ភ្នំពេញៈ ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ជ្រើសរើស​វិទ្យាល័យ​ ហ៊ុន សែន ​ជម្ពូវ័ន ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភាគ​ខាងត្បូង​បន្ថែម​ធ្វើជា​កន្លែង​សម្រាប់​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស​។

ចាប់ពី​ថ្ងៃទី​ ២០ ​ឧសភា​​ មក រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​អនុវត្ត​វិធានការ​តម្រូវ​ឱ្យ​អ្នកដំណើរ​ពី​ក្រៅប្រទេស​ទាំងអស់​ បន្ទាប់ពី​មកដល់​ព្រលានយន្តហោះ​កម្ពុជា​ភ្លាមៗ​គឺ​ត្រូវបញ្ជូន​ទៅដល់​នៅ​កន្លែង​រង់ចាំ​ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​យក​សំណាក​ទៅធ្វើ​តេស្ដ​រក​ជំងឺ ​១៩ ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ មុន​​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រូវធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ ឬ​សណ្ឋាគារ ឬ​នៅ​កន្លែង​ដែល​កំណត់ដោយ​អាជ្ញាធរ​។

មុនពេល​បន្ថែម​ទីតាំង​ត្រួតពិនិត្យ​សុខភាព​នៅក្នុង​វិទ្យាល័យ​ ហ៊ុន សែន ​ជម្ពូវ័ន ដែលមាន​ចំនួន​ ២០០ ​គ្រែ​នេះ គឺ​កន្លងមក​អ្នកដំណើរ​ត្រឡប់​ពី​ក្រៅ​ប្រទេស ត្រូវបាន​គេ​បញ្ជូន​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​ និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​ដែល​ទីតាំង​មុន​ទាំង​ ២ នោះ​មាន​គ្រែ​ចំនួន​ ២០០ ​គ្រែ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ប្រាប់​សារព័ត៌មាន​ Fresh News នៅ​ថ្ងៃ​ម្សិលមិញ​ថា ការរៀបចំ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សម្រាប់​ទទួល​ពិនិត្យ​សុខភាព​នេះ​គឺ​ដើម្បី​ត្រៀម​ពិនិត្យ​សុខភាព​អ្នកដំណើរ​ចំនួន​ ៦ ​ជើងហោះហើរ​មកពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​ ៣ មិថុនា​នេះ​ដែល​អ្នកដំណើរ​មួយចំនួន​គឺ​ពលករ​ខ្មែរ​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

លោកស្រី​ថា​៖ «​ក្នុងនោះ​អ្នកដំណើរ​ជា​ជនជាតិខ្មែរ មិន​តម្រូវ​ឱ្យ​មាន​ការបង់ប្រាក់​ទេ ដោយឡែក​ជនបរទេស តម្រូវ​ឱ្យ​គាត់​បង់ថ្លៃ​ស្នាក់នៅ និង​ចំណាយ​ផ្សេងៗ​ពេល​បញ្ជូន​ពួកគាត់​ឱ្យ​ស្នាក់នៅ​ដាច់​ដោយឡែក​ក្នុង​សណ្ឋាគារ​»​។

មន្ត្រី​រូបនេះ​បញ្ជាក់​ទៀត​ថា ចាប់តាំងពី​ថ្ងៃទី​ ២០ ឧសភា គឺ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​មកពី​សហរដ្ឋ​អាមេរិក អ៊ីរ៉ង់ អេស្ប៉ាញ បារាំង និង​អ៊ីតាលី​អាច​ចូលមក​ទឹកដី​កម្ពុជា​វិញ គឺ​មាន​ទាំង​ជនបរទេស និង​ខ្មែរ​កើន​ជាង​ ២ ​ពាន់​នាក់​បាន​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​គិត​ត្រឹម​ថ្ងៃទី​ ២ មិថុនា​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍ មិនអាច​សុំ​បញ្ជាក់​បន្ថែម​ពី​លោកស្រី យក់ សម្បត្តិ បាន​ទេ​ដោយសារ​លោកស្រី​ថា ជាប់រវល់​ប្រជុំ ខណៈ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា លោកស្រី​គ្មាន​ព័ត៌មាន​ទាក់ទង់​នឹង​ដំណើរ​ទើប​វិលត្រឡប់​ពី​ក្រៅប្រទេស​នេះឡើយ​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​លើកឡើង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គឺ​ក្នុង​ ១ ​ថ្ងៃ​មាន​ជើងហោះហើរ​ពី​ ៦ ​ទៅ​ ៧ ​ជើង​បាន​ចូលមក​កាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​បញ្ជាក់ថា មិន​បាន​ចាំ​អំពី​ជាតិ​សាសន៍​ប៉ុន្មាន​ដែល​ធ្វើដំណើរ​តាម​ជើង​ហោះហើរ​ទាំងនោះ​ឡើយ​។

លោក​ថា​៖ «​បើ​ឱ្យ​បង​អង្គុយ​រាប់​ជនជាតិ​ហ្នឹង គឺ​ទាល់​យក​ប៊ិក​មក​អង្គុយ​រាប់​ម្ដង​មួយៗ​»​។

ក្រសួង​សុខាភិបាល​បានបញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នកដំណើរ​ជនបរទេស​ដែល​អនុញ្ញាត​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​គ្មាន​ជំងឺ​កូវីដ​១៩ ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​យ៉ាងតិច​ ៥ ​ម៉ឺន​ដុល្លារ ហើយ​រាល់​អ្នក​ដំណើរ​ទាំងអស់​គឺ​ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ ១៩ និង​រង់ចាំ​ទទួលលទ្ធផល​នៃ​ការធ្វើ​តេស្ដ​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​។

ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់ថា ប្រសិន​បើ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​បង្ហាញថា​មាន​អ្នកដំណើរ​ម្នាក់​ ឬ​ច្រើន​កើត​ជំងឺ​កូវីដ ១៩ គឺ​អ្នករួមដំណើរ​ទាំងអស់​ត្រូវបញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​ទីតាំង​ដែល​កំណត់​ដោយ​គណៈកម្មការ​អន្តរក្រសួង ហើយ​ប្រសិន​អ្នកដំណើរ​ទាំងអស់​ទទួល​បាន​លទ្ធផល​អវិជ្ជមាន គឺ​ត្រូវ​អនុញ្ញាត​ឱ្យធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​៕