
ដីព្រៃនៅខេត្តកោះកុងដែលគេទន្ទ្រានយកកន្លងមក។ ហ្វេសប៊ុក
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិថ្មីមួយដើម្បីចាត់វិធានការលើករណីទន្ទ្រានព្រៃរដ្ឋយកដីធ្វើកម្មសិទ្ធិនៅតាមបណ្ដាខេត្តមួយចំនួន ដោយមានសមាសភាពសរុបចំនួន ១៣ រូបមកពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាន។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបង្កើតគណៈកម្មាធិការនេះដែលចុះហត្ថលេខាដោយ លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩ បានបង្ហាញថា ការបង្កើតគណៈកម្មាធិការនេះ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅតាមបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីសម្រេចដដែល បានបញ្ជាក់ថា គណៈកម្មាធិការនេះ មានតួនាទី និងភារកិច្ច រៀបចំ និងអនុវត្ដផែនការសកម្មភាពផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងដីព្រៃឈើគ្រប់ប្រភេទ។
ត្រូវពិនិត្យ និងស្រាវជ្រាវដល់មូលដ្ឋានដែលមានការកាប់រានដីព្រៃខុសច្បាប់ក្នុងគោល បំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬទុកធ្វើអាជីវកម្មបន្ដ។ ចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបឲ្យទាន់ពេលវេលានូវរាល់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើគ្រប់ប្រភេទ។
សេចក្ដីសម្រេចនេះបន្ថែមថា គណៈកម្មាធិការជាតិនេះក៏មានតួនាទីធ្វើសហប្រតិបត្ដិការជាមួយអង្គការអន្តរជាតិ និងសហគមន៍អ្នកផ្ដល់ជំនួយផងដែរដើម្បីជំរុញនិងគាំទ្រការងារនេះ។
ធ្វើរបាយការណ៍និងលើកអនុសាសន៍ជូនរាជរដ្ឋាភិបាលលើការអនុវត្ដផែនការសកម្មភាព។
បង្កើតយន្តការអនុវត្ដតាមខេត្ដនីមួយៗតាមការចាំបាច់នូវអនុគណៈកម្មាធិការមួយដែលមានអភិបាលនៃគណៈអភិបាលខេត្ដជាប្រធានដើម្បីបំពេញការងារអនុវត្ដភារកិច្ចនានាដែលគណៈកម្មាធិការជាតិផ្ដល់ឲ្យ។
សេចក្ដីសម្រេចនេះ បានបញ្ជាក់ថា សមាជិកគណៈកម្មាធិជាតិត្រូវចូលរួមទទួលខុសត្រូវក្នុងក្របខ័ណ្ឌសមត្ថកិច្ច ភារកិច្ចរបស់ខ្លួន និងត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានលើកឡើងថា ការបង្កើតគណៈកម្មាធិការបែបនេះ ធ្លាប់មានច្រើនមកហើយ ប៉ុន្ដែការអនុវត្ដកន្លងមកមិនឃើញមានប្រសិទ្ធភាពនោះទេ។
លោកថា៖ «ជាក់ស្តែងដូចជាតំបន់ព្រៃស្រោង ដែលជាតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានពលរដ្ឋ ឈ្មួញ អាជ្ញាធរសមគំនិតរៀបចំឯកសារក្លែងក្លាយចុះហត្ថលេខាដោយមន្រ្ដីមូលដ្ឋានពិត តែឯកសារក្លែងក្លាយត្រង់ថា ដីនោះជាដីព្រៃ ប៉ុន្ដែគាត់ទៅក្លែងឯកសារថា ជាដីចម្ការ។ អ៊ីចឹងបើការលក់ដីចម្ការ ជាការលក់ដីស្របច្បាប់ បើយើងពិនិត្យលើឯកសារ។ ប៉ុន្ដែពេលយើងចុះពិនិត្យជាក់ស្ដែងដីនោះជាដីព្រៃអភិរក្សតែម្ដង នេះហើយដែលហៅថាការក្លែងលិខិតសាធារណៈសមគំនិតដោយចេតនា លក់ដូរដីរដ្ឋខុសច្បាប់»។
លោក ជា ហ៊ាន បន្ដថា ករណីរំលោភដីធ្លីនេះ អាជ្ញាធរពាក់ព័ន្ធហាក់ដូចជានៅឆ្ងាយពីការត្រួតពិនិត្យ ប៉ុន្ដែលោកថា នៅសប្ដាហ៍ក្រោយលោកនឹងដាក់លិខិតមួយសុំអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដើម្បីចាត់ក្រុមការងារក្រសួងចុះត្រួតពិនិត្យទីតាំងដីដែលមានការរំលោភបំពាននេះ។
លោកថា៖ «ខ្ញុំគិតថាគណៈកម្មាធិការថ្មីនេះហាក់ដូចជាមិនមានប្រសិទ្ធភាពនោះទេ បន្តិចទៀតអាចនឹងមានការឆ្លើយដាក់គ្នា រវាងក្រសួងកសិកម្មនិងក្រសួងបរិស្ថាន ពីទីតាំងនៃការគ្រប់គ្រងដីព្រៃនៅតាមខេត្ដ»។
លោក ហ៊ាន បន្ថែមថា ជាក់ស្ដែងនៅថ្ងៃអង្គារនេះ (ម្សិលមិញ) នៅលើផ្ទៃដីមានវិវាទមួយទៀតក្នុងខេត្ដកំពង់ស្ពឺ ដែលគណៈអភិបាលខេត្ដបានចេញដីកាដកហូតដីនោះ ប៉ុន្ដែក្រុមជនខិលខូចបានជួលសហគមន៍ និងពលរដ្ឋដោយឲ្យកម្រៃតិចតួចដើម្បីទៅធ្វើឯកសារនៅសាលាស្រុកឱរ៉ាល់តាមរូបភាពជួល លក់ដី ឲ្យក្រុមហ៊ុនឯកជនដោយឲ្យផ្ដិតមេទទួលស្គាល់ ថា ជាដីចម្ការរបស់ពលរដ្ឋ ប៉ុន្ដែជាក់ស្ដែងជាដីព្រៃតំបន់អភិរក្សរបស់រដ្ឋ។
លោកបន្ដថា៖ «ការទប់ស្កាត់បញ្ហារំលោភដីព្រៃអភិរក្សរបស់រដ្ឋឲ្យមានប្រសិទ្ធភាពគឺទាល់តែថ្នាក់ដឹកនាំផ្ទាល់ចុះទៅត្រួតពិនិត្យជាក់ស្ដែងនៅទីតាំងរំលោភបំពានដោយចៀសវាង ការប្រើប្រាស់ជនក្រោមបង្គាប់ ដោយមិនបានត្រួតពិនិត្យ ព្រោះជនខិលខូចបានឃុបឃិតគ្នាតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ»៕