទ្ធង្សនា​ផ្នែក​សន្តិ​សុខ​ជាតិ​ នយោ​​បាយ និង​សេដ្ឋ​កិច្ច​ ដើម្បី​ធានា​បាន​នូវ​សេដ្ឋ​កិច្ច​ និង​នយោបាយ​រឹង​មាំ​ សុខ​សន្តិភាព​ ដែល​គ្មាន​ការ​គំរាម​កំហែង​ និង​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព»។

លោក ខេន លូអគ្គលេខា​ធិការ​សមា​​​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅកាត់​ GMAC បាន​បញ្ជាក់​កាល​ពីម្សិលមិញ​ថា ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់​ដេរ​ ទៅ​កាន់ទីផ្សារ​អឺរ៉ុប​មាន​ទំហំ​ ៤៦​ ភាគ​​រយ ខណៈ​ដែល​ ៥៤ ភាគ​រយ​ទៀត​ នាំចេញ​ទៅ​ទីផ្សារ​ផ្សេង។

លោក​ថា ការ​នាំ​ចេញ​ប្រមាណ​ ២០ ភាគរយ​ អាច​ងាក​ទៅ​រក​ទីផ្សារ​ក្រៅ​សហភាព​អឺរ៉ុប។ កាល​​ពី​ថ្ងៃ​ចន្ទ សហភាព​អឺរ៉ុប​បញ្ជាក់ថា ទឹក​ប្រាក់​ប្រមាណ​ ៥,៤៣ ​ពាន់​លាន​ដុល្លារ​ នៃ​ការ​នាំ​ចូល​ទៅ​អឺរ៉ុប​ពីកម្ពុជា ​ស្ថិត​ក្នុង​ប្រព័ន្ធ​ EBA ខណៈ​ដែល​ការនាំ​ចូល​សរុប​​ មាន​ទំហំ​ទឹក​ប្រាក់​ប្រមា​ណ ៥,៥៥ ពាន់​លាន​ដុល្លារ។

លោក​ស្រី Kohe Hasan អ្នក​ជំនាញ​ផ្នែក​ទីផ្សារ ​ដែល​ទើប​ងើប​ឡើង​នៃ​ក្រុម​ហ៊ុន​ច្បាប់ Reed Smith មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​ថ្លែង​​តាម​អ៊ីមែល​កាល​ពី​ម្សិល​មិញ​ថា ការបាត់​បង់ EBA នឹង​មាន​ផល​អាក្រក់​ដល់​កម្ពុជា​ ជា​ពិសេស​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង។

លោក​ស្រី​បញ្ជាក់​ថា​៖ «វិស័យ​ទាំងនេះ​ ជា​បណ្ដុំ​នៃ​ការងារ ហើយ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ លើ​​ការ​អនុគ្រោះ​ពន្ធ EBA​ នេះ។​ បើ​សិន​ប្រព័ន្ធ​នេះត្រូវ​បាន​ដក​នោះ​ វា​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧០ ម៉ឺន​នាក់ ដែល​នឹង​បាត់​បង់​ការងារ»។

ទោះ​យ៉ាង​ណា លោក​ស្រី​ថ្លែង​ថា ​ដោយសារ​តែ​ EBA ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រទេស​ដែល​​មាន​ការ​អភិវឌ្ឍតិចតួច​នោះ ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ដក​ពី​កម្ពុជា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ដូច្នេះ​ការ​គំរាម​កំហែង​នៃ​ការ​ដក​ EBA នេះ​ នឹង​ជំរុញ​កម្ពុជា​ឲ្យ​ពន្លឿន​ការ​គិត​ទៅ​លើ​គោល​នយោបាយ​​ផ្នែក​ឧស្សាហកម្ម​ និង​រចនា​សម្ព័ន្ធ។

លោក​ស្រី​ថ្លែង​ថា៖​ «កម្ពុជា ​គួរ​តែ​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន។ ជា​ផ្នែក​មួយ​នៃ​អាស៊ាន កម្ពុជា​យ៉ាង​ហោច​ណាស់​គួរ​តែ​ផ្ដល់​អំណាច​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ដើម្បី​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ដែលមាន​ប្រជាជន​ ៦៣៥​ លាន​នាក់ ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ចំណោម​ប្រជាជន​វណ្ណៈ​កណ្ដាល»៕