ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក (WB) ពី​ម្សិលមិញ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំ​ឧត្តមសិក្សា និង​ការស្រាវជ្រាវ និង​ដើម្បី​ពង្រីក​ឱ្យ​កាន់តែ​ទូលាយ​ថែម​ទៀត​នូវ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ឧត្តមសិក្សា​សម្រាប់​សិស្ស​ក្រីក្រ​ដែល​មាន​តម្លៃ​ ៩០ ​លាន​ដុល្លារ​អាមេរិក​។

ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកស្រី​ថា​៖ «​វា​មាន​សារៈសំខាន់​ជា​សារវន្ត​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ វិនិយោគ​ទៅ​លើ​មូលធន​មនុស្ស​របស់​ខ្លួន និង​លើក​កម្ពស់​នូវ​ជំនាញ​យុវជន​ខ្មែរ ដែល​ពួកគេ​មាន​លទ្ធភាព​ប្រកួតប្រជែង​នៅក្នុង​បែបផែន​សេដ្ឋកិច្ច​នាពេល​អនាគត​បាន​។ ការបិទ​គម្លាត​នៃ​កង្វះខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​មាន​សារៈសំខាន់​ជា​សារវន្ត​ដែរ ដើម្បី​លើក​តម្កើង​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​​ឯកជន​»​។

លោកស្រី​បន្ថែម​ទៀត​ថា​៖ «​ការចុះ​ហត្ថលេខា​ក្នុង​ថ្ងៃ​នេះ​បង្ហាញ​ថា ធនាគារ​ពិភពលោក​នៅ​បន្ត​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​​ជាមួយ​ប្រទេស​កម្ពុជា​»​។

តាមរយៈ​គម្រោង HEICP ដែល​មាន​តម្លៃ​ទឹកប្រាក់ ៩០ ​លាន​ដុល្លារ​អាមេរិក ធនាគារ​ពិភពលោក​នឹង​ជួយ​ដល់​ការខិតខំ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​គម្រោង​ដែល​មាន​អាយុកាល​ ៦ ​ឆ្នាំ​នេះ​នឹង​ផ្តោត​ទៅ​លើ​ការកែលម្អ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ ព្រមទាំង​កម្មវិធី​សិក្សា​ផ្នែក​កសិកម្ម​ផង​ដែរ​ជាមួយ​នឹង​គោលដៅ​បំពាក់​ឱ្យ​និស្សិត​បញ្ចប់​ការសិក្សា​នូវ​ជំនាញ​ពាក់ព័ន្ធ​នឹង​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើ​អន្តរកម្ម​ពី​បែប​ផែន​សេដ្ឋកិច្ច​អតិពលកម្ម​ឱ្យ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​មួយ​ដែល​ជំរុញ​ទៅ​មុខ​ដោយ​ចំណេះដឹង​។

សកម្មភាព​ធំៗ​ទាំង​ ៥ ​របស់​គម្រោង​នេះ​រួម​មាន​៖ ការ​ផ្តល់​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​នៅ​តាម​ផ្នែក​មុខវិជ្ជា​អាទិភាព ការបង្កើន​ចំនួន​ថ្នាក់​រៀន និង​មន្ទីរពិសោធន៍​,​ការសង់​សយនដ្ឋាន​សម្រាប់​និស្សិត​ក្រីក្រ​ស្នាក់នៅ​ដូចជា​និស្សិត​មកពី​គ្រួសារ​ក្រីក្រ និង​មកពី​តំបន់​ដាច់ស្រយាល រួម​ទាំង​និស្សិត​ស្ត្រី​ផងដែរ​, ការពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព និង​ប្រព័ន្ធ​ព័ត៌មាន​, និង​ការសហការ​ជាមួយ​ដៃគូ​អន្តរជាតិ​ដើម្បី​កែលម្អ​កម្មវិធី និង​វិធីសាស្ត្រ​បង្រៀន​លើ​មុខវិជ្ជា​អាទិភាព​។

លោក បេង ស៊ីមេត មន្ត្រី​ជាន់ខ្ពស់​ឯកទេស​អប់រំ​នៃ​ធនាគារ​ពិភពលោក​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​នេះ​ផ្ដល់​អាទិភាព​ដល់​សាលា​រដ្ឋ​ចំនួន​ ៥ ​សហការ​ជាមួយ​ដៃគូ​សាកលវិទ្យាល័យ​ជាតិ​ និង​អន្តរជាតិ​ដែល​និស្យិត​កម្ពុជា​ចំនួន​ ១៦ ៣០០ ​នាក់​នឹង​បាន​ទទួល​ផលប្រយោជន៍​ពី​គម្រោង​នេះ​។

លោក ស៊ីមេត ថ្លែង​ថា​៖ «​នេះ​ជា​អាទិភាព​ និង​ជា​សំណើ​របស់​រាជរដ្ឋាភិបាល សិស្ស​បើ​អត់​ចេះ (​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ​) រៀន វិស្វកម្ម (engineering) មិន​បាន ចេះ​ទើប​ប្រើ​បច្ចេកវិទ្យា​បាន ដូចជា Drone ពី​មុនគេ​ប្រើ​នៅក្នុង​វិស័យ​យោធា តែ​ពេល​នេះ​គេ​ប្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ត្រូវការ​ធនធាន​មនុស្ស​»​។

លោក រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​​អត្ថាធិប្បាយ​បាន​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ​ទឹកប្រាក់​​ចំនួន ១១០ លាន​ដុល្លារ​អាមេរិក​ដែល​ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង កែលម្អ​លក្ខខណ្ឌ សុវត្ថិភាព និង​ភាពធន់​អាកាសធាតុ​របស់​ផ្លូវជាតិ​លេខ​ ៤​។ ផ្លូវជាតិ​មួយ​នេះ​កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក​ណាស់​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច និង​តំបន់​កសិកម្ម​សម្បូរបែប​ជាច្រើន​កន្លែង​។

ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្កើន​គុណភាព​បណ្តោយ​ផ្លូវ​ចម្ងាយ​ជាង​ ២០០ ​គីឡូម៉ែត្រ​ឱ្យ​ល្អ​ជាង​មុន​ និង​ការរៀបចំ​ធ្វើការ​កែលម្អ​ចិញ្ចើម​សង​ខាង​ផ្លូវ ដាក់លូ​បង្ហូរទឹក និង​ធ្វើ​ស្ពាន​តាម​រចនាប័ទ្ម​បែប​នវានុវត្តន៍ និង​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​។

គម្រោង​នេះ​ក៏​នឹង​ផ្តោត​ផង​ដែរ​ទៅលើ​ការបង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធំ​ដែល​មាន​ស្រាប់​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដឹក​លើស​ទម្ងន់​ដំឡើង​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត សញ្ញា​នាំ​ផ្លូវ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​បើកបរ​។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ថា ដោយ​បាន​ទទួលស្គាល់​នូវ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ រវាង​ធនាគារ​ពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ស្មារតី​យោគយល់​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​ទាំង​ ២ ​នេះ​បាន​ចេញ​ជា​ផ្លែផ្កា​។

លោក​បាន​ថ្លែង​ថា​៖ «​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឱ្យមាន​ជំនាញ​គឺ​សំខាន់​ណាស់​ក្នុង​ការឈាន​ទៅ​សម្រេច​គោលដៅ​ដូច​បាន​ប្រមើល​ទុក​នៅ​ក្រោម​ “​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥” របស់​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ទំនើប​ភាវូបនីយកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​ពី​ភាព​ជា​ឧស្សហកម្ម​មួយ​ដែល​ពឹង​ផ្អែក​លើ​ពលកម្ម​ឱ្យ​ទៅ​ជា​ឧស្សាហកម្ម​មួយ​ដែល​ពឹង​ផ្អែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​ ២០២៥»​។

គម្រោង​ទាំង​ ២ ​នេះ​ទទួល​ហិរញ្ញប្បទាន​តាមរយៈ​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ​ជាងគេ​។ ជំនួយ​ទាំង​នេះ​ជា​ឥណទាន​គ្មាន​ការប្រាក់​ដែល​មាន​អាយុ​សង​ឱ្យ​គ្រប់​វិញ​រយៈពេល ៣៨ ​ឆ្នាំ​រួម​មាន​ក្នុង​នោះ​រយៈពេល​អនុគ្រោះ​ ៦ ​ឆ្នាំ​ផង​៕