ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ចំនួន ១៣ ក្រុម «តាម​វិស័យ​សម្រាប់​ធ្វើការ​ជា​ដៃគូ​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន» ជា​អ្វី​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​តម្រូវ​ការ​ចាំបាច់ ខណៈ​សង្គម​ស៊ីវិល​ក៏​យល់​ឃើញ​ស្រដៀង​គ្នា​ថា គួរ​ធ្វើ​ឡើង​ប្រសិន​បើ​មិន​មាន​ស្ថាប័ន​ជាក់លាក់ ។

យោងតាម​ឯកសារ​កម្រាស់ ១៣ ទំព័រ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​បង្កើត​ក្រុម​ការងារ​នេះ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា បាន​សម្រេច​បង្កើត «ក្រុម​ការងារ​តាម​វិស័យ​សម្រាប់​ធ្វើការ​ជា​ដៃគូ​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន» ដោយ «យោង​តាម​តម្រូវការ​ចាំបាច់​របស់​រាជ​រដ្ឋាភិបាល»។

ក្រុម​ងារ​ងារនីមួយៗ ក្នុងចំណោម​ទាំង ១៣ ក្រុម​នោះ ភាគច្រើន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​និង​មាន​សមាសភាព​ចំនួន​ជាង ២០ នាក់។ ឧទាហរណ៍​ក្រុម​ការងារ​ផ្នែក​កម្មន្តសាល​សហ​គ្រាស​ធុន​តូច​និង​មធ្យម និង​សេវា ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម។

ក្រុម​ការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាល​កិច្ច ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ក្រុម​ការងារ​ទាំង ១៣ មាន​លោក​សុក ចិន្ដា សោភា ជា​អនុ​ប្រធាន ខណៈ​លោក​ក៏​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ផង​នោះ។

ឯកសារ​សម្រេច​បង្កើត​ក្រុមការងារ​នេះ​មិនបាន​រៀបរាប់ពី​តួនាទី​របស់​ក្រុម​ការងារ​នីមួយៗ​ទេ។

ភ្នំពេញ​ប៉ុស្តិ៍​បាន​សុំ​ការពន្យល់ពី​លោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល ប៉ុន្តែ​លោក​ថ្លែង​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​បង្វែរ​ឲ្យ​សួរ​ទៅ​ប្រភព​ឯកសារ​ដែល​ទទួល​បាន។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​យល់ឃើញថា ការបង្កើត​ក្រុម​ការងារ​ឬ​គណៈ​កម្មការ គួរ​តែ​ធ្វើ​ឡើង​ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ស្ថាប័ន​ជាក់​លាក់​ដែល​មាន​អាណត្តិ​និង​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ពាក់ព័ន្ធ។​លោក​បន្តថា ជា​ញឹក​ញយ​បញ្ហា​របស់​កម្ពុជា​គឺ​ការ​មាន​អាណត្តិ (ភារកិច្ច) ជាន់​គ្នា​និង​កង្វះ​បន្ទាត់​នៃ​ការ​ទទួល​ខុស​ត្រូវ។

លោក​បាន​បញ្ជាក់ថា៖ «មនុស្សជាច្រើន​ទទួលខុសត្រូវ​សម្រាប់​រឿង​ដូចគ្នា ហើយ​តំណែង​ជាច្រើន​ត្រូវ​បាន​ផ្ដល់​ឲ្យ​មនុស្ស​ជាច្រើន។ ការ​ធ្វើ​សវនកម្ម (ការ​ពិនិត្យ) ទៅ​លើ​អាណត្តិ​របស់​ក្រសួង​នីមួយៗ​នឹង​អាច​ជួយ​ឲ្យ​ដំណើរការ​មាន​ប្រសិទ្ធភាព ហើយ​ជា​លទ្ធផល​នឹង​ធ្វើ​ឲ្យ​អភិបាល​កិច្ច​មាន​ប្រសិទ្ធភាព​និង​ផ្លែផ្កា»។

លោក Arnaud Darc នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Thalias Hospitality Group យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ពង្រឹង​យន្តការ​ដែល​មាន​ស្រាប់​ដោយ​បង្កើត​ការ​ជួបជុំ​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឲ្យ​បាន ២ ដង​ក្នុង ១ ឆ្នាំ ដូច​អ្វីដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​ថា​ការ​ធ្វើ​ដូច្នេះ​វា​ធ្វើ​ឲ្យ​របៀបវារៈ​មួយ​ចំនួន​ដំណើរការ​បាន​លឿន។

យោងតាម​ការប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពជា (GMAC) ដែល​ផ្សព្វផ្សាយ​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី ១៨ នៅ​វិមាន​សន្តិភាព។ វេទិកា​ជា​យន្តការ​សន្ទនា​ដ៏​មាន​ប្រសិទ្ធភាព​ដែល​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៩។

GMAC ថ្លែងថាតំណាងវិស័យឯកជន​ចំនួន ៣ នឹង​ថ្លែង​បទ​អន្តរាគមន៍​ទៅ​កាន់​វេទិកា​នេះ​ដោយលើក​ឡើង​នូវ​បញ្ហា និង​សំណើ​នានា​ទៅ​កាន់​រាជ​រដ្ឋាភិបាល​តាង​នាម​ឲ្យ​វិស័យ​ឯកជន៕