ភ្នំពេញៈ រដ្ឋាភិបាលនឹងកែសម្រួលការឈប់សម្រាកប្រចាំឆ្នាំជាផ្នែកមួយក្នុងកំណែទម្រង់ជាកញ្ចប់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសនៅថ្ងៃសុក្រស្អែកនេះ ខណៈដែលកម្ពុជាមានថ្ងៃឈប់សម្រាកប្រចាំឆ្នាំច្រើនរហូតដល់ ២៨ ថ្ងៃហើយប្រទេសមួយចំនួន គេឈប់សម្រាកតែ ១១ ថ្ងៃប៉ុណ្ណោះ។
នេះជាអ្វីដែលលោក ហ៊ុន សែន បានថ្លែង នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិតជិត ២ ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃពុធម្សិលមិញ។ លោកថ្លែងថា កម្ពុជា ជាប្រទេសក្រីក្រ ក៏ប៉ុន្តែការឈប់សម្រាកនៅប្រទេសនេះ មានចំនួនច្រើនជាងប្រទេសអ្នកមានផ្សេងទៀត។
លោកថ្លែងថា៖ «សិង្ហបុរី គេសម្រាកតែ ១១ ថ្ងៃទេ ក្នុងពេលដែលប្រទេសកម្ពុជា ២៨ ថ្ងៃ ទៅ ៣០ ថ្ងៃ។ អ៊ីចឹងប្រទេសយើងក្រ ប៉ុន្តែយើងឈប់សម្រាកច្រើនណាស់។ ដូច្នេះសុំការយោគយល់ អធ្យាស្រ័យ បើមិនអ៊ីចឹង អ្នករកស៊ីទាំងអស់រត់ចោលយើងទាំងអស់ ដោយសារតែម្ខាងឡើងប្រាក់ខែ ម្ខាងទៀតឈប់សម្រាកកាន់តែច្រើន។ អ៊ីចឹងទេឆ្នាំក្រោយអាចនឹងកាត់បន្ថយថ្ងៃសម្រាក»។
លោកពន្យល់ថា ចំនួនថ្ងៃសម្រាកនៅដដែល ប៉ុន្តែជាក់ស្ដែងអ្នកធ្វើការ មិនសម្រាកទេ ដោយយកថ្ងៃសម្រាកនោះ ទៅបូកជាមួយថ្ងៃសម្រាកសំខាន់ៗ ដូចជាបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឲ្យថ្ងៃសម្រាកនៃបុណ្យធំៗទាំង ២ នេះ មានរយៈពេលយូរជាងមុន។
លោកថា រដ្ឋាភិបាល នឹងយកបញ្ហានេះទៅពិភាក្សា ជាមួយនឹងវិស័យឯកជន។
លោកបញ្ជាក់ថា៖ «ប៉ុន្តែបញ្ហានេះគឺជាបញ្ហារសើបមួយ ដែលសុំការយោគយល់ទុកជាមុន បើមិនអ៊ីចឹងទេ អ្នករកស៊ីនៅប្រទេសរបស់យើង យើងគិតតែទារឡើងប្រាក់ខែ ជាមួយគ្នាទារថ្ងៃឈប់សម្រាកឲ្យបានកាន់តែច្រើន។ អ៊ីចឹងអ្នករកស៊ីនឹងចាកចេញពីយើង»។
ការកែប្រែលើការឈប់សម្រាកនេះ គឺជាផ្នែកតូចមួយ នៃកំណែទម្រង់ខ្នាតធំ ដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសនៅថ្ងៃសុក្រស្អែកនេះ ដែលជាវិធានការមួយ សម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា នៅខណៈពេលដែលសហភាពអឺរ៉ុប កំពុងដំណើរការដែលអាចឈានដល់ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោក ហ៊ុន សែន ថ្លែងថា លោកនឹងប្រើពេលរហូតដល់ ២ ម៉ោងកន្លះក្នុងការប្រកាសកញ្ចប់កំណែទម្រង់នៅថ្ងៃសុក្រស្អែកនេះ។
លោកថ្លែងថា៖ «យើងធ្វើនេះ ដោយមិនគិតថា មានភាពអនុគ្រោះ ឬអត់ភាពអនុគ្រោះគឺគិតតែពីកម្លាំងខ្លួនឯង ធ្វើឲ្យក្លាយទៅជាប្រទេសមានការអភិវឌ្ឍមួយ ដោយមិនគិតថា ខ្លួនមានភាពអនុគ្រោះពីអ្នកណាទាំងអស់។ ដើម្បីកុំឲ្យប្រទេសរបស់យើង ត្រូវទទួលរងការប្រមាថ ហើយកង្វល់របស់គេត្រូវចាប់បង្ខំឲ្យយើងជាអ្នកអនុវត្ត។ អត់ទេ!»។
លោកបន្តថា៖ «រដ្ឋាភិបាលខ្ញុំ មានកង្វល់ពីអីអ្នកឯងអត់យល់ទេ អ្នកឯងចាប់បង្ខំឲ្យយើងស្ដាប់អ្នកឯងពីកង្វល់របស់អ្នកឯង។ យើងអត់ទទួលបានទេអាហ្នឹង។ ដូច្នេះ មានតែវិធីដោះស្រាយបញ្ហា កាត់បន្ថយអ្វីដែលវាមិនចាំបាច់»។
លោកបានលើកជាឧទាហរណ៍សូម្បីតែស្កេនកុងតឺនឺរ ត្រូវធ្វើយ៉ាងណាឲ្យបានលឿនដើម្បីកុំឲ្យមានការកក ស្ទះ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម»។
លោក ហ៊ុន សែន កាលពីខែមុនបានប្រកាសធ្វើកំណែទម្រង់ខ្លះរួចមកហើយដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា ដែលក្នុងនោះមានការដកកាំកុងត្រូល និងកាំសាប និងការសម្រួលក្នុងការនាំចេញមួយចំនួន។
លោកថ្លែងថា បើសិនប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានគេកាត់នោះកម្ពុជានឹងធ្វើពាណិជ្ជកម្មដោយត្រូវបង់ពន្ធទៅវិញទៅមកហើយលោកនឹងឈប់ឮពាក្យបង្គាប់ឲ្យធ្វើនេះឬធ្វើនោះ។
លោកថា៖ «កុំឲ្យគេថា ណែអញឲ្យអានេះ ឯងធ្វើតាមអញ។ អាហែងមិនធ្វើតាមអញអញដកយក កុំឲ្យនិយាយអាភាសាហ្នឹងតទៅទៀត។ ខ្មែរកាលពីដើម មិនមែនត្រឹមតែគេ (ធ្វើ)ប៉ុណ្ណឹងទេណា ខ្មែរត្រូវគេហ៊ុមព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ចគ្រប់ច្រកទាំងអស់ តែខ្មែរអាចរស់បាន។ តែនោះគឺខ្មែរ ហ៊ុន សែន ដឹកនាំ ឥឡូវនៅតែខ្មែរ ហ៊ុន សែន ដឹកនាំដដែលទេ។ តែ ហ៊ុន សែន នឹងដឹកនាំសេដ្ឋកិច្ចនេះ ឲ្យរស់រវើកជាមួយនឹងកំណើនសេដ្ឋកិច្ចកន្លងទៅ ៧,៥ ភាគរយ។ រក្សានៅល្បឿនកំណើនសេដ្ឋកិច្ចរបស់យើង ជុំវិញ ៧ ភាគរយតទៅ ទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនិងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារថ្លែងថា លោកមិនមានព័ត៌មាន អំពីការប្ដូរថ្ងៃឈប់សម្រាកទេ។
លោក សុខ សុគន្ធ អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកថ្លែងថា កំណែទម្រង់បែបនេះជាការល្អសម្រាប់ការវិនិយោគនៅកម្ពុជា។
ប៉ុន្តែលោកថា នៅសហរដ្ឋអាមេរិកការទូទាត់សម្រាប់ថ្ងៃឈប់សម្រាកមានទម្រង់ផ្សេង។ «នៅសហរដ្ឋអាមេរិកថ្ងៃឈប់សម្រាក ដែលប្រកាសសម្រាប់រដ្ឋសហព័ន្ធទាំងអស់មិនតម្រូវឲ្យមានការបង់ប្រាក់កម្រៃទេ។ និយោជក់ អនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាក ប៉ុន្តែច្បាប់មិនតម្រូវឲ្យនិយោជក់ផ្ដល់ប្រាក់កម្រៃទេ»។
លោកថា បញ្ហាខុសគ្នាពីអាមេរិកគឺថា នៅកម្ពុជា និយោជិត មិនមានការឈប់សម្រាករយៈពេលវែង ឬ «វ៉ាកង» ទេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា ថ្ងៃសម្រាកខ្លះ គួរត្រូវបានកាត់ ប៉ុន្តែថ្ងៃសម្រាកខ្លះគួរត្រូវរក្សាទុកដដែល។ លោកថា លោកធ្លាប់នៅប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើជាងកម្ពុជាដូចជាសិង្ហបុរី និងហុងកុង ដែលនៅទីនោះ គេឈប់សម្រាកតែ ១ ថ្ងៃកន្លះប៉ុណ្ណោះក្នុង ១ សប្តាហ៍។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត់ថ្លែងថា កម្ពុជាមានថ្ងៃឈប់សម្រាកច្រើនពេក ប៉ុន្តែក៏មានថ្ងៃធ្វើការច្រើនដល់ទៅ ៦ ថ្ងៃ ឬស្មើនឹង ៤៨ ម៉ោងមួយសប្ដាហ៍។
លោកថា កម្ពុជាគួរតែធ្វើតាមការអនុវត្តជាអន្តរជាតិគឺកាត់បន្ថយថ្ងៃធ្វើការប្រចាំសប្ដាហ៍ មកត្រឹម ៥ ថ្ងៃ ឬស្មើ ៤០ ម៉ោង ហើយកាត់បន្ថយចំនួនថ្ងៃបុណ្យដោយទុកក្នុងចំនួនមួយសមរម្យ។ «ខ្ញុំគាំទ្រការមានវេនធ្វើការ បត់បែនបានគឺឲ្យនិយោជកនិងនិយោជិតសម្រេច ជាជាងការកំណត់ដោយរដ្ឋាភិបាល។ ឧទាហរណ៍មួយគឺបុណ្យចូលឆ្នាំចិន។ ជាទូទៅមនុស្សសម្រេចចិត្តថា គេចង់បានថ្ងៃឈប់ថ្ងៃណា ហើយទាំងនោះមិនមែនកំណត់ដោយរដ្ឋាភិបាលទេ»៕